15. ពេលនោះ ខ្ញុំ ដានីយ៉ែល តប់ប្រមល់ក្នុងចិត្តជាខ្លាំង ដ្បិតនិមិត្តហេតុដ៏អស្ចារ្យដែលខ្ញុំបានឃើញក្នុងសុបិននេះ ធ្វើឲ្យខ្ញុំតក់ស្លុតណាស់។
16. ខ្ញុំក៏ខិតទៅជិតបុរសម្នាក់ក្នុងចំណោមអស់អ្នកដែលឈរនៅក្បែរបល្ល័ង្ក ហើយសួរគាត់ឲ្យពន្យល់អត្ថន័យពិតប្រាកដនៃហេតុការណ៍ទាំងនោះ។ គាត់ក៏កាត់ស្រាយអត្ថន័យនៃហេតុការណ៍ទាំងអស់ដែលខ្ញុំបានឃើញនោះ ដូចតទៅ:
17. សត្វធំសម្បើមទាំងបួននោះ គឺព្រះមហាក្សត្របួនអង្គ ដែលនឹងឡើងគ្រងរាជ្យលើផែនដីនេះ។
18. បន្ទាប់មក ប្រជាជនដ៏វិសុទ្ធនៃព្រះដ៏ខ្ពង់ខ្ពស់បំផុតនឹងទទួលរាជសម្បត្តិនោះ ហើយពួកគេគ្រងព្រះរាជ្យដ៏ស្ថិតនៅអស់កល្បជានិច្ច ជាអង្វែងតរៀងទៅ។
19. ក្រោយមក ខ្ញុំក៏សួរចង់ដឹងឲ្យច្បាស់អំពីសត្វទីបួន ដែលខុសប្លែកពីសត្វឯទៀតៗ គឺមានរូបរាងគួរស្ញែងខ្លាច មានធ្មេញដែក មានក្រចកលង្ហិន ហើយត្របាក់ស៊ីកម្ទេច ព្រមទាំងជាន់ឈ្លីសំណល់ទាំងអស់។
20. ខ្ញុំក៏ចង់ដឹងអំពីស្នែងទាំងដប់នៅលើក្បាលសត្វនោះ និងអំពីស្នែងមួយទៀតដែលដុះឡើងធ្វើឲ្យជ្រុះស្នែងបី។ ស្នែងក្រោយនេះមានភ្នែក និងមានមាត់ពោលពាក្យព្រហើនកោងកាច ហើយឃើញហាក់ដូចជាធំជាងស្នែងឯទៀតៗ។
21. ខ្ញុំបានឃើញស្នែងនេះកំពុងតែច្បាំងនឹងប្រជាជនដ៏វិសុទ្ធ ហើយមានប្រៀបលើពួកគេ
22. រហូតដល់ពេលព្រះជាម្ចាស់នៃពេលវេលា ដែលមានព្រះជន្មាយុយឺនយូរយាងមក ដើម្បីរកយុត្តិធម៌ឲ្យប្រជារាស្ត្រដ៏វិសុទ្ធរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត។ ពេលនោះ ជាពេលកំណត់ដែលប្រជាជនដ៏វិសុទ្ធត្រូវទទួលរាជសម្បត្តិ។
23. បុរសនោះប្រាប់ខ្ញុំថា សត្វទីបួន គឺរាជាណាចក្រទីបួនដែលនឹងកើតឡើង នៅលើផែនដី។ រាជាណាចក្រនោះប្លែកពីរាជាណាចក្រឯទៀតៗ គឺរាជាណាចក្រនោះនឹងត្របាក់លេប ជាន់ឈ្លី និងកិនកម្ទេចរាជាណាចក្រឯទៀតៗ។
24. រីឯស្នែងទាំងដប់ គឺស្ដេចដប់អង្គដែលនឹងឡើងគ្រងរាជ្យ ក្នុងរាជាណាចក្រនោះ។ បន្ទាប់មក មានស្ដេចមួយអង្គ ដែលប្លែកពីស្ដេចមុនៗឡើងគ្រងរាជ្យក្រោយគេបង្អស់ ហើយទម្លាក់ស្ដេចបីអង្គទៀតចោល។
25. ស្ដេចអង្គនេះនឹងមានរាជឱង្ការប្រឆាំងព្រះដ៏ខ្ពង់ខ្ពស់បំផុត ស្ដេចនឹងជិះជាន់សង្កត់សង្កិនប្រជារាស្ត្រដ៏វិសុទ្ធរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត ហើយមានបំណងនឹងផ្លាស់ប្ដូរពេលកំណត់ធ្វើពិធីបុណ្យ និងផ្លាស់ប្ដូរក្រឹត្យវិន័យទៀតផង។ ទ្រង់នឹងធ្វើបាបប្រជាជនដ៏វិសុទ្ធអស់រយៈពេលមួយវស្សា ពីរវស្សា និងពាក់កណ្ដាលវស្សា។