ដានី‌យ៉ែល 6:7-15 Khmer Standard Version (KHSV)

7. មហា‌មន្ត្រី​ទាំង​អស់​ក្នុង​រាជា‌ណាចក្រ ព្រម​ទាំង​មន្ត្រី​រដ្ឋ‌បាល មេ‌ទ័ព​ក្រុម​ប្រឹក្សា​ព្រះ‌រាជ​បល្ល័ង្ក និង​ចៅហ្វាយ​ខេត្ត​ទាំង​ប៉ុន្មាន​បាន​មូល​មតិ​គ្នា សូម​ឲ្យ​ស្ដេច​ចេញ​រាជ‌ក្រឹត្យ​មួយ ដើម្បី​ប្រកាស​បំរាម​ដូច​ត​ទៅ: “បពិត្រ​ព្រះ‌រាជា ក្នុង​អំឡុង​ពេល​សាម‌សិប​ថ្ងៃ បើ​អ្នក​ណា​ទូល‌អង្វរ​សូម​អ្វី​ពី​ព្រះ​ណា​មួយ ឬ​ពី​មនុស្ស​ណា​ម្នាក់ ក្រៅ​ពី​ព្រះ‌ករុណា អ្នក​នោះ​នឹង​ត្រូវ​បោះ​ទៅ​ក្នុង​រូង​តោ”។

8. បពិត្រ​ព្រះ‌រាជា ឥឡូវ​នេះ សូម​ទ្រង់​ឡាយ​ព្រះ‌ហស្ដ​លេខា​បញ្ជាក់​បំរាម​នេះ ដើម្បី​ឲ្យ​បាន​ស្រប​តាម​ច្បាប់​របស់​ជន‌ជាតិ​មេឌី និង​ជន‌ជាតិ​ពែរ្ស​ដែល​ឥត​ផ្លាស់​ប្ដូរ ឬ​ប្រែ​ក្រឡាស់​បាន​ឡើយ»។

9. ព្រះចៅ​ដារី‌យូស​ក៏​ឡាយ​ព្រះ‌ហស្ដ​លេខា​លើ​រាជ‌ក្រឹត្យ​ប្រកាស​បំរាម​នោះ។

10. កាល​លោក​ដានី‌យ៉ែល​បាន​ជ្រាប​អំពី​រាជ‌ក្រឹត្យ​នេះ លោក​ក៏​ឡើង​ទៅ​លើ​បន្ទប់​មួយ ក្នុង​ផ្ទះ​របស់​លោក​ដែល​មាន​បង្អួច​ចំហ បែរ​ទៅ​រក​ក្រុង​យេរូ‌សាឡឹម។ លោក​លុត​ជង្គង់​អធិស្ឋាន និង​សរសើរ​ព្រះ​របស់​លោក​ដូច​សព្វ​ដង គឺ​ក្នុង​មួយ​ថ្ងៃ​បី​ដង។

11. ពេល​នោះ ពួក​នាម៉ឺន​មន្ត្រី​ក៏​លើក​គ្នា​ចូល​មក ឃើញ​លោក​ដានី‌យ៉ែល​កំពុង​តែ​ទូល‌អង្វរ​ព្រះ​របស់​លោក។

12. ពួក​គេ​នាំ​គ្នា​ចូល​ទៅ​គាល់​ស្ដេច ទូល​អំពី​រាជ​បំរាម​នោះ​ថា៖ «បពិត្រ​ព្រះ‌រាជា! តើ​ទ្រង់​បាន​ឡាយ​ព្រះ‌ហស្ដ​លេខា​លើ​បំរាម​ថា ក្នុង​រយៈ​ពេល​សាម‌សិប​ថ្ងៃ បើ​អ្នក​ណា​ទូល‌អង្វរ​ព្រះ ឬ​មនុស្ស ក្រៅ​ពី​ព្រះ‌ករុណា អ្នក​នោះ​នឹង​ត្រូវ​បោះ​ទៅ​ក្នុង​រូង​តោ​មែន​ឬ?»។ ព្រះ‌មហា‌ក្សត្រ​ឆ្លើយ​ថា៖ «ត្រូវ​ហើយ! យើង​បាន​សម្រេច​ដូច្នេះ​មែន គឺ​ស្រប​តាម​ច្បាប់​របស់​ជន‌ជាតិ​មេឌី និង​ពែរ្ស ដែល​មិន​អាច​ប្រែ​ក្រឡាស់​បាន​ឡើយ»។

13. ពួក​គេ​ក៏​ទូល​ព្រះ‌រាជា​ថា៖ «បពិត្រ​ព្រះ‌រាជា លោក​ដានី‌យ៉ែល​ជា​អ្នក​ដែល​គេ​ជន្លៀស​មក​ពី​ស្រុក​យូដា ពុំ​បាន​អើពើ​នឹង​ព្រះ‌ករុណា ហើយ​ក៏​មិន​គោរព​តាម​បំរាម​ដែល​ទ្រង់​បាន​ឡាយ​ព្រះ‌ហស្ដ​ដែរ! គឺ​លោក​នៅ​តែ​អធិស្ឋាន​មួយ​ថ្ងៃ​បី​ដង»។

14. កាល​ស្ដេច​ព្រះ‌សណ្ដាប់​ដូច្នេះ​ហើយ ទ្រង់​ព្រួយ​ព្រះ‌ហឫទ័យ​ជា​ខ្លាំង។ ព្រះ‌រាជា​ចង់​ដោះ​លែង​លោក​ដានី‌យ៉ែល​ណាស់ គឺ​តាំង​ពី​ពេល​នោះ​រហូត​ដល់​ល្ងាច ទ្រង់​រិះ​រក​មធ្យោ‌បាយ​ដោះ​លែង​លោក​ដានី‌យ៉ែល។

15. ប៉ុន្តែ នាម៉ឺន​មន្ត្រី​ទាំង​នោះ​លើក​គ្នា​មក​ទូល​ស្ដេច​ថា៖ «បពិត្រ​ព្រះ‌រាជា! សូម​ទ្រង់​ជ្រាប​ថា តាម​ច្បាប់​របស់​ជន‌ជាតិ​មេឌី និង​ជន‌ជាតិ​ពែរ្ស រាជ​បំរាម និង​រាជ‌ក្រឹត្យ​ទាំង​ប៉ុន្មាន ដែល​មាន​ឡាយ​ព្រះ‌ហស្ដ​លេខា​របស់​ព្រះ‌មហា‌ក្សត្រ​មិន​អាច​ប្រែ‌ប្រួល​បាន​ជា​ដាច់​ខាត!»។

ដានី‌យ៉ែល 6