13. គេបានប្រកាសផ្សាយរាជបញ្ជា ហើយពួកអ្នកប្រាជ្ញត្រូវគេនាំយកទៅ បម្រុងនឹងប្រហារជីវិត។ គេក៏រកចាប់លោកដានីយ៉ែល និងមិត្តភក្ដិរបស់លោកយកទៅសម្លាប់ដែរ។
14. លោកអើយ៉ុក ជាមេបញ្ជាការកងរក្សាព្រះមហាក្សត្រទទួលបន្ទុកចាប់អ្នកប្រាជ្ញស្រុកបាប៊ីឡូនយកទៅប្រហារជីវិត។ ពេលនោះ លោកដានីយ៉ែលបានសាកសួរដោយប្រុងប្រយ័ត្ន និងវាងវៃថា៖
15. «ហេតុដូចម្ដេចបានជាព្រះមហាក្សត្រចេញបញ្ជាតឹងរ៉ឹងបែបនេះ?»។ លោកអើយ៉ុកក៏រៀបរាប់រឿងហេតុប្រាប់លោកដានីយ៉ែល។
16. លោកដានីយ៉ែលទៅគាល់ព្រះរាជា ទូលសូមពន្យារពេល ដើម្បីទុកឲ្យលោកពន្យល់អត្ថន័យនៃសុបិនថ្វាយ។
17. បន្ទាប់មក លោកទៅផ្ទះវិញ ជម្រាបលោកហាណានា លោកមីសាអែល និងលោកអសារាជាមិត្តភក្ដិឲ្យបានជ្រាបពីហេតុការណ៍នេះ
18. ហើយបបួលគ្នាទូលអង្វរព្រះជាម្ចាស់នៃស្ថានបរមសុខ សូមទ្រង់អាណិតមេត្តាបំភ្លឺលោកឲ្យយល់អាថ៌កំបាំងនេះ កុំឲ្យគេប្រហារជីវិតលោក និងមិត្តភក្ដិ ព្រមទាំងអ្នកប្រាជ្ញឯទៀតៗនៅស្រុកបាប៊ីឡូនឡើយ។
19. ពេលនោះ ព្រះជាម្ចាស់បានបំភ្លឺលោកដានីយ៉ែលឲ្យដឹងការអាថ៌កំបាំងនេះ តាមរយៈនិមិត្តហេតុដ៏អស្ចារ្យនៅពេលយប់។ លោកដានីយ៉ែលក៏លើកតម្កើងព្រះជាម្ចាស់នៃស្ថានបរមសុខ*។
20. លោកពោលថា៖«សូមលើកតម្កើងព្រះនាមព្រះជាម្ចាស់អស់កល្បជាអង្វែងតរៀងទៅ!
21. ព្រះអង្គប្រកបដោយព្រះប្រាជ្ញាញាណនិងព្រះចេស្ដាព្រះអង្គធ្វើឲ្យពេលវេលានិងរដូវកាលផ្លាស់ប្ដូរជាបន្តបន្ទាប់គ្នាព្រះអង្គទម្លាក់ស្ដេចនានាពីរាជបល្ល័ង្កព្រះអង្គលើកស្ដេចនានាឲ្យឡើងគ្រងរាជ្យព្រះអង្គប្រទានប្រាជ្ញាដល់ពួកអ្នកប្រាជ្ញនិងប្រទានចំណេះដល់អ្នកដែលចេះពិចារណា
22. ព្រះអង្គសម្តែងឲ្យស្គាល់អ្វីៗដែលមានអត្ថន័យជ្រៅជ្រះ និងលាក់កំបាំងព្រះអង្គឈ្វេងយល់អ្វីៗដែលស្ថិតនៅក្នុងភាពងងឹតដ្បិតមានពន្លឺស្ថិតនៅជាមួយព្រះអង្គ។