11. ក្នុងរាជាណាចក្ររបស់ព្រះអង្គ មានបុរសម្នាក់ដែលមានវិញ្ញាណរបស់ព្រះដ៏វិសុទ្ធនៅក្នុងខ្លួន។ កាលពីជំនាន់ព្រះបិតារបស់ព្រះករុណា គេបានឃើញថា លោកនោះដឹងការលាក់កំបាំង មានតម្រិះ និងប្រាជ្ញា ដូចទេវតា។ ហេតុនេះហើយបានជាព្រះចៅនេប៊ូក្នេសា ជាព្រះបិតារបស់ព្រះករុណា បានតែងតាំងលោកឲ្យធ្វើជាប្រមុខលើពួកគ្រូ គ្រូហោរា គ្រូទាយ និងគ្រូធ្មប់ទាំងអស់។ ព្រះមហាក្សត្រដែលជាព្រះបិតារបស់ព្រះករុណា បានតែងតាំងលោកដូច្នេះ
12. ព្រោះឃើញថា បុរសនោះជាមនុស្សមានប្រាជ្ញាវាងវៃដ៏អស្ចារ្យ មានចំណេះជ្រៅជ្រះ ប៉ិនប្រសប់ខាងរិះគិតពិចារណា ហើយចេះកាត់ស្រាយសុបិន កាត់ប្រស្នា និងដោះស្រាយបញ្ហាដ៏ស្មុគស្មាញបានផង។ លោកនោះគឺដានីយ៉ែល ដែលព្រះបិតារបស់ព្រះករុណាប្រទាននាមថា បេលថិស្សាសារ ដូច្នេះ សូមឲ្យគេហៅលោកដានីយ៉ែលនោះមក លោកនឹងពន្យល់អត្ថន័យថ្វាយព្រះករុណាជាមិនខាន»។
13. គេអញ្ជើញលោកដានីយ៉ែលចូលគាល់ព្រះរាជា ហើយទ្រង់មានរាជឱង្ការមកលោកថា៖ «តើលោកឈ្មោះដានីយ៉ែល ជាអ្នកដែលព្រះបិតារបស់យើងបានជន្លៀសយកមកពីស្រុកយូដាមែនឬ?
14. យើងបានឮគេនិយាយថា លោកមានវិញ្ញាណរបស់ព្រះនៅក្នុងខ្លួន និងដឹងការលាក់កំបាំង ហើយមានតម្រិះប្រាជ្ញាដ៏វាងវៃអស្ចារ្យ។
15. គេទើបនឹងនាំពួកអ្នកប្រាជ្ញ និងគ្រូហោរា មកជួបយើងដើម្បីអានអក្សរ និងកាត់ស្រាយអត្ថន័យឲ្យយើង តែអ្នកទាំងនោះពុំអាចកាត់ស្រាយអត្ថន័យបានឡើយ។
16. យើងក៏បានឮគេនិយាយទៀតថា លោកអាចកាត់ស្រាយអត្ថន័យ និងដោះស្រាយបញ្ហាស្មុគស្មាញបានទៀតផង។ ឥឡូវនេះ ប្រសិនបើលោកអាចអានអក្សរនេះបាន ហើយពន្យល់អត្ថន័យឲ្យយើង យើងនឹងបំពាក់អាវពណ៌ក្រហមទុំ និងខ្សែកមាសជូនជាកិត្តិយស ព្រមទាំងប្រគល់ឋានៈជាអ្នកគ្រប់គ្រងទីបី នៅក្នុងរាជាណាចក្រនេះផង»។
17. ពេលនោះ លោកដានីយ៉ែលទូលព្រះរាជាវិញថា៖ «សូមព្រះករុណាទុកកិត្តិយសនេះ សម្រាប់អ្នកដទៃចុះ រីឯទូលបង្គំ ទូលបង្គំសូមអាន អក្សរនេះ ព្រមទាំងពន្យល់អត្ថន័យថ្វាយព្រះករុណាជ្រាប។
18. បពិត្រព្រះរាជា ព្រះដ៏ខ្ពង់ខ្ពស់បំផុតបានប្រទានរាជសម្បត្តិ ភាពឧត្តុង្គឧត្ដម កិត្តិនាម និងសិរីរុងរឿងដល់ព្រះចៅនេប៊ូក្នេសា ជាព្រះបិតារបស់ព្រះករុណា។