1. «យើង នេប៊ូក្នេសា ជាព្រះមហាក្សត្រ ជូនចំពោះប្រជាជនទាំងអស់ ចំពោះប្រជាជាតិនានា និងចំពោះមនុស្សគ្រប់ភាសាដែលរស់នៅលើផែនដីទាំងមូល។ សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខយ៉ាងបរិបូណ៌!
2. យើងយល់ឃើញថា គួរតែរៀបរាប់ប្រាប់ឲ្យអ្នករាល់គ្នាដឹងពីទីសម្គាល់ និងឫទ្ធិបាដិហារិយ៍ផ្សេងៗដែលព្រះដ៏ខ្ពង់ខ្ពស់បំផុតបានសម្តែងចំពោះយើង។
3. ទីសម្គាល់របស់ព្រះអង្គធំឧត្ដុង្គឧត្ដមណាស់បាដិហារិយ៍របស់ព្រះអង្គក៏ប្រកបដោយឫទ្ធិបារមីដែរ!ព្រះរាជ្យរបស់ព្រះអង្គជារាជ្យស្ថិតស្ថេរអស់កល្បជានិច្ចហើយព្រះអង្គគ្រងរាជ្យអស់កល្បជាអង្វែងតរៀងទៅ។
4. យើង នេប៊ូក្នេសា កំពុងតែរស់នៅយ៉ាងសុខស្រួល ក្នុងព្រះបរមរាជវាំងជាមួយក្រុមគ្រួសាររបស់យើង។
5. យើងបានសុបិនធ្វើឲ្យយើងភ័យតក់ស្លុតជាខ្លាំង។ សូម្បីតែនៅលើក្រឡាបន្ទំ យើងនៅតែនឹកគិតអំពីសុបិននេះជានិច្ច ហើយចិត្តយើងខ្វាយខ្វល់ណាស់។
6. យើងឲ្យគេកោះហៅអ្នកប្រាជ្ញទាំងប៉ុន្មាននៅស្រុកបាប៊ីឡូនមកជួបយើង ដើម្បីកាត់ស្រាយសុបិននេះឲ្យយើង។
7. ពេលនោះ ពួកគ្រូមន្តអាគម ពួកហោរា គ្រូទាយ ព្រមទាំងគ្រូធ្មប់ផ្សេងៗបាននាំគ្នាមក។ យើងរៀបរាប់ប្រាប់ពួកគេអំពីសុបិនរបស់យើង ប៉ុន្តែ ពួកគេពុំអាចកាត់ស្រាយអត្ថន័យប្រាប់យើងបានឡើយ។
8. នៅទីបំផុត លោកដានីយ៉ែលចូលមក (លោកក៏មាននាមថា “បេលថិស្សាសារ” តាមនាមព្រះរបស់យើងដែរ) ហើយមានវិញ្ញាណរបស់ព្រះដ៏វិសុទ្ធនៅក្នុងខ្លួន។ យើងបានរៀបរាប់ឲ្យលោកដឹងពីសុបិនរបស់យើង ដូចតទៅ:
9. “លោកបេលថិស្សាសារ ជាប្រមុខលើពួកគ្រូទាំងអស់អើយ យើងដឹងថា លោកមានវិញ្ញាណរបស់ព្រះដ៏វិសុទ្ធនៅក្នុងខ្លួន ហើយលោកដឹងការលាក់កំបាំងទាំងអស់។ ហេតុនេះ សុំលោកកាត់ស្រាយន័យរបស់និមិត្តហេតុដ៏អស្ចារ្យ ដែលយើងបានឃើញក្នុងសុបិនឲ្យយើងដឹងផង។