ដានី‌យ៉ែល 7:15-22 Khmer Standard Version (KHSV)

15. ពេល​នោះ ខ្ញុំ ដានី‌យ៉ែល តប់‌ប្រមល់​ក្នុង​ចិត្ត​ជា​ខ្លាំង ដ្បិត​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​ដែល​ខ្ញុំ​បាន​ឃើញ​ក្នុង​សុបិន​នេះ ធ្វើ​ឲ្យ​ខ្ញុំ​តក់‌ស្លុត​ណាស់។

16. ខ្ញុំ​ក៏​ខិត​ទៅ​ជិត​បុរស​ម្នាក់​ក្នុង​ចំណោម​អស់​អ្នក​ដែល​ឈរ​នៅ​ក្បែរ​បល្ល័ង្ក ហើយ​សួរ​គាត់​ឲ្យ​ពន្យល់​អត្ថ‌ន័យ​ពិត​ប្រាកដ​នៃ​ហេតុ‌ការណ៍​ទាំង​នោះ។ គាត់​ក៏​កាត់​ស្រាយ​អត្ថ‌ន័យ​នៃ​ហេតុ‌ការណ៍​ទាំង​អស់​ដែល​ខ្ញុំ​បាន​ឃើញ​នោះ ដូច​ត​ទៅ:

17. សត្វ​ធំ​សម្បើម​ទាំង​បួន​នោះ គឺ​ព្រះ‌មហា‌ក្សត្រ​បួន​អង្គ ដែល​នឹង​ឡើង​គ្រង​រាជ្យ​លើ​ផែនដី​នេះ។

18. បន្ទាប់​មក ប្រជា‌ជន​ដ៏‌វិសុទ្ធ​នៃ​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​នឹង​ទទួល​រាជ​សម្បត្តិ​នោះ ហើយ​ពួក​គេ​គ្រង​ព្រះ‌រាជ្យ​ដ៏​ស្ថិត​នៅ​អស់‌កល្ប​ជា‌និច្ច ជា​អង្វែង​ត​រៀង​ទៅ។

19. ក្រោយ​មក ខ្ញុំ​ក៏​សួរ​ចង់​ដឹង​ឲ្យ​ច្បាស់​អំពី​សត្វ​ទី​បួន ដែល​ខុស​ប្លែក​ពី​សត្វ​ឯ​ទៀតៗ គឺ​មាន​រូប‌រាង​គួរ​ស្ញែង​ខ្លាច មាន​ធ្មេញ​ដែក មាន​ក្រចក​លង្ហិន ហើយ​ត្របាក់​ស៊ី​កម្ទេច ព្រម​ទាំង​ជាន់​ឈ្លី​សំណល់​ទាំង​អស់។

20. ខ្ញុំ​ក៏​ចង់​ដឹង​អំពី​ស្នែង​ទាំង​ដប់​នៅ​លើ​ក្បាល​សត្វ​នោះ និង​អំពី​ស្នែង​មួយ​ទៀត​ដែល​ដុះ​ឡើង​ធ្វើ​ឲ្យ​ជ្រុះ​ស្នែង​បី។ ស្នែង​ក្រោយ​នេះ​មាន​ភ្នែក និង​មាន​មាត់​ពោល​ពាក្យ​ព្រហើន​កោង‌កាច ហើយ​ឃើញ​ហាក់​ដូច​ជា​ធំ​ជាង​ស្នែង​ឯ​ទៀតៗ។

21. ខ្ញុំ​បាន​ឃើញ​ស្នែង​នេះ​កំពុង​តែ​ច្បាំង​នឹង​ប្រជា‌ជន​ដ៏‌វិសុទ្ធ ហើយ​មាន​ប្រៀប​លើ​ពួក​គេ

22. រហូត​ដល់​ពេល​ព្រះ‌ជាម្ចាស់​នៃ​ពេល​វេលា ដែល​មាន​ព្រះ‌ជន្មាយុ​យឺន‌យូរ​យាង​មក ដើម្បី​រក​យុត្តិធម៌​ឲ្យ​ប្រជា‌រាស្ត្រ​ដ៏‌វិសុទ្ធ​របស់​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត។ ពេល​នោះ ជា​ពេល​កំណត់​ដែល​ប្រជា‌ជន​ដ៏‌វិសុទ្ធ​ត្រូវ​ទទួល​រាជ​សម្បត្តិ។

ដានី‌យ៉ែល 7