1. ព្រះចៅនេប៊ូក្នេសាបានកសាងរូបបដិមាមួយពីមាស មានកំពស់ហុកសិបហត្ថ និងទទឹងប្រាំមួយហត្ថ។ ស្ដេចដំឡើងរូបនោះនៅវាលទំនាបឌូរ៉ា ក្នុងអាណាខេត្តបាប៊ីឡូន។
2. ព្រះចៅនេប៊ូក្នេសាចាត់គេឲ្យទៅប្រមូលមេទ័ព មន្ត្រីរដ្ឋបាល ចៅហ្វាយខេត្ត មន្ត្រីតុលាការ មន្ត្រីរក្សាព្រះរាជ្យទ្រព្យ ព្រះរាជអាជ្ញា ចៅក្រម និងនាម៉ឺនសព្វមុខមន្ត្រីនៅតាមអាណាខេត្តនានាមកចូលរួមក្នុងពិធីសម្ពោធរូបបដិមាដែលស្ដេចបានកសាង។
3. ពេលនោះ ពួកមេទ័ព មន្ត្រីរដ្ឋបាល ចៅហ្វាយខេត្ត មន្ត្រីតុលាការ មន្ត្រីរក្សាព្រះរាជ្យទ្រព្យ ព្រះរាជអាជ្ញា ចៅក្រម និងនាម៉ឺនសព្វមុខមន្ត្រីនៅតាមអាណាខេត្តនានាក៏មកជួបជុំគ្នា ដើម្បីប្រារព្ធពិធីសម្ពោធរូបបដិមាដោយនាំគ្នាឈរនៅមុខរូបដែលស្ដេចនេប៊ូក្នេសាបានកសាងនោះ។
4. មានអាមាត្យម្នាក់ស្រែកឡើងយ៉ាងខ្លាំងៗថា៖ «ប្រជាជនទាំងឡាយ ជាតិសាសន៍ទាំងឡាយ និងមនុស្សគ្រប់ភាសាអើយ! ចូរស្ដាប់រាជបញ្ជា!
5. ពេលណាអ្នករាល់គ្នាឮសំឡេងស្នែង ខ្លុយ ចាប៉ី ទ្រ ប៉ី គែន និងតន្ត្រីគ្រប់យ៉ាង ត្រូវនាំគ្នាអោនកាយក្រាបថ្វាយបង្គំរូបចម្លាក់មាស ដែលព្រះករុណានេប៊ូក្នេសាបានកសាង។
6. អ្នកណាមិនក្រាបថ្វាយបង្គំ អ្នកនោះនឹងត្រូវបោះភ្លាមៗទៅក្នុងភ្លើងដែលឆេះយ៉ាងសន្ធោសន្ធៅ»។
7. ហេតុនេះ ពេលបានឮសំឡេងស្នែង ខ្លុយ ចាប៉ី ទ្រ ប៉ី និងតន្ដ្រីគ្រប់យ៉ាង ប្រជាជនទាំងឡាយ ជាតិសាសន៍ទាំងឡាយ និងមនុស្សគ្រប់ភាសា អោនកាយក្រាបថ្វាយបង្គំរូបបដិមាមាសដែលព្រះចៅនេប៊ូក្នេសាបានកសាង។
8. នៅក្នុងពេលជាមួយគ្នានោះ មានជនជាតិខាល់ដេខ្លះនាំគ្នាចូលទៅប្ដឹង ដើម្បីចោទប្រកាន់ជនជាតិយូដា។
9. ពួកគេទូលព្រះចៅនេប៊ូក្នេសាថា៖ «បពិត្រព្រះរាជាសូមទ្រង់មានព្រះជន្មគង់នៅជាអង្វែងតរៀងទៅ!
10. បពិត្រព្រះករុណា ព្រះអង្គបានចេញបញ្ជាឲ្យមនុស្សទាំងអស់អោនកាយក្រាបថ្វាយបង្គំរូបបដិមាមាស នៅពេលគេឮសំឡេងស្នែង ខ្លុយ ចាប៉ី ទ្រ ប៉ីគែន និងតន្ត្រីគ្រប់យ៉ាង។
11. តាមបញ្ជានេះ អ្នកណាមិនអោនកាយក្រាបថ្វាយបង្គំទេ អ្នកនោះនឹងត្រូវបោះទៅក្នុងភ្លើងដែលឆេះយ៉ាងសន្ធោសន្ធៅ។
12. បពិត្រព្រះករុណា មានជនជាតិយូដាខ្លះដែលទ្រង់តែងតាំងឲ្យគ្រប់គ្រងលើអាណាខេត្តបាប៊ីឡូន គឺលោកសាដ្រាក់ លោកមែសាក់ និងលោកអបេឌ-នេកោ ពុំបានគោរពតាមរាជបញ្ជាទេ។ អ្នកទាំងនោះមិនគោរពបម្រើព្រះរបស់ព្រះករុណា ហើយក៏មិនក្រាបថ្វាយបង្គំរូបបដិមាដែលព្រះករុណាបានកសាងនោះដែរ»។
13. ពេលនោះ ព្រះចៅនេប៊ូក្នេសាទ្រង់ខ្ញាល់ ហើយក្ដៅក្រហាយជាខ្លាំង ស្ដេចក៏ចេញបញ្ជាឲ្យគេនាំលោកសាដ្រាក់ លោកមែសាក់ និងលោកអបេឌ-នេកោមក។ គេក៏នាំលោកទាំងបីមកគាល់ស្ដេច។
14. ព្រះចៅនេប៊ូក្នេសាមានព្រះរាជឱង្ការទៅកាន់លោកទាំងបីថា៖ «សាដ្រាក់ មែសាក់ និងអបេឌ-នេកោ អស់លោកពិតជាមិនគោរពបម្រើព្រះរបស់យើង ហើយមិនព្រមក្រាបថ្វាយបង្គំរូបបដិមាមាស ដែលយើងបានកសាងមែនឬ?