6. យើងឲ្យគេកោះហៅអ្នកប្រាជ្ញទាំងប៉ុន្មាននៅស្រុកបាប៊ីឡូនមកជួបយើង ដើម្បីកាត់ស្រាយសុបិននេះឲ្យយើង។
7. ពេលនោះ ពួកគ្រូមន្តអាគម ពួកហោរា គ្រូទាយ ព្រមទាំងគ្រូធ្មប់ផ្សេងៗបាននាំគ្នាមក។ យើងរៀបរាប់ប្រាប់ពួកគេអំពីសុបិនរបស់យើង ប៉ុន្តែ ពួកគេពុំអាចកាត់ស្រាយអត្ថន័យប្រាប់យើងបានឡើយ។
8. នៅទីបំផុត លោកដានីយ៉ែលចូលមក (លោកក៏មាននាមថា “បេលថិស្សាសារ” តាមនាមព្រះរបស់យើងដែរ) ហើយមានវិញ្ញាណរបស់ព្រះដ៏វិសុទ្ធនៅក្នុងខ្លួន។ យើងបានរៀបរាប់ឲ្យលោកដឹងពីសុបិនរបស់យើង ដូចតទៅ:
9. “លោកបេលថិស្សាសារ ជាប្រមុខលើពួកគ្រូទាំងអស់អើយ យើងដឹងថា លោកមានវិញ្ញាណរបស់ព្រះដ៏វិសុទ្ធនៅក្នុងខ្លួន ហើយលោកដឹងការលាក់កំបាំងទាំងអស់។ ហេតុនេះ សុំលោកកាត់ស្រាយន័យរបស់និមិត្តហេតុដ៏អស្ចារ្យ ដែលយើងបានឃើញក្នុងសុបិនឲ្យយើងដឹងផង។
10. នៅពេលផ្ទំ យើងសុបិនឃើញនិមិត្តហេតុដ៏អស្ចារ្យដូចតទៅ៖នៅកណ្ដាលផែនដីមានដើមឈើមួយដើមយ៉ាងខ្ពស់អស្ចារ្យ
11. ដើមឈើនេះដុះកាន់តែធំឡើងៗហើយមាំទៀតផងចុងរបស់វាខ្ពស់រហូតដល់មេឃសូម្បីតែអស់អ្នកដែលរស់នៅទីដាច់ស្រយាលនៃផែនដីក៏មើលឃើញដើមឈើនេះដែរ។
12. ដើមឈើនេះមានស្លឹកខៀវខ្ចីមានផ្លែយ៉ាងច្រើនបរិបូណ៌សម្រាប់ចិញ្ចឹមជីវិតមនុស្សទាំងអស់សត្វនានានាំគ្នាមកជ្រកកោនក្រោមម្លប់របស់វាបក្សាបក្សីនាំគ្នាមកទំ នៅតាមមែករបស់វាហើយសត្វលោកទាំងអស់ទទួលអាហារពីដើមឈើនេះ។
13. ក្នុងនិមិត្តហេតុដ៏អស្ចារ្យដែលព្រលឹងយើងបានឃើញនៅពេលផ្ទំនោះ គឺមាន:ទេវតា*ដ៏វិសុទ្ធ*មួយរូបចុះពីលើមេឃមក
14. លោកស្រែកយ៉ាងខ្លាំងៗថា:ចូររំលំដើមឈើនេះ និងកាប់មែកវាចោលទៅចូរលះស្លឹក ជម្រុះផ្លែរបស់វាឲ្យខ្ចាត់ខ្ចាយឲ្យសត្វទាំងឡាយរត់ចេញពីម្លប់របស់វាហើយឲ្យបក្សាបក្សីទាំងឡាយហើរចេញពីមែករបស់វាដែរ!
15. ប៉ុន្តែ ត្រូវទុកគល់ និងឫសនៅក្នុងដីហើយយកច្រវាក់ដែក និងលង្ហិនមកចងវាទុកចោលក្នុងវាលស្មៅឲ្យជោកទឹកសន្សើមដែលធ្លាក់ពីលើមេឃហើយឲ្យវាស៊ីស្មៅដូចសត្វធាតុ។
16. ដើមឈើនោះនឹងលែងមានចិត្តជាមនុស្សទៀតហើយ តែមានចិត្តជាសត្វរហូតដល់គម្រប់ប្រាំពីរខួប។
17. នេះជាការសម្រេចរបស់ទេវតាជាបញ្ជារបស់ពួកអ្នកដ៏វិសុទ្ធដើម្បីមនុស្សទាំងអស់ដឹងថាព្រះដ៏ខ្ពង់ខ្ពស់បំផុតគ្រប់គ្រងលើរាជ្យរបស់មនុស្សលោកព្រះអង្គប្រគល់រាជសម្បត្តិទៅនរណាក៏បានស្រេចតែព្រះហឫទ័យរបស់ព្រះអង្គហើយព្រះអង្គលើកអ្នកដែលទន់ទាបជាងគេឲ្យឡើងគ្រងរាជ្យក៏បាន។
18. នេះជាសុបិនដែលយើង ស្ដេចនេប៊ូក្នេសា បាននិមិត្តឃើញ។ ឥឡូវនេះ សុំលោកបេលថិស្សាសារកាត់ស្រាយអត្ថន័យឲ្យយើងបានដឹងផង ដ្បិតក្នុងចំណោមអ្នកប្រាជ្ញទាំងអស់នៅនគររបស់យើង គ្មាននរណាអាចកាត់ស្រាយបានទេ គឺមានតែលោកម្នាក់ប៉ុណ្ណោះទើបកាត់ស្រាយបាន ព្រោះលោកមានវិញ្ញាណរបស់ព្រះដ៏វិសុទ្ធនៅក្នុងខ្លួន”»។
19. ពេលនោះ លោកដានីយ៉ែល ហៅបេលថិស្សាសារក៏តក់ស្លុតអស់មួយសន្ទុះ ដ្បិតការលាក់កំបាំងដែលលោកដឹងនៅក្នុងចិត្តគំនិត នាំឲ្យលោកភ័យរន្ធត់ជាខ្លាំង។ ព្រះរាជាមានរាជឱង្ការមកកាន់លោកសាជាថ្មីថា៖ «លោកបេលថិស្សាសារអើយ សូមកុំភ័យរន្ធត់ ព្រោះតែសុបិននេះ និងអត្ថន័យរបស់វាអី!»។ លោកបេលថិស្សាសារទូលស្ដេចថា៖ «បពិត្រព្រះករុណាជាអម្ចាស់ សូមឲ្យសុបិននេះធ្លាក់ទៅលើខ្មាំងសត្រូវរបស់ព្រះករុណា ហើយឲ្យន័យរបស់វាធ្លាក់ទៅលើបច្ចាមិត្តរបស់ព្រះករុណាវិញ!
20. ព្រះករុណាបានឃើញដើមឈើដែលដុះកាន់តែធំឡើង មាំមួន និងមានចុងខ្ពស់ដល់មេឃ ហើយអស់អ្នកនៅតាមទីដាច់ស្រយាលនៃផែនដីក៏មើលឃើញដែរ។