40. លុះក្រោយមកទៀត មានរាជាណាចក្រទីបួនរឹងមាំដូចដែក។ ដែកកម្ទេច ហើយបំបាក់អ្វីៗទាំងអស់យ៉ាងណា រាជាណាចក្រនោះនឹងកម្ទេច ហើយបំបែកអ្វីៗទាំងអស់យ៉ាងនោះដែរ។
41. ព្រះករុណាបានទតឃើញប្រអប់ជើង និងម្រាមជើង ដែលមួយផ្នែកធ្វើអំពីដីឥដ្ឋរបស់ជាងស្មូន និងមួយផ្នែកទៀតធ្វើអំពីដែក គឺសំដៅទៅលើរាជាណាចក្រនោះដែលនឹងត្រូវបែងចែកជាពីរ ប៉ុន្តែ រាជាណាចក្រនោះមានមួយផ្នែករឹងមាំដូចដែក ដ្បិតព្រះករុណាបានឃើញដែកជាប់ជាមួយដីឥដ្ឋ។
42. ម្រាមជើងរបស់រូបបដិមាមានមួយផ្នែកធ្វើពីដែក និងមួយផ្នែកទៀតធ្វើពីដីឥដ្ឋ បានសេចក្ដីថា រាជាណាចក្រនោះនឹងមានឫទ្ធិអំណាចមួយផ្នែក ហើយក៏ខ្សោយមួយផ្នែកដែរ។
43. ព្រះករុណាទតឃើញដែកជាប់ជាមួយដីឥដ្ឋ ព្រោះរាជាណាចក្រនោះតភ្ជាប់គ្នា ដោយសារចំណងស្ពានមេត្រីរបស់មនុស្ស តែគេមិនរលាយចូលគ្នាទេ គឺដូចដែក និងដីឥដ្ឋ ពុំអាចរលាយចូលគ្នាបានឡើយ។
44. ក្នុងរជ្ជកាលរបស់ស្ដេចទាំងនោះ ព្រះជាម្ចាស់នៃស្ថានបរមសុខនឹងធ្វើឲ្យរាជាណាចក្រមួយទៀតកើតឡើង ដែលមិនរលាយ ហើយក៏មិនធ្លាក់ទៅក្រោមអំណាចគ្រប់គ្រងរបស់ប្រជាជាតិណាមួយឡើយ។ រាជាណាចក្រមួយនេះនឹងកម្ទេចរាជាណាចក្រឯទៀតៗទាំងប៉ុន្មាន ដែលមានពីមុនឲ្យវិនាសសូន្យ ហើយរាជាណាចក្រនេះនឹងនៅស្ថិតស្ថេររហូតតទៅ
45. ដូចព្រះករុណាបានឃើញថ្មធ្លាក់ចុះពីលើភ្នំ ដោយឯកឯង កម្ទេចដែកលង្ហិនដីឥដ្ឋ និងមាសដែរ។ ព្រះជាម្ចាស់ដ៏ឧត្ដមបានបង្ហាញឲ្យព្រះករុណាជ្រាបអំពីហេតុការណ៍ ដែលនឹងកើតមាននៅពេលខាងមុខ។ សុបិនរបស់ព្រះករុណាជាការពិត និងមានអត្ថន័យគួរឲ្យជឿទុកចិត្ត»។
46. ពេលនោះ ព្រះចៅនេប៊ូក្នេសាក្រាបចុះ អោនព្រះភ័ក្ត្រដល់ដី ថ្វាយបង្គំលោកដានីយ៉ែល ហើយបញ្ជាឲ្យគេធ្វើយញ្ញបូជា និងដុតគ្រឿងក្រអូប ដើម្បីគោរពលោក។
47. ព្រះរាជាមានរាជឱង្ការមកលោកដានីយ៉ែលថា៖ «ព្រះរបស់អស់លោកពិតជាព្រះលើព្រះនានា និងជាព្រះអម្ចាស់លើព្រះអម្ចាស់នានាមែន! មានតែព្រះអង្គទេដែលសម្តែងគម្រោងការដ៏លាក់កំបាំងទាំងឡាយ ហេតុនេះហើយបានជាលោករកឃើញគម្រោងការដ៏លាក់កំបាំងនេះ»។
48. បន្ទាប់មក ព្រះរាជាបានលើកតម្កើងលោកដានីយ៉ែល ព្រមទាំងប្រទានរង្វាន់ដ៏មានតម្លៃយ៉ាងច្រើនដល់លោក។ ស្ដេចក៏ប្រទានឲ្យលោកត្រួតត្រាលើអាណាខេត្តបាប៊ីឡូនទាំងមូល និងឲ្យលោកធ្វើជាប្រមុខលើពួកអ្នកប្រាជ្ញទាំងអស់នៅស្រុកបាប៊ីឡូន។
49. លោកដានីយ៉ែលទូលអង្វរស្ដេច សូមទ្រង់ប្រទានឲ្យលោកសាដ្រាក់ លោកមែសាក់ និងលោកអបេឌ-នេកោ គ្រប់គ្រងលើអាណាខេត្តបាប៊ីឡូន ហើយខ្លួនលោកផ្ទាល់នៅបម្រើព្រះមហាក្សត្រក្នុងព្រះបរមរាជវាំង។