17. បន្ទាប់មក លោកទៅផ្ទះវិញ ជម្រាបលោកហាណានា លោកមីសាអែល និងលោកអសារាជាមិត្តភក្ដិឲ្យបានជ្រាបពីហេតុការណ៍នេះ
18. ហើយបបួលគ្នាទូលអង្វរព្រះជាម្ចាស់នៃស្ថានបរមសុខ សូមទ្រង់អាណិតមេត្តាបំភ្លឺលោកឲ្យយល់អាថ៌កំបាំងនេះ កុំឲ្យគេប្រហារជីវិតលោក និងមិត្តភក្ដិ ព្រមទាំងអ្នកប្រាជ្ញឯទៀតៗនៅស្រុកបាប៊ីឡូនឡើយ។
19. ពេលនោះ ព្រះជាម្ចាស់បានបំភ្លឺលោកដានីយ៉ែលឲ្យដឹងការអាថ៌កំបាំងនេះ តាមរយៈនិមិត្តហេតុដ៏អស្ចារ្យនៅពេលយប់។ លោកដានីយ៉ែលក៏លើកតម្កើងព្រះជាម្ចាស់នៃស្ថានបរមសុខ*។
20. លោកពោលថា៖«សូមលើកតម្កើងព្រះនាមព្រះជាម្ចាស់អស់កល្បជាអង្វែងតរៀងទៅ!
21. ព្រះអង្គប្រកបដោយព្រះប្រាជ្ញាញាណនិងព្រះចេស្ដាព្រះអង្គធ្វើឲ្យពេលវេលានិងរដូវកាលផ្លាស់ប្ដូរជាបន្តបន្ទាប់គ្នាព្រះអង្គទម្លាក់ស្ដេចនានាពីរាជបល្ល័ង្កព្រះអង្គលើកស្ដេចនានាឲ្យឡើងគ្រងរាជ្យព្រះអង្គប្រទានប្រាជ្ញាដល់ពួកអ្នកប្រាជ្ញនិងប្រទានចំណេះដល់អ្នកដែលចេះពិចារណា
22. ព្រះអង្គសម្តែងឲ្យស្គាល់អ្វីៗដែលមានអត្ថន័យជ្រៅជ្រះ និងលាក់កំបាំងព្រះអង្គឈ្វេងយល់អ្វីៗដែលស្ថិតនៅក្នុងភាពងងឹតដ្បិតមានពន្លឺស្ថិតនៅជាមួយព្រះអង្គ។
23. បពិត្រព្រះនៃបុព្វបុរសរបស់ទូលបង្គំទូលបង្គំសូមសរសើរ និងលើកតម្កើងព្រះអង្គព្រោះព្រះអង្គប្រទានប្រាជ្ញានិងកម្លាំងមកទូលបង្គំ។ព្រះអង្គបានសម្តែងឲ្យទូលបង្គំស្គាល់នូវអ្វីៗដែលយើងខ្ញុំទូលសូមព្រះអង្គហើយព្រះអង្គក៏បានសម្តែងឲ្យយើងដឹងអំពីហេតុការណ៍ដែលនឹងកើតមានដល់ព្រះរាជាដែរ»។
24. បន្ទាប់មក លោកដានីយ៉ែលទៅជួបលោកអើយ៉ុក ដែលទទួលបញ្ជាពីស្ដេចក្នុងការប្រហារជីវិតពួកអ្នកប្រាជ្ញនៅស្រុកបាប៊ីឡូន។ លោកប្រាប់គាត់ថា៖ «សូមកុំប្រហារជីវិតអ្នកប្រាជ្ញរបស់ស្រុកបាប៊ីឡូនឡើយ តែសូមនាំខ្ញុំចូលទៅគាល់ព្រះករុណាវិញ ខ្ញុំនឹងកាត់ស្រាយអត្ថន័យសុបិនថ្វាយ»។
25. លោកអើយ៉ុកក៏ប្រញាប់ប្រញាល់នាំលោកដានីយ៉ែលទៅគាល់ព្រះមហាក្សត្រ ហើយទូលថា៖ «ទូលបង្គំរកបានបុរសម្នាក់ ក្នុងចំណោមជនជាតិយូដាដែលទ្រង់ជន្លៀសយកមក គាត់អាចកាត់ស្រាយអត្ថន័យនៃសុបិនថ្វាយព្រះករុណាបាន»។
26. ព្រះរាជាមានរាជឱង្ការមកកាន់លោកដានីយ៉ែល ហៅបេលថិស្សាសារថា៖ «តើលោកពិតជាអាចធ្វើឲ្យយើងនឹកឃើញសុបិនដែលយើងបាននិមិត្ត ព្រមទាំងកាត់ស្រាយអត្ថន័យបានមែនឬ?»។