25. ព្រះរាជាមានរាជឱង្ការទៀតថា៖ «ហេតុដូចម្ដេចបានជាយើងឃើញមនុស្សបួននាក់ ដែលគ្មានជាប់ចំណងកំពុងតែដើរនៅក្នុងភ្លើង ដោយឥតរលាកសោះដូច្នេះ? រីឯអ្នកទីបួន មានទ្រង់ទ្រាយដូចទេវតា»។
26. ព្រះចៅនេប៊ូក្នេសាចូលទៅជិតឡភ្លើង មានរាជឱង្ការថា៖ «លោកសាដ្រាក់ លោកមែសាក់ និងលោកអបេឌ-នេកោ ជាអ្នកបម្រើរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុតអើយ ចូរនាំគ្នាចេញមក!»។ លោកសាដ្រាក់ លោកមែសាក់ និងលោកអបេឌ-នេកោក៏នាំគ្នាចេញពីក្នុងភ្លើង។
27. ពេលនោះ ពួកមេទ័ព មន្ត្រីរដ្ឋបាល ចៅហ្វាយខេត្ត និងក្រុមប្រឹក្សាព្រះមហាក្សត្រ ក៏រួមប្រជុំគ្នា ពួកគេឃើញថា ភ្លើងពុំមានអំណាចអ្វីលើរូបកាយរបស់បុរសទាំងបីសោះ សក់ក្បាលរបស់អ្នកទាំងបីក៏មិនឆេះ ហើយសូម្បីតែសម្លៀកបំពាក់របស់គេពុំខូចខាត ឬធុំក្លិនឈ្ងៀមដែរ។
28. ព្រះចៅនេប៊ូក្នេសាមានរាជឱង្ការទៀតថា៖ «សូមសរសើរតម្កើងព្រះរបស់លោកសាដ្រាក់ លោកមែសាក់ និងលោកអបេឌ-នេកោ ដែលបានចាត់ទេវតា*ឲ្យមករំដោះអ្នកបម្រើរបស់ព្រះអង្គ។ លោកទាំងបីបានទុកចិត្តលើព្រះអង្គ ហើយមិនព្រមធ្វើតាមបញ្ជារបស់ស្ដេចទេ តែសុខចិត្តបូជាជីវិតជាជាងគោរពបម្រើ និងថ្វាយបង្គំព្រះផ្សេងក្រៅពីព្រះរបស់ខ្លួន!
29. ឥឡូវនេះ យើងសុំចេញបញ្ជាដូចតទៅ: មនុស្សទាំងអស់ ទោះបីមកពីស្រុកណា ជាតិសាសន៍អ្វី ហើយនិយាយភាសាអ្វីក៏ដោយ ឲ្យតែហ៊ាននិយាយប្រមាថព្រះរបស់លោកសាដ្រាក់ លោកមែសាក់ និងលោកអបេឌ-នេកោ ត្រូវតែទទួលទោសដល់ជីវិត ហើយផ្ទះរបស់គេនឹងត្រូវដុតឲ្យទៅជាផេះ ដ្បិតគ្មានព្រះណាអាចរំដោះមនុស្សដូចព្រះអង្គទេ»។
30. បន្ទាប់មក ព្រះរាជាប្រោសប្រទានឲ្យលោកសាដ្រាក់ លោកមែសាក់ និងលោកអបេឌ-នេកោ មានបុណ្យស័ក្ដិកាន់តែខ្ពង់ខ្ពស់ឡើង នៅក្នុងអាណាខេត្តបាប៊ីឡូន។