ដានី‌យ៉ែល 2:17-31 Khmer Standard Version (KHSV)

17. បន្ទាប់​មក លោក​ទៅ​ផ្ទះ​វិញ ជម្រាប​លោក​ហាណា‌នា លោក​មីសា‌អែល និង​លោក​អសា‌រា​ជា​មិត្ត‌ភក្ដិ​ឲ្យ​បាន​ជ្រាប​ពី​ហេតុ‌ការណ៍​នេះ

18. ហើយ​បបួល​គ្នា​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់​នៃ​ស្ថាន​បរម‌សុខ សូម​ទ្រង់​អាណិត​មេត្តា​បំភ្លឺ​លោក​ឲ្យ​យល់​អាថ៌‌កំបាំង​នេះ កុំ​ឲ្យ​គេ​ប្រហារ​ជីវិត​លោក និង​មិត្ត‌ភក្ដិ ព្រម​ទាំង​អ្នក​ប្រាជ្ញ​ឯ​ទៀតៗ​នៅ​ស្រុក​បាប៊ី‌ឡូន​ឡើយ។

19. ពេល​នោះ ព្រះ‌ជាម្ចាស់​បាន​បំភ្លឺ​លោក​ដានី‌យ៉ែល​ឲ្យ​ដឹង​ការ​អាថ៌‌កំបាំង​នេះ តាម​រយៈ​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​នៅ​ពេល​យប់។ លោក​ដានី‌យ៉ែល​ក៏​លើក​តម្កើង​ព្រះ‌ជាម្ចាស់​នៃ​ស្ថាន​បរម‌សុខ*។

20. លោក​ពោល​ថា៖«សូម​លើក​តម្កើង​ព្រះ‌នាម​ព្រះ‌ជាម្ចាស់អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ!

21. ព្រះ‌អង្គ​ប្រកប​ដោយ​ព្រះ‌ប្រាជ្ញា‌ញាណនិង​ព្រះ‌ចេស្ដាព្រះ‌អង្គ​ធ្វើ​ឲ្យ​ពេល​វេលានិង​រដូវ​កាល​ផ្លាស់​ប្ដូរ​ជា​បន្ត​បន្ទាប់​គ្នាព្រះ‌អង្គ​ទម្លាក់​ស្ដេច​នានា​ពី​រាជ​បល្ល័ង្កព្រះ‌អង្គ​លើក​ស្ដេច​នានា​ឲ្យ​ឡើង​គ្រង​រាជ្យព្រះ‌អង្គ​ប្រទាន​ប្រាជ្ញា​ដល់​ពួក​អ្នក​ប្រាជ្ញនិង​ប្រទាន​ចំណេះ​ដល់​អ្នក​ដែល​ចេះ​ពិចារណា

22. ព្រះ‌អង្គ​សម្តែង​ឲ្យ​ស្គាល់​អ្វីៗដែល​មាន​អត្ថ‌ន័យ​ជ្រៅ‌ជ្រះ និង​លាក់​កំបាំងព្រះ‌អង្គ​ឈ្វេង​យល់​អ្វីៗ​ដែល​ស្ថិត​នៅ​ក្នុង​ភាព​ងងឹតដ្បិត​មាន​ពន្លឺ​ស្ថិត​នៅ​ជា​មួយ​ព្រះ‌អង្គ។

23. បពិត្រ​ព្រះ​នៃ​បុព្វបុរស​របស់​ទូលបង្គំទូលបង្គំ​សូម​សរសើរ និង​លើក​តម្កើង​ព្រះ‌អង្គព្រោះ​ព្រះ‌អង្គ​ប្រទាន​ប្រាជ្ញានិង​កម្លាំង​មក​ទូលបង្គំ។ព្រះ‌អង្គ​បាន​សម្តែង​ឲ្យ​ទូលបង្គំ​ស្គាល់​នូវ​អ្វីៗដែល​យើង​ខ្ញុំ​ទូល​សូម​ព្រះ‌អង្គហើយ​ព្រះ‌អង្គ​ក៏​បាន​សម្តែង​ឲ្យ​យើង​ដឹងអំពី​ហេតុ‌ការណ៍​ដែល​នឹង​កើត​មាន​ដល់ព្រះ‌រាជា​ដែរ»។

24. បន្ទាប់​មក លោក​ដានី‌យ៉ែល​ទៅ​ជួប​លោក​អើយ៉ុក ដែល​ទទួល​បញ្ជា​ពី​ស្ដេច​ក្នុង​ការ​ប្រហារ​ជីវិត​ពួក​អ្នក​ប្រាជ្ញ​នៅ​ស្រុក​បាប៊ី‌ឡូន។ លោក​ប្រាប់​គាត់​ថា៖ «សូម​កុំ​ប្រហារ​ជីវិត​អ្នក​ប្រាជ្ញ​របស់​ស្រុក​បាប៊ី‌ឡូន​ឡើយ តែ​សូម​នាំ​ខ្ញុំ​ចូល​ទៅ​គាល់​ព្រះ‌ករុណា​វិញ ខ្ញុំ​នឹង​កាត់​ស្រាយ​អត្ថ‌ន័យ​សុបិន​ថ្វាយ»។

25. លោក​អើយ៉ុក​ក៏​ប្រញាប់‌ប្រញាល់​នាំ​លោក​ដានី‌យ៉ែល​ទៅ​គាល់​ព្រះ‌មហា‌ក្សត្រ ហើយ​ទូល​ថា៖ «ទូលបង្គំ​រក​បាន​បុរស​ម្នាក់ ក្នុង​ចំណោម​ជន‌ជាតិ​យូដា​ដែល​ទ្រង់​ជន្លៀស​យក​មក គាត់​អាច​កាត់​ស្រាយ​អត្ថ‌ន័យ​នៃ​សុបិន​ថ្វាយ​ព្រះ‌ករុណា​បាន»។

26. ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​មក​កាន់​លោក​ដានី‌យ៉ែល ហៅ​បេល‌ថិស្សា‌សារ​ថា៖ «តើ​លោក​ពិត​ជា​អាច​ធ្វើ​ឲ្យ​យើង​នឹក​ឃើញ​សុបិន​ដែល​យើង​បាន​និមិត្ត ព្រម​ទាំង​កាត់​ស្រាយ​អត្ថ‌ន័យ​បាន​មែន​ឬ?»។

27. លោក​ដានី‌យ៉ែល​ទូល​ព្រះ‌រាជា​វិញ​ថា៖ «អាថ៌‌កំបាំង​ដែល​ព្រះ‌ករុណា​ចង់​ដឹង​នោះ គ្មាន​អ្នក​ប្រាជ្ញ ហោរា គ្រូ​មន្ត‌អាគម ឬ​គ្រូ​ទាយ​ណា​អាច​ទូល​ថ្វាយ​ព្រះ‌ករុណា​បាន​ទេ។

28. ប៉ុន្តែ នៅ​ស្ថាន​បរម‌សុខ​មាន​ព្រះ​មួយ​អង្គ ដែល​សម្តែង​គម្រោង‌ការ​ដ៏​លាក់​កំបាំង​ផ្សេងៗ ហើយ​ព្រះ‌អង្គ​ប្រោស​ប្រទាន​ឲ្យ​ព្រះ‌ករុណា នេប៊ូ‌ក្នេសា ជ្រាប​អំពី​ហេតុ‌ការណ៍​ដែល​នឹង​កើត​មាន​នៅ​អនាគត‌កាល។ សូម​ទ្រង់​ព្រះ‌សណ្ដាប់​អំពី​សុបិន និង​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ ដែល​ព្រះ‌ករុណា​បាន​ឃើញ​នៅ​ពេល​ផ្ទំ ដូច​ត​ទៅ:

29. បពិត្រ​ព្រះ‌រាជា ពេល​ទ្រង់​ផ្ទំ ព្រលឹង​របស់​ព្រះ‌រាជា​បាន​ឃើញ​ហេតុ‌ការណ៍​ដែល​នឹង​កើត​មាន​នៅ​ពេល​ខាង​មុខ។ ព្រះ​ដែល​សម្តែង​គម្រោង‌ការ​ដ៏​លាក់​កំបាំង សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​ព្រះ‌ករុណា​ជ្រាប​អំពី​ការ​ដែល​នឹង​កើត​មាន​នៅ​អនាគត។

30. ព្រះ‌ជាម្ចាស់​បាន​សម្តែង​ឲ្យ​ទូលបង្គំ​ស្គាល់​គម្រោង‌ការ​ដ៏​លាក់​កំបាំង​ដូច្នេះ មិន​មែន​មក​ពី​ទូលបង្គំ​មាន​ប្រាជ្ញា​លើស​មនុស្ស​ទាំង​អស់​ទេ គឺ​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​ទូលបង្គំ​ពន្យល់​អត្ថ‌ន័យ​ថ្វាយ​ព្រះ‌ករុណា ហើយ​ឲ្យ​ព្រះ‌ករុណា​ជ្រាប​ពី​គំនិត ដែល​ស្ថិត​នៅ​ក្នុង​ព្រះ‌ហឫទ័យ​របស់​ព្រះ‌ករុណា​ផ្ទាល់។

31. បពិត្រ​ព្រះ‌រាជា ក្នុង​សុបិន​និមិត្ត ទ្រង់​ឃើញ​រូប​បដិមា​មួយ ដែល​មាន​ទំហំ​យ៉ាង​ធំ​ពន់​ពេក​ក្រៃ ហើយ​ថ្កុំ‌ថ្កើង​រុងរឿង​អស្ចារ្យ​ណាស់។ រូប​នោះ​ឈរ​នៅ​មុខ​ព្រះ‌ករុណា និង​មាន​សភាព​គួរ​ឲ្យ​ស្ញែង​ខ្លាច។

ដានី‌យ៉ែល 2