3. ពេលនោះ គេក៏យកពែងមាសដែលបានរឹបយកពីព្រះវិហារ គឺពីព្រះដំណាក់របស់ព្រះជាម្ចាស់នៅក្រុងយេរូសាឡឹម ហើយទាំងស្ដេច ទាំងនាម៉ឺនមន្ត្រី ទាំងពួកមហេសី និងស្រីស្នំ បានប្រើពែងទាំងនោះសម្រាប់សេពសុរា។
4. កាលសេពសុរារួចហើយ គេនាំគ្នាសរសើរតម្កើងរូបព្រះធ្វើពីមាស ប្រាក់ លង្ហិន ដែក ឈើ និងថ្ម។
5. ពេលនោះ ស្រាប់តែមានម្រាមដៃមនុស្សលេចចេញមក ហើយសរសេរលើជញ្ជាំងព្រះបរមរាជវាំង គឺនៅទល់មុខជើងចង្កៀង។ កាលព្រះរាជាទតឃើញម្រាមដៃដែលកំពុងតែសរសេរនោះ
6. ព្រះភ័ក្ត្ររបស់ព្រះអង្គប្រែជាស្លេកស្លាំង ទ្រង់រំជួលព្រះហឫទ័យ មានព្រះកាយពលទន់ខ្សោយ និងព្រះបាទាញាប់ញ័រ។
7. ស្ដេចក៏ស្រែកឡើងយ៉ាងខ្លាំងៗ បញ្ជាឲ្យគេហៅពួកហោរា ពួកគ្រូទាយ និងពួកគ្រូធ្មប់មក រួចហើយស្ដេចមានរាជឱង្ការទៅកាន់អ្នកប្រាជ្ញនៃស្រុកបាប៊ីឡូនថា៖ «អ្នកណាអាចអានអក្សរនោះ ហើយពន្យល់អត្ថន័យឲ្យយើងបាន យើងនឹងបំពាក់អាវពណ៌ក្រហមទុំ និងខ្សែកមាស ជូនជាកិត្តិយស ហើយប្រគល់ឋានៈជាអ្នកគ្រប់គ្រងទីបីក្នុងរាជាណាចក្រនេះផង»។
8. ពេលនោះ អ្នកប្រាជ្ញទាំងប៉ុន្មានរបស់ស្ដេចនាំគ្នាចូលមក តែគ្មាននរណាម្នាក់អាចអានអក្សរនោះ និងពន្យល់អត្ថន័យថ្វាយព្រះរាជាបានឡើយ