1. ព្រះចៅដារីយូសសព្វព្រះហឫទ័យតែងតាំងមេទ័ពមួយរយម្ភៃរូបឲ្យគ្រប់គ្រងលើរាជាណាចក្រទាំងមូល។
2. ស្ដេចតែងតាំងមហាមន្ត្រីបីរូបឲ្យធ្វើជាប្រមុខលើមេទ័ពទាំងនោះ។ មេទ័ពទាំងអស់ត្រូវធ្វើរបាយការណ៍ជូនមហាមន្ត្រី ដើម្បីរក្សាផលប្រយោជន៍របស់ស្ដេច។ លោកដានីយ៉ែលជាមហាមន្ត្រីមួយរូបក្នុងចំណោមមហាមន្ត្រីទាំងបី។
3. ក្នុងចំណោមមហាមន្ត្រីទាំងបីរូប និងមេទ័ពទាំងអស់ លោកដានីយ៉ែលប្រសើរជាងគេ ព្រោះលោកមានប្រាជ្ញាឈ្លាសវៃបំផុត។ ព្រះរាជាមានបំណងតែងតាំងលោកឲ្យគ្រប់គ្រងលើរាជាណាចក្រទាំងមូល។
4. ពេលនោះ មហាមន្ត្រីឯទៀតៗ និងពួកមេទ័ពរិះរកមូលហេតុណាមួយ ដែលជាប់ទាក់ទងនឹងការងារក្នុងរាជាណាចក្រ ដើម្បីចោទប្រកាន់លោកដានីយ៉ែល តែពួកគេពុំអាចរកឃើញមូលហេតុ ឬកំហុសណាមួយបានទេ ដ្បិតលោកដានីយ៉ែលជាមនុស្សស្មោះត្រង់នឹងការងារ មិនដែលធ្វេសប្រហែស ឬមានកំហុសណាមួយឡើយ។
5. អ្នកទាំងនោះពិភាក្សាគ្នាថា៖ «យើងពុំអាចរកមូលហេតុចាប់កំហុសលោកដានីយ៉ែលបានទេ។ ដូច្នេះ មានតែរិះរកមូលហេតុដែលជាប់ទាក់ទងនឹងក្រឹត្យវិន័យរបស់ព្រះគាត់»។
6. បន្ទាប់មក ពួកមហាមន្ត្រី និងចៅហ្វាយខេត្ត បានលើកគ្នាចូលទៅគាល់ព្រះមហាក្សត្រទូលថា៖ «បពិត្រព្រះមហាក្សត្រ ដារីយូស សូមទ្រង់មានព្រះជន្មគង់នៅរហូតតទៅ!
7. មហាមន្ត្រីទាំងអស់ក្នុងរាជាណាចក្រ ព្រមទាំងមន្ត្រីរដ្ឋបាល មេទ័ពក្រុមប្រឹក្សាព្រះរាជបល្ល័ង្ក និងចៅហ្វាយខេត្តទាំងប៉ុន្មានបានមូលមតិគ្នា សូមឲ្យស្ដេចចេញរាជក្រឹត្យមួយ ដើម្បីប្រកាសបំរាមដូចតទៅ: “បពិត្រព្រះរាជា ក្នុងអំឡុងពេលសាមសិបថ្ងៃ បើអ្នកណាទូលអង្វរសូមអ្វីពីព្រះណាមួយ ឬពីមនុស្សណាម្នាក់ ក្រៅពីព្រះករុណា អ្នកនោះនឹងត្រូវបោះទៅក្នុងរូងតោ”។
8. បពិត្រព្រះរាជា ឥឡូវនេះ សូមទ្រង់ឡាយព្រះហស្ដលេខាបញ្ជាក់បំរាមនេះ ដើម្បីឲ្យបានស្របតាមច្បាប់របស់ជនជាតិមេឌី និងជនជាតិពែរ្សដែលឥតផ្លាស់ប្ដូរ ឬប្រែក្រឡាស់បានឡើយ»។
9. ព្រះចៅដារីយូសក៏ឡាយព្រះហស្ដលេខាលើរាជក្រឹត្យប្រកាសបំរាមនោះ។
10. កាលលោកដានីយ៉ែលបានជ្រាបអំពីរាជក្រឹត្យនេះ លោកក៏ឡើងទៅលើបន្ទប់មួយ ក្នុងផ្ទះរបស់លោកដែលមានបង្អួចចំហ បែរទៅរកក្រុងយេរូសាឡឹម។ លោកលុតជង្គង់អធិស្ឋាន និងសរសើរព្រះរបស់លោកដូចសព្វដង គឺក្នុងមួយថ្ងៃបីដង។
11. ពេលនោះ ពួកនាម៉ឺនមន្ត្រីក៏លើកគ្នាចូលមក ឃើញលោកដានីយ៉ែលកំពុងតែទូលអង្វរព្រះរបស់លោក។
12. ពួកគេនាំគ្នាចូលទៅគាល់ស្ដេច ទូលអំពីរាជបំរាមនោះថា៖ «បពិត្រព្រះរាជា! តើទ្រង់បានឡាយព្រះហស្ដលេខាលើបំរាមថា ក្នុងរយៈពេលសាមសិបថ្ងៃ បើអ្នកណាទូលអង្វរព្រះ ឬមនុស្ស ក្រៅពីព្រះករុណា អ្នកនោះនឹងត្រូវបោះទៅក្នុងរូងតោមែនឬ?»។ ព្រះមហាក្សត្រឆ្លើយថា៖ «ត្រូវហើយ! យើងបានសម្រេចដូច្នេះមែន គឺស្របតាមច្បាប់របស់ជនជាតិមេឌី និងពែរ្ស ដែលមិនអាចប្រែក្រឡាស់បានឡើយ»។
13. ពួកគេក៏ទូលព្រះរាជាថា៖ «បពិត្រព្រះរាជា លោកដានីយ៉ែលជាអ្នកដែលគេជន្លៀសមកពីស្រុកយូដា ពុំបានអើពើនឹងព្រះករុណា ហើយក៏មិនគោរពតាមបំរាមដែលទ្រង់បានឡាយព្រះហស្ដដែរ! គឺលោកនៅតែអធិស្ឋានមួយថ្ងៃបីដង»។