29. បពិត្រព្រះរាជា ពេលទ្រង់ផ្ទំ ព្រលឹងរបស់ព្រះរាជាបានឃើញហេតុការណ៍ដែលនឹងកើតមាននៅពេលខាងមុខ។ ព្រះដែលសម្តែងគម្រោងការដ៏លាក់កំបាំង សព្វព្រះហឫទ័យឲ្យព្រះករុណាជ្រាបអំពីការដែលនឹងកើតមាននៅអនាគត។
30. ព្រះជាម្ចាស់បានសម្តែងឲ្យទូលបង្គំស្គាល់គម្រោងការដ៏លាក់កំបាំងដូច្នេះ មិនមែនមកពីទូលបង្គំមានប្រាជ្ញាលើសមនុស្សទាំងអស់ទេ គឺព្រះអង្គសព្វព្រះហឫទ័យឲ្យទូលបង្គំពន្យល់អត្ថន័យថ្វាយព្រះករុណា ហើយឲ្យព្រះករុណាជ្រាបពីគំនិត ដែលស្ថិតនៅក្នុងព្រះហឫទ័យរបស់ព្រះករុណាផ្ទាល់។
31. បពិត្រព្រះរាជា ក្នុងសុបិននិមិត្ត ទ្រង់ឃើញរូបបដិមាមួយ ដែលមានទំហំយ៉ាងធំពន់ពេកក្រៃ ហើយថ្កុំថ្កើងរុងរឿងអស្ចារ្យណាស់។ រូបនោះឈរនៅមុខព្រះករុណា និងមានសភាពគួរឲ្យស្ញែងខ្លាច។
32. ក្បាលរបស់រូបនោះធ្វើពីមាសសុទ្ធ ទ្រូង និងដៃធ្វើពីប្រាក់ ពោះ និងភ្លៅធ្វើពីលង្ហិន
33. ជើងទាំងពីរធ្វើពីដែក ហើយប្រអប់ជើងទាំងពីរមានមួយផ្នែកធ្វើពីដែក និងមួយផ្នែកទៀតធ្វើពីដីឥដ្ឋ។
34. ពេលព្រះករុណាកំពុងតែទតមើលនោះ ស្រាប់តែមានថ្មមួយដុំធ្លាក់ចុះមកដោយឯកឯង ហើយទង្គិចនឹងប្រអប់ជើងដែលធ្វើពីដែក និងដីឥដ្ឋ ធ្វើឲ្យប្រអប់ជើងរបស់រូបបដិមាបាក់បែកខ្ទេចខ្ទីអស់។
35. ពេលនោះ ដែក ដីឥដ្ឋ លង្ហិន ប្រាក់ និងមាស ក៏បាក់បែកខ្ទេចខ្ទីក្លាយទៅជាធូលីដែលត្រូវខ្យល់ផាត់បាត់ទៅ ដូចសម្ដីនៅក្នុងលានបោកបែនស្រូវដែរ គឺឥតទុកស្នាមអ្វីសោះឡើយ។ រីឯដុំថ្មដែលទង្គិចនឹងរូបបដិមានោះ បានក្លាយទៅជាភ្នំមួយយ៉ាងធំ ពេញផែនដីទាំងមូល។
36. នេះហើយសុបិនរបស់ព្រះករុណា ដែលយើងខ្ញុំសូមកាត់ស្រាយថ្វាយដូចតទៅ:
37. បពិត្រព្រះរាជា ទ្រង់ជាព្រះមហាក្សត្រលើព្រះមហាក្សត្រនានា ដ្បិតព្រះជាម្ចាស់នៃស្ថានបរមសុខបានប្រទានរាជសម្បត្តិ ឫទ្ធានុភាព ចេស្ដា និងសិរីរុងរឿង មកព្រះករុណា។
38. ព្រះអង្គបានប្រទានមនុស្សលោក សត្វព្រៃ និងបក្សាបក្សីនៅលើមេឃ មកក្នុងព្រះហស្ដព្រះករុណា ឲ្យព្រះករុណាគ្រប់គ្រងលើទាំងអស់ ទោះបីនៅទីណាក៏ដោយ។ ព្រះករុណានេះហើយជាក្បាលរូបបដិមាធ្វើពីមាស។
39. បន្ទាប់ពីព្រះករុណានឹងមានរាជាណាចក្រមួយទៀតកើតឡើង ប៉ុន្តែ ខ្សោយជាងរាជាណាចក្ររបស់ព្រះករុណា។ ក្រោយមក មានរាជាណាចក្រទីបី គឺលង្ហិនគ្រប់គ្រងលើពិភពលោកទាំងមូល។