8. បពិត្រព្រះរាជា ឥឡូវនេះ សូមទ្រង់ឡាយព្រះហស្ដលេខាបញ្ជាក់បំរាមនេះ ដើម្បីឲ្យបានស្របតាមច្បាប់របស់ជនជាតិមេឌី និងជនជាតិពែរ្សដែលឥតផ្លាស់ប្ដូរ ឬប្រែក្រឡាស់បានឡើយ»។
9. ព្រះចៅដារីយូសក៏ឡាយព្រះហស្ដលេខាលើរាជក្រឹត្យប្រកាសបំរាមនោះ។
10. កាលលោកដានីយ៉ែលបានជ្រាបអំពីរាជក្រឹត្យនេះ លោកក៏ឡើងទៅលើបន្ទប់មួយ ក្នុងផ្ទះរបស់លោកដែលមានបង្អួចចំហ បែរទៅរកក្រុងយេរូសាឡឹម។ លោកលុតជង្គង់អធិស្ឋាន និងសរសើរព្រះរបស់លោកដូចសព្វដង គឺក្នុងមួយថ្ងៃបីដង។
11. ពេលនោះ ពួកនាម៉ឺនមន្ត្រីក៏លើកគ្នាចូលមក ឃើញលោកដានីយ៉ែលកំពុងតែទូលអង្វរព្រះរបស់លោក។
12. ពួកគេនាំគ្នាចូលទៅគាល់ស្ដេច ទូលអំពីរាជបំរាមនោះថា៖ «បពិត្រព្រះរាជា! តើទ្រង់បានឡាយព្រះហស្ដលេខាលើបំរាមថា ក្នុងរយៈពេលសាមសិបថ្ងៃ បើអ្នកណាទូលអង្វរព្រះ ឬមនុស្ស ក្រៅពីព្រះករុណា អ្នកនោះនឹងត្រូវបោះទៅក្នុងរូងតោមែនឬ?»។ ព្រះមហាក្សត្រឆ្លើយថា៖ «ត្រូវហើយ! យើងបានសម្រេចដូច្នេះមែន គឺស្របតាមច្បាប់របស់ជនជាតិមេឌី និងពែរ្ស ដែលមិនអាចប្រែក្រឡាស់បានឡើយ»។
13. ពួកគេក៏ទូលព្រះរាជាថា៖ «បពិត្រព្រះរាជា លោកដានីយ៉ែលជាអ្នកដែលគេជន្លៀសមកពីស្រុកយូដា ពុំបានអើពើនឹងព្រះករុណា ហើយក៏មិនគោរពតាមបំរាមដែលទ្រង់បានឡាយព្រះហស្ដដែរ! គឺលោកនៅតែអធិស្ឋានមួយថ្ងៃបីដង»។
14. កាលស្ដេចព្រះសណ្ដាប់ដូច្នេះហើយ ទ្រង់ព្រួយព្រះហឫទ័យជាខ្លាំង។ ព្រះរាជាចង់ដោះលែងលោកដានីយ៉ែលណាស់ គឺតាំងពីពេលនោះរហូតដល់ល្ងាច ទ្រង់រិះរកមធ្យោបាយដោះលែងលោកដានីយ៉ែល។