16. ព្រះមហាក្សត្របញ្ជាឲ្យគេនាំលោកដានីយ៉ែលទៅបោះនៅក្នុងរូងតោ ទាំងមានរាជឱង្ការទៅលោកថា៖ «ព្រះរបស់លោកនឹងសង្គ្រោះជីវិតលោកជាមិនខាន ព្រោះលោកបានគោរពបម្រើព្រះអង្គដោយចិត្តព្យាយាម»។
17. គេយកផ្ទាំងថ្មមួយផ្ទាំងមកសន្ធប់មាត់រូង ហើយព្រះមហាក្សត្រប្រថាប់ត្រាព្រះទម្រង់លើថ្មនោះ ពួកមន្ត្រីរបស់ស្ដេចក៏បោះត្រាចិញ្ចៀនរបស់គេលើថ្មនោះដែរ។ ដូច្នេះ គ្មាននរណាអាចសង្គ្រោះលោកដានីយ៉ែលបានឡើយ។
18. បន្ទាប់មក ព្រះមហាក្សត្រយាងចូលរាជវាំងវិញ ទ្រង់យាងចូលក្រឡាបន្ទំ ដោយមិនព្រមសោយអ្វីឡើយ ហើយក៏មិនអនុញ្ញាតឲ្យពួកស្នំចូលមកជិតដែរ។ យប់នោះ ទ្រង់ផ្ទំមិនលក់ទាល់តែសោះ។
19. ព្រះរាជាក្រោកឡើងតាំងពីព្រលឹមស្រាងៗ ហើយប្រញាប់ប្រញាល់យាងឆ្ពោះទៅរូងតោ។
20. ទ្រង់ចូលទៅជិតរូង ទាំងស្រែកហៅលោកដានីយ៉ែល ដោយបន្លឺព្រះសូរសៀងយ៉ាងក្ដុកក្ដួលថា៖ «លោកដានីយ៉ែលជាអ្នកបម្រើរបស់ព្រះដ៏មានព្រះជន្មគង់នៅអើយ តើព្រះរបស់លោក ដែលលោកគោរពបម្រើដោយចិត្តព្យាយាមនោះ បានរំដោះលោកឲ្យរួចពីតោឬទេ?»។
21. លោកដានីយ៉ែលទូលទៅស្ដេចវិញថា៖ «បពិត្រព្រះរាជា សូមទ្រង់មានព្រះជន្មគង់នៅរហូតតទៅ!
22. ព្រះរបស់ទូលបង្គំចាត់ទេវតារបស់ព្រះអង្គមកបិទមាត់តោ ដូច្នេះ វាមិនបានធ្វើបាបទូលបង្គំឡើយ ដ្បិតព្រះជាម្ចាស់ជ្រាបថា ទូលបង្គំគ្មានទោសពៃរ៍អ្វីនៅចំពោះព្រះភ័ក្ត្រព្រះអង្គទេ ហើយទូលបង្គំក៏ពុំបានប្រព្រឹត្តអ្វីខុសចំពោះព្រះករុណាដែរ»។
23. ពេលនោះ ព្រះមហាក្សត្រមានព្រះហឫទ័យរីករាយក្រៃលែង ទ្រង់បញ្ជាឲ្យគេយកលោកដានីយ៉ែលចេញពីរូងមកវិញ គេក៏យកលោកចេញមកឃើញថា លោកគ្មានរបួសអ្វីសោះ ដ្បិតលោកមានជំនឿលើព្រះរបស់លោក។
24. បន្ទាប់មក ព្រះមហាក្សត្របញ្ជាឲ្យគេនាំពួកនាម៉ឺនមន្ត្រី ដែលបានចោទប្រកាន់លោកដានីយ៉ែលយកទៅបោះនៅក្នុងរូងតោទាំងប្រពន្ធ ទាំងកូន។ មុនពេលអ្នកទាំងនោះធ្លាក់ទៅដល់បាតរូង តោបានលោតមកត្របាក់ស៊ីពួកគេខ្ទេចខ្ទីអស់។
25. ព្រះបាទដារីយូសចេញរាជសារមួយប្រកាសប្រាប់ប្រជាជន ប្រជាជាតិ និងមនុស្សគ្រប់ភាសា ដែលរស់នៅលើផែនដីទាំងមូលថា៖«សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខយ៉ាងបរិបូណ៌!