18. បពិត្រព្រះរាជា ព្រះដ៏ខ្ពង់ខ្ពស់បំផុតបានប្រទានរាជសម្បត្តិ ភាពឧត្តុង្គឧត្ដម កិត្តិនាម និងសិរីរុងរឿងដល់ព្រះចៅនេប៊ូក្នេសា ជាព្រះបិតារបស់ព្រះករុណា។
19. ព្រោះតែភាពឧត្តុង្គឧត្ដម ដែលព្រះជាម្ចាស់ប្រទានឲ្យនេះហើយ បានជាប្រជាជន ប្រជាជាតិ និងមនុស្សគ្រប់ភាសាទាំងអស់ នាំគ្នាគោរពកោតខ្លាច និងភ័យញាប់ញ័រនៅចំពោះព្រះភ័ក្ត្រព្រះចៅនេប៊ូក្នេសា។ ទ្រង់ប្រហារជីវិតនរណាក៏បាន ហើយទុកជីវិតឲ្យនរណាក៏បាន ទ្រង់លើកនរណាឡើងក៏បាន ហើយទម្លាក់នរណាចុះក៏បានដែរ។
20. ប៉ុន្តែ ព្រះរាជាមានអំនួត មានចិត្តរឹងរូសរហូតដល់វាយឫកខ្ពស់ ទ្រង់ក៏ត្រូវគេទម្លាក់ចុះពីរាជសម្បត្តិ ហើយបាត់បង់សិរីរុងរឿង។
21. គេបានបណ្តេញព្រះរាជាចេញពីចំណោមមនុស្ស ចិត្តគំនិតរបស់ព្រះរាជាប្រែទៅជាមានលក្ខណៈដូចសត្វតិរច្ឆាន ទ្រង់គង់នៅជាមួយសត្វព្រៃ គេឲ្យទ្រង់សោយស្មៅដូចគោ ហើយព្រះកាយទទឹកជោកទៅដោយទឹកសន្សើម ដែលធ្លាក់ពីលើមេឃមក រហូតទល់ពេលព្រះរាជាទទួលស្គាល់ថា ព្រះជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុតគ្រប់គ្រងលើរាជសម្បត្តិរបស់មនុស្សលោកទាំងអស់ ហើយព្រះអង្គលើកនរណាឲ្យសោយរាជ្យក៏បាន។
22. បពិត្រព្រះករុណាបេលសាសារជាព្រះរាជបុត្រ ទោះបីព្រះករុណាជ្រាបហេតុការណ៍ទាំងនោះក្ដី ក៏ទ្រង់ពុំបានបន្ទាបខ្លួនដែរ
23. ព្រះករុណាបានប្រឆាំងព្រះអម្ចាស់នៃស្ថានបរមសុខ ដោយបញ្ជាឲ្យគេយកពែងពីព្រះវិហាររបស់ព្រះអង្គ មកចាក់ស្រាសម្រាប់ព្រះករុណា សម្រាប់នាម៉ឺនមន្ត្រី សម្រាប់ពួកមហេសី និងពួកស្នំ។ បន្ទាប់មក ព្រះករុណាបានសរសើរតម្កើងព្រះដែលធ្វើពីមាស ប្រាក់ លង្ហិន ដែក ឈើ និងថ្មទៅវិញ ជាព្រះដែលមិនចេះមើល មិនចេះស្ដាប់ ហើយមិនដឹងអ្វីទាំងអស់ គឺព្រះករុណាមិនបានលើកតម្កើងព្រះដែលជាម្ចាស់លើព្រះជន្ម និងជាម្ចាស់លើដំណើរជីវិតរបស់ព្រះករុណាឡើយ។
24. ហេតុនេះហើយបានជាព្រះជាម្ចាស់ចាត់ម្រាមដៃឲ្យមកសរសេរអក្សរនេះ
25. គឺ “ម៉េណេ ម៉េណេ តេកែល និងអ៊ូប៉ារស៊ីន”។
26. ពាក្យទាំងនេះមានន័យដូចតទៅ: “ម៉េណេ” (ប្រែថារាប់) មានន័យថាព្រះជាម្ចាស់បានរាប់ចំនួនថ្ងៃនៃរាជ្យរបស់ព្រះករុណា ហើយព្រះអង្គបានបញ្ចប់រាជ្យនេះហើយ។
27. “តេកែល” (ប្រែថាថ្លឹង) មានន័យថា ព្រះជាម្ចាស់បានថ្លឹងព្រះករុណាលើជញ្ជីងរួចហើយ ហើយទ្រង់ទតឃើញថា ស្រាលពេក។