9. គឺប្រសិនបើអ្នករាល់គ្នាមិនប្រាប់ឲ្យយើងដឹងអំពីសុបិននេះទេ យើងនឹងធ្វើទោសអ្នករាល់គ្នាមិនខាន។ អ្នករាល់គ្នាបានឃុបឃិតគ្នា ប្រឌិតរឿងក្លែងក្លាយបញ្ឆោតយើង ដើម្បីឲ្យបានចំណេញពេល។ ឥឡូវនេះ ត្រូវប្រាប់ឲ្យយើងដឹងអំពីសុបិនមក នោះយើងនឹងឃើញថា អ្នករាល់គ្នាពិតជាអាចបកស្រាយអត្ថន័យប្រាប់យើងមែន!»។
10. គ្រូទាយទាំងនោះទូលព្រះមហាក្សត្រថា៖ «បពិត្រព្រះរាជា នៅលើផែនដី ពុំមាននរណាម្នាក់អាចធ្វើតាមបញ្ជារបស់ព្រះករុណាបានឡើយ។ គ្មានស្ដេចណាមួយ ទោះបីជាស្ដេចដ៏ធំឧត្ដុង្គឧត្ដម និងមានឫទ្ធិអំណាចយ៉ាងណាក្ដី ធ្លាប់បង្ខំគ្រូមន្តអាគម ហោរា និងគ្រូទាយឲ្យធ្វើការអ្វីដូចព្រះករុណាបានបង្គាប់នេះទេ។
11. ព្រះករុណាបញ្ជាដូច្នេះហួសពីសមត្ថភាពដែលមនុស្សអាចធ្វើបាន ក្រៅពីព្រះដែលមិនស្ថិតនៅក្នុងចំណោមសត្វលោកនេះ គ្មាននរណាម្នាក់អាចធ្វើតាមបញ្ជារបស់ព្រះករុណាបានទេ»។
12. ពេលឮដូច្នេះ ព្រះរាជាក្រេវក្រោធយ៉ាងខ្លាំងឥតឧបមា ទ្រង់ក៏ចេញបញ្ជាឲ្យគេប្រហារជីវិតអ្នកប្រាជ្ញទាំងប៉ុន្មាននៅស្រុកបាប៊ីឡូន។
13. គេបានប្រកាសផ្សាយរាជបញ្ជា ហើយពួកអ្នកប្រាជ្ញត្រូវគេនាំយកទៅ បម្រុងនឹងប្រហារជីវិត។ គេក៏រកចាប់លោកដានីយ៉ែល និងមិត្តភក្ដិរបស់លោកយកទៅសម្លាប់ដែរ។
14. លោកអើយ៉ុក ជាមេបញ្ជាការកងរក្សាព្រះមហាក្សត្រទទួលបន្ទុកចាប់អ្នកប្រាជ្ញស្រុកបាប៊ីឡូនយកទៅប្រហារជីវិត។ ពេលនោះ លោកដានីយ៉ែលបានសាកសួរដោយប្រុងប្រយ័ត្ន និងវាងវៃថា៖
15. «ហេតុដូចម្ដេចបានជាព្រះមហាក្សត្រចេញបញ្ជាតឹងរ៉ឹងបែបនេះ?»។ លោកអើយ៉ុកក៏រៀបរាប់រឿងហេតុប្រាប់លោកដានីយ៉ែល។
16. លោកដានីយ៉ែលទៅគាល់ព្រះរាជា ទូលសូមពន្យារពេល ដើម្បីទុកឲ្យលោកពន្យល់អត្ថន័យនៃសុបិនថ្វាយ។
17. បន្ទាប់មក លោកទៅផ្ទះវិញ ជម្រាបលោកហាណានា លោកមីសាអែល និងលោកអសារាជាមិត្តភក្ដិឲ្យបានជ្រាបពីហេតុការណ៍នេះ
18. ហើយបបួលគ្នាទូលអង្វរព្រះជាម្ចាស់នៃស្ថានបរមសុខ សូមទ្រង់អាណិតមេត្តាបំភ្លឺលោកឲ្យយល់អាថ៌កំបាំងនេះ កុំឲ្យគេប្រហារជីវិតលោក និងមិត្តភក្ដិ ព្រមទាំងអ្នកប្រាជ្ញឯទៀតៗនៅស្រុកបាប៊ីឡូនឡើយ។