ដានី‌យ៉ែល 2:29-36 Khmer Standard Version (KHSV)

29. បពិត្រ​ព្រះ‌រាជា ពេល​ទ្រង់​ផ្ទំ ព្រលឹង​របស់​ព្រះ‌រាជា​បាន​ឃើញ​ហេតុ‌ការណ៍​ដែល​នឹង​កើត​មាន​នៅ​ពេល​ខាង​មុខ។ ព្រះ​ដែល​សម្តែង​គម្រោង‌ការ​ដ៏​លាក់​កំបាំង សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​ព្រះ‌ករុណា​ជ្រាប​អំពី​ការ​ដែល​នឹង​កើត​មាន​នៅ​អនាគត។

30. ព្រះ‌ជាម្ចាស់​បាន​សម្តែង​ឲ្យ​ទូលបង្គំ​ស្គាល់​គម្រោង‌ការ​ដ៏​លាក់​កំបាំង​ដូច្នេះ មិន​មែន​មក​ពី​ទូលបង្គំ​មាន​ប្រាជ្ញា​លើស​មនុស្ស​ទាំង​អស់​ទេ គឺ​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​ទូលបង្គំ​ពន្យល់​អត្ថ‌ន័យ​ថ្វាយ​ព្រះ‌ករុណា ហើយ​ឲ្យ​ព្រះ‌ករុណា​ជ្រាប​ពី​គំនិត ដែល​ស្ថិត​នៅ​ក្នុង​ព្រះ‌ហឫទ័យ​របស់​ព្រះ‌ករុណា​ផ្ទាល់។

31. បពិត្រ​ព្រះ‌រាជា ក្នុង​សុបិន​និមិត្ត ទ្រង់​ឃើញ​រូប​បដិមា​មួយ ដែល​មាន​ទំហំ​យ៉ាង​ធំ​ពន់​ពេក​ក្រៃ ហើយ​ថ្កុំ‌ថ្កើង​រុងរឿង​អស្ចារ្យ​ណាស់។ រូប​នោះ​ឈរ​នៅ​មុខ​ព្រះ‌ករុណា និង​មាន​សភាព​គួរ​ឲ្យ​ស្ញែង​ខ្លាច។

32. ក្បាល​របស់​រូប​នោះ​ធ្វើ​ពី​មាស​សុទ្ធ ទ្រូង និង​ដៃ​ធ្វើ​ពី​ប្រាក់ ពោះ និង​ភ្លៅ​ធ្វើ​ពី​លង្ហិន

33. ជើង​ទាំង​ពីរ​ធ្វើ​ពី​ដែក ហើយ​ប្រអប់​ជើង​ទាំង​ពីរ​មាន​មួយ​ផ្នែក​ធ្វើ​ពី​ដែក និង​មួយ​ផ្នែក​ទៀត​ធ្វើ​ពី​ដី​ឥដ្ឋ។

34. ពេល​ព្រះ‌ករុណា​កំពុង​តែ​ទត​មើល​នោះ ស្រាប់​តែ​មាន​ថ្ម​មួយ​ដុំ​ធ្លាក់​ចុះ​មក​ដោយ​ឯក‌ឯង ហើយ​ទង្គិច​នឹង​ប្រអប់​ជើង​ដែល​ធ្វើ​ពី​ដែក និង​ដី​ឥដ្ឋ ធ្វើ​ឲ្យ​ប្រអប់​ជើង​របស់​រូប​បដិមា​បាក់​បែក​ខ្ទេច‌ខ្ទី​អស់។

35. ពេល​នោះ ដែក ដី​ឥដ្ឋ លង្ហិន ប្រាក់ និង​មាស ក៏​បាក់​បែក​ខ្ទេច‌ខ្ទី​ក្លាយ​ទៅ​ជា​ធូលី​ដែល​ត្រូវ​ខ្យល់​ផាត់​បាត់​ទៅ ដូច​សម្ដី​នៅ​ក្នុង​លាន​បោក​បែន​ស្រូវ​ដែរ គឺ​ឥត​ទុក​ស្នាម​អ្វី​សោះ​ឡើយ។ រីឯ​ដុំ​ថ្ម​ដែល​ទង្គិច​នឹង​រូប​បដិមា​នោះ បាន​ក្លាយ​ទៅ​ជា​ភ្នំ​មួយ​យ៉ាង​ធំ ពេញ​ផែនដី​ទាំង​មូល។

36. នេះ​ហើយ​សុបិន​របស់​ព្រះ‌ករុណា ដែល​យើង​ខ្ញុំ​សូម​កាត់​ស្រាយ​ថ្វាយ​ដូច​ត​ទៅ:

ដានី‌យ៉ែល 2