18. ទោះបីព្រះអង្គមិនរំដោះយើងខ្ញុំក្ដី សូមព្រះករុណាជ្រាបឲ្យបានច្បាស់ថា ទូលបង្គំយើងខ្ញុំមិនព្រមគោរពបម្រើព្រះទាំងប៉ុន្មានរបស់ព្រះករុណាឡើយ ហើយយើងខ្ញុំក៏មិនព្រមក្រាបថ្វាយបង្គំរូបបដិមាមាសដែលព្រះករុណាបានកសាងនេះដែរ»។
19. ពេលនោះ ព្រះចៅនេប៊ូក្នេសាទ្រង់ខ្ញាល់នឹងលោកសាដ្រាក់ លោកមែសាក់ និងលោកអបេឌ-នេកោយ៉ាងខ្លាំង ព្រះភ័ក្ត្ររបស់ស្ដេចបានផ្លាស់ប្រែ។ ទ្រង់ក៏បញ្ជាឲ្យគេដុតឡភ្លើងឲ្យក្ដៅជាងធម្មតាប្រាំពីរដង
20. រួចបញ្ជាទាហានខ្លះដែលមានកម្លាំងខ្លាំងក្លាឲ្យចាប់ចងលោកសាដ្រាក់ លោកមែសាក់ និងលោកអបេឌ-នេកោ ទម្លាក់ទៅក្នុងឡភ្លើងដែលឆេះយ៉ាងសន្ធោសន្ធៅ។
21. គេចងលោកទាំងបី ដោយទុកសម្លៀកបំពាក់ ទាំងក្នុងទាំងក្រៅជាប់នឹងខ្លួន និងឆ្នួតផង រួចបោះទៅក្នុងឡភ្លើងដែលឆេះយ៉ាងសន្ធោសន្ធៅ
22. ដោយសាររាជបញ្ជាដ៏តឹងតែង គេបានដុតភ្លើងយ៉ាងក្ដៅបំផុត រហូតដល់ធ្វើឲ្យទាហានដែលចាប់លោកសាដ្រាក់ លោកមែសាក់ និងលោកអបេឌ-នេកោ បោះទៅក្នុងភ្លើងនោះត្រូវស្លាប់។
23. ពេលនោះ លោកទាំងបី គឺសាដ្រាក់ មែសាក់ និងអេបេឌ-នេកោ ធ្លាក់ទៅក្នុងភ្លើងដែលឆេះយ៉ាងសន្ធោសន្ធៅ។
24. ពេលនោះ ព្រះចៅនេប៊ូក្នេសារន្ធត់ព្រះហឫទ័យជាខ្លាំង ទ្រង់ប្រញាប់ប្រញាល់ក្រោកឈរឡើង មានរាជឱង្ការទៅកាន់ក្រុមប្រឹក្សាថា៖ «តើយើងបានបោះមនុស្សបីនាក់ដែលជាប់ចំណងទៅក្នុងភ្លើងមែនឬមិនមែន?»។ ពួកគេទូ លព្រះរាជាថា៖ «ពិតមែនហើយ ព្រះករុណា!»។