21. ព្រះអង្គប្រកបដោយព្រះប្រាជ្ញាញាណនិងព្រះចេស្ដាព្រះអង្គធ្វើឲ្យពេលវេលានិងរដូវកាលផ្លាស់ប្ដូរជាបន្តបន្ទាប់គ្នាព្រះអង្គទម្លាក់ស្ដេចនានាពីរាជបល្ល័ង្កព្រះអង្គលើកស្ដេចនានាឲ្យឡើងគ្រងរាជ្យព្រះអង្គប្រទានប្រាជ្ញាដល់ពួកអ្នកប្រាជ្ញនិងប្រទានចំណេះដល់អ្នកដែលចេះពិចារណា
22. ព្រះអង្គសម្តែងឲ្យស្គាល់អ្វីៗដែលមានអត្ថន័យជ្រៅជ្រះ និងលាក់កំបាំងព្រះអង្គឈ្វេងយល់អ្វីៗដែលស្ថិតនៅក្នុងភាពងងឹតដ្បិតមានពន្លឺស្ថិតនៅជាមួយព្រះអង្គ។
23. បពិត្រព្រះនៃបុព្វបុរសរបស់ទូលបង្គំទូលបង្គំសូមសរសើរ និងលើកតម្កើងព្រះអង្គព្រោះព្រះអង្គប្រទានប្រាជ្ញានិងកម្លាំងមកទូលបង្គំ។ព្រះអង្គបានសម្តែងឲ្យទូលបង្គំស្គាល់នូវអ្វីៗដែលយើងខ្ញុំទូលសូមព្រះអង្គហើយព្រះអង្គក៏បានសម្តែងឲ្យយើងដឹងអំពីហេតុការណ៍ដែលនឹងកើតមានដល់ព្រះរាជាដែរ»។
24. បន្ទាប់មក លោកដានីយ៉ែលទៅជួបលោកអើយ៉ុក ដែលទទួលបញ្ជាពីស្ដេចក្នុងការប្រហារជីវិតពួកអ្នកប្រាជ្ញនៅស្រុកបាប៊ីឡូន។ លោកប្រាប់គាត់ថា៖ «សូមកុំប្រហារជីវិតអ្នកប្រាជ្ញរបស់ស្រុកបាប៊ីឡូនឡើយ តែសូមនាំខ្ញុំចូលទៅគាល់ព្រះករុណាវិញ ខ្ញុំនឹងកាត់ស្រាយអត្ថន័យសុបិនថ្វាយ»។
25. លោកអើយ៉ុកក៏ប្រញាប់ប្រញាល់នាំលោកដានីយ៉ែលទៅគាល់ព្រះមហាក្សត្រ ហើយទូលថា៖ «ទូលបង្គំរកបានបុរសម្នាក់ ក្នុងចំណោមជនជាតិយូដាដែលទ្រង់ជន្លៀសយកមក គាត់អាចកាត់ស្រាយអត្ថន័យនៃសុបិនថ្វាយព្រះករុណាបាន»។
26. ព្រះរាជាមានរាជឱង្ការមកកាន់លោកដានីយ៉ែល ហៅបេលថិស្សាសារថា៖ «តើលោកពិតជាអាចធ្វើឲ្យយើងនឹកឃើញសុបិនដែលយើងបាននិមិត្ត ព្រមទាំងកាត់ស្រាយអត្ថន័យបានមែនឬ?»។
27. លោកដានីយ៉ែលទូលព្រះរាជាវិញថា៖ «អាថ៌កំបាំងដែលព្រះករុណាចង់ដឹងនោះ គ្មានអ្នកប្រាជ្ញ ហោរា គ្រូមន្តអាគម ឬគ្រូទាយណាអាចទូលថ្វាយព្រះករុណាបានទេ។
28. ប៉ុន្តែ នៅស្ថានបរមសុខមានព្រះមួយអង្គ ដែលសម្តែងគម្រោងការដ៏លាក់កំបាំងផ្សេងៗ ហើយព្រះអង្គប្រោសប្រទានឲ្យព្រះករុណា នេប៊ូក្នេសា ជ្រាបអំពីហេតុការណ៍ដែលនឹងកើតមាននៅអនាគតកាល។ សូមទ្រង់ព្រះសណ្ដាប់អំពីសុបិន និងនិមិត្តហេតុដ៏អស្ចារ្យ ដែលព្រះករុណាបានឃើញនៅពេលផ្ទំ ដូចតទៅ:
29. បពិត្រព្រះរាជា ពេលទ្រង់ផ្ទំ ព្រលឹងរបស់ព្រះរាជាបានឃើញហេតុការណ៍ដែលនឹងកើតមាននៅពេលខាងមុខ។ ព្រះដែលសម្តែងគម្រោងការដ៏លាក់កំបាំង សព្វព្រះហឫទ័យឲ្យព្រះករុណាជ្រាបអំពីការដែលនឹងកើតមាននៅអនាគត។
30. ព្រះជាម្ចាស់បានសម្តែងឲ្យទូលបង្គំស្គាល់គម្រោងការដ៏លាក់កំបាំងដូច្នេះ មិនមែនមកពីទូលបង្គំមានប្រាជ្ញាលើសមនុស្សទាំងអស់ទេ គឺព្រះអង្គសព្វព្រះហឫទ័យឲ្យទូលបង្គំពន្យល់អត្ថន័យថ្វាយព្រះករុណា ហើយឲ្យព្រះករុណាជ្រាបពីគំនិត ដែលស្ថិតនៅក្នុងព្រះហឫទ័យរបស់ព្រះករុណាផ្ទាល់។
31. បពិត្រព្រះរាជា ក្នុងសុបិននិមិត្ត ទ្រង់ឃើញរូបបដិមាមួយ ដែលមានទំហំយ៉ាងធំពន់ពេកក្រៃ ហើយថ្កុំថ្កើងរុងរឿងអស្ចារ្យណាស់។ រូបនោះឈរនៅមុខព្រះករុណា និងមានសភាពគួរឲ្យស្ញែងខ្លាច។
32. ក្បាលរបស់រូបនោះធ្វើពីមាសសុទ្ធ ទ្រូង និងដៃធ្វើពីប្រាក់ ពោះ និងភ្លៅធ្វើពីលង្ហិន
33. ជើងទាំងពីរធ្វើពីដែក ហើយប្រអប់ជើងទាំងពីរមានមួយផ្នែកធ្វើពីដែក និងមួយផ្នែកទៀតធ្វើពីដីឥដ្ឋ។
34. ពេលព្រះករុណាកំពុងតែទតមើលនោះ ស្រាប់តែមានថ្មមួយដុំធ្លាក់ចុះមកដោយឯកឯង ហើយទង្គិចនឹងប្រអប់ជើងដែលធ្វើពីដែក និងដីឥដ្ឋ ធ្វើឲ្យប្រអប់ជើងរបស់រូបបដិមាបាក់បែកខ្ទេចខ្ទីអស់។
35. ពេលនោះ ដែក ដីឥដ្ឋ លង្ហិន ប្រាក់ និងមាស ក៏បាក់បែកខ្ទេចខ្ទីក្លាយទៅជាធូលីដែលត្រូវខ្យល់ផាត់បាត់ទៅ ដូចសម្ដីនៅក្នុងលានបោកបែនស្រូវដែរ គឺឥតទុកស្នាមអ្វីសោះឡើយ។ រីឯដុំថ្មដែលទង្គិចនឹងរូបបដិមានោះ បានក្លាយទៅជាភ្នំមួយយ៉ាងធំ ពេញផែនដីទាំងមូល។
36. នេះហើយសុបិនរបស់ព្រះករុណា ដែលយើងខ្ញុំសូមកាត់ស្រាយថ្វាយដូចតទៅ:
37. បពិត្រព្រះរាជា ទ្រង់ជាព្រះមហាក្សត្រលើព្រះមហាក្សត្រនានា ដ្បិតព្រះជាម្ចាស់នៃស្ថានបរមសុខបានប្រទានរាជសម្បត្តិ ឫទ្ធានុភាព ចេស្ដា និងសិរីរុងរឿង មកព្រះករុណា។
38. ព្រះអង្គបានប្រទានមនុស្សលោក សត្វព្រៃ និងបក្សាបក្សីនៅលើមេឃ មកក្នុងព្រះហស្ដព្រះករុណា ឲ្យព្រះករុណាគ្រប់គ្រងលើទាំងអស់ ទោះបីនៅទីណាក៏ដោយ។ ព្រះករុណានេះហើយជាក្បាលរូបបដិមាធ្វើពីមាស។