41. ព្រះករុណាបានទតឃើញប្រអប់ជើង និងម្រាមជើង ដែលមួយផ្នែកធ្វើអំពីដីឥដ្ឋរបស់ជាងស្មូន និងមួយផ្នែកទៀតធ្វើអំពីដែក គឺសំដៅទៅលើរាជាណាចក្រនោះដែលនឹងត្រូវបែងចែកជាពីរ ប៉ុន្តែ រាជាណាចក្រនោះមានមួយផ្នែករឹងមាំដូចដែក ដ្បិតព្រះករុណាបានឃើញដែកជាប់ជាមួយដីឥដ្ឋ។
42. ម្រាមជើងរបស់រូបបដិមាមានមួយផ្នែកធ្វើពីដែក និងមួយផ្នែកទៀតធ្វើពីដីឥដ្ឋ បានសេចក្ដីថា រាជាណាចក្រនោះនឹងមានឫទ្ធិអំណាចមួយផ្នែក ហើយក៏ខ្សោយមួយផ្នែកដែរ។
43. ព្រះករុណាទតឃើញដែកជាប់ជាមួយដីឥដ្ឋ ព្រោះរាជាណាចក្រនោះតភ្ជាប់គ្នា ដោយសារចំណងស្ពានមេត្រីរបស់មនុស្ស តែគេមិនរលាយចូលគ្នាទេ គឺដូចដែក និងដីឥដ្ឋ ពុំអាចរលាយចូលគ្នាបានឡើយ។
44. ក្នុងរជ្ជកាលរបស់ស្ដេចទាំងនោះ ព្រះជាម្ចាស់នៃស្ថានបរមសុខនឹងធ្វើឲ្យរាជាណាចក្រមួយទៀតកើតឡើង ដែលមិនរលាយ ហើយក៏មិនធ្លាក់ទៅក្រោមអំណាចគ្រប់គ្រងរបស់ប្រជាជាតិណាមួយឡើយ។ រាជាណាចក្រមួយនេះនឹងកម្ទេចរាជាណាចក្រឯទៀតៗទាំងប៉ុន្មាន ដែលមានពីមុនឲ្យវិនាសសូន្យ ហើយរាជាណាចក្រនេះនឹងនៅស្ថិតស្ថេររហូតតទៅ
45. ដូចព្រះករុណាបានឃើញថ្មធ្លាក់ចុះពីលើភ្នំ ដោយឯកឯង កម្ទេចដែកលង្ហិនដីឥដ្ឋ និងមាសដែរ។ ព្រះជាម្ចាស់ដ៏ឧត្ដមបានបង្ហាញឲ្យព្រះករុណាជ្រាបអំពីហេតុការណ៍ ដែលនឹងកើតមាននៅពេលខាងមុខ។ សុបិនរបស់ព្រះករុណាជាការពិត និងមានអត្ថន័យគួរឲ្យជឿទុកចិត្ត»។
46. ពេលនោះ ព្រះចៅនេប៊ូក្នេសាក្រាបចុះ អោនព្រះភ័ក្ត្រដល់ដី ថ្វាយបង្គំលោកដានីយ៉ែល ហើយបញ្ជាឲ្យគេធ្វើយញ្ញបូជា និងដុតគ្រឿងក្រអូប ដើម្បីគោរពលោក។
47. ព្រះរាជាមានរាជឱង្ការមកលោកដានីយ៉ែលថា៖ «ព្រះរបស់អស់លោកពិតជាព្រះលើព្រះនានា និងជាព្រះអម្ចាស់លើព្រះអម្ចាស់នានាមែន! មានតែព្រះអង្គទេដែលសម្តែងគម្រោងការដ៏លាក់កំបាំងទាំងឡាយ ហេតុនេះហើយបានជាលោករកឃើញគម្រោងការដ៏លាក់កំបាំងនេះ»។