ដានី‌យ៉ែល 7:9-17 Khmer Standard Version (KHSV)

9. «ពេល​នោះ ខ្ញុំ​នៅ​តែ​គន់​មើល​ត​ទៅ​ទៀត ឃើញ​គេ​យក​រាជ​បល្ល័ង្ក​ជា​ច្រើន​មក​តាំង ហើយ​ព្រះ‌ជាម្ចាស់​នៃ​ពេល​វេលា ដែល​មាន​ព្រះ‌ជន្មាយុ​យឺន‌យូរ គង់​នៅ​លើ​បល្ល័ង្ក​មួយ ទ្រង់​មាន​ព្រះ‌ភូសា​ពណ៌​ស​ដូច​កប្បាស ហើយ​ព្រះ‌កេសា​របស់​ព្រះ‌អង្គ​ស​ដូច​សំឡី។ បល្ល័ង្ក​របស់​ព្រះ‌អង្គ​ប្រៀប​បាន​នឹង​អណ្ដាត​ភ្លើង ហើយ​មាន​កង់​កំពុង​ឆេះ​សន្ធោ‌សន្ធៅ។

10. មាន​ទន្លេ​មួយ​ហូរ​សុទ្ធ​តែ​ភ្លើង ចេញ​ពី​មុខ​បល្ល័ង្ក។ មាន​មនុស្ស​រាប់​ម៉ឺន​រាប់​សែន​នាក់​គោរព​បម្រើ​ព្រះ‌អង្គ និង​រាប់​លាន​រាប់​កោដិ​នាក់​ទៀត​ឈរ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គ។ ពេល​នោះ ចៅ‌ក្រម​នាំ​គ្នា​អង្គុយ ហើយ​គេ​ក៏​បើក​ក្រាំង​ផ្សេងៗ។

11. ខ្ញុំ​ក្រឡេក​មើល​ទៅ ខ្ញុំ​បាន​ឮ​ស្នែង​តូច​នោះ​ពោល​ពាក្យ​យ៉ាង​ព្រហើន​កោង‌កាច។ ពេល​ខ្ញុំ​កំពុង​តែ​សម្លឹង​មើល ស្រាប់​តែ​សត្វ​ទី​បួន​នោះ​ត្រូវ​គេ​សម្លាប់ ហើយ​គេ​យក​ខ្មោច​ទៅ​ដុត​ចោល​ក្នុង​ភ្លើង។

12. រីឯ​សត្វ​ឯ​ទៀតៗ​ក៏​បាត់​បង់​អំណាច​គ្រប់‌គ្រង តែ​ពួក​វា​បាន​ទទួល​ការ​អនុញ្ញាត​ឲ្យ​រស់​ត​ទៅ​មុខ​ទៀត​រហូត​ដល់​ពេល​កំណត់។

13. ក្នុង​សុបិន​និមិត្ត​នៅ​ពេល​យប់​នោះ ខ្ញុំ​ឃើញ​មាន​ម្នាក់​ដូច​បុត្រ​មនុស្ស* មក​ជា​មួយ​ពពក​នៅ​លើ​ផ្ទៃ​មេឃ លោក​ចូល​ទៅ​ជិត​ព្រះ‌ជាម្ចាស់​នៃ​ពេល​វេលា ដែល​មាន​ព្រះ‌ជន្មាយុ​យឺន‌យូរ ហើយ​គេ​ក៏​នាំ​លោក​ទៅ​គាល់​ព្រះ‌អង្គ។

14. លោក​បាន​ទទួល​អំណាច​គ្រប់‌គ្រង​ព្រះ‌កិត្តិនាម ព្រម​ទាំង​រាជ​សម្បត្តិ​ផង។ ប្រជា‌ជន​ទាំង​អស់ ប្រជា‌ជាតិ​ទាំង​អស់ និង​មនុស្ស​គ្រប់​ភាសា នាំ​គ្នា​គោរព​បម្រើ​លោក អំណាច​គ្រប់‌គ្រង​របស់​លោក​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច​ឥត​សាប‌សូន្យ​ឡើយ។ រាជ​សម្បត្តិ​របស់​លោក​មិន​ត្រូវ​រលាយ​ដែរ។»

15. ពេល​នោះ ខ្ញុំ ដានី‌យ៉ែល តប់‌ប្រមល់​ក្នុង​ចិត្ត​ជា​ខ្លាំង ដ្បិត​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​ដែល​ខ្ញុំ​បាន​ឃើញ​ក្នុង​សុបិន​នេះ ធ្វើ​ឲ្យ​ខ្ញុំ​តក់‌ស្លុត​ណាស់។

16. ខ្ញុំ​ក៏​ខិត​ទៅ​ជិត​បុរស​ម្នាក់​ក្នុង​ចំណោម​អស់​អ្នក​ដែល​ឈរ​នៅ​ក្បែរ​បល្ល័ង្ក ហើយ​សួរ​គាត់​ឲ្យ​ពន្យល់​អត្ថ‌ន័យ​ពិត​ប្រាកដ​នៃ​ហេតុ‌ការណ៍​ទាំង​នោះ។ គាត់​ក៏​កាត់​ស្រាយ​អត្ថ‌ន័យ​នៃ​ហេតុ‌ការណ៍​ទាំង​អស់​ដែល​ខ្ញុំ​បាន​ឃើញ​នោះ ដូច​ត​ទៅ:

17. សត្វ​ធំ​សម្បើម​ទាំង​បួន​នោះ គឺ​ព្រះ‌មហា‌ក្សត្រ​បួន​អង្គ ដែល​នឹង​ឡើង​គ្រង​រាជ្យ​លើ​ផែនដី​នេះ។

ដានី‌យ៉ែល 7