1. នៅឆ្នាំទីពីរនៃរជ្ជកាលព្រះចៅនេប៊ូក្នេសា ទ្រង់បានយល់សុបិននិមិត្ត ដែលធ្វើឲ្យទ្រង់ខ្វល់ព្រះហឫទ័យ មិនអាចផ្ទំលក់ទៀតបានឡើយ។
2. ព្រះមហាក្សត្របានកោះហៅពួកគ្រូមន្តអាគម ហោរា គ្រូធ្មប់ និងគ្រូទាយមក ដើម្បីកាត់ស្រាយសុបិនថ្វាយព្រះរាជា គេក៏នាំគ្នាចូលមកគាល់ស្ដេច។
3. ព្រះមហាក្សត្រមានរាជឱង្ការថា៖ «យើងបានសុបិននិមិត្ត ហើយខ្វល់ខ្វាយក្នុងចិត្តណាស់ ព្រោះយើងចង់ដឹងថាបានសុបិនឃើញអ្វី»។
4. ពួកគ្រូទាយទូលស្ដេចវិញជាភាសាអារ៉ាមថា៖ «បពិត្រព្រះរាជា សូមទ្រង់មានព្រះជន្មគង់នៅជាយូរអង្វែងតរៀងទៅ! សូមព្រះករុណាមានរាជឱង្ការឲ្យយើងខ្ញុំដឹងផងថាព្រះករុណាទ្រង់សុបិនយ៉ាងណា យើងខ្ញុំនឹងកាត់ស្រាយអត្ថន័យថ្វាយ»។
5. ព្រះមហាក្សត្រមានរាជឱង្ការទៅកាន់គ្រូទាយទាំងនោះវិញថា៖ «យើងបានសម្រេចចិត្តដូចតទៅ: ប្រសិនបើអ្នករាល់គ្នាមិនប្រាប់ឲ្យយើងដឹងអំពីសុបិន ព្រមទាំងកាត់ស្រាយអត្ថន័យទេនោះ យើងនឹងកាប់ចិញ្ច្រាំអ្នករាល់គ្នា ហើយដុតផ្ទះអ្នករាល់គ្នាឲ្យទៅជាផេះទៀតផង។
6. ផ្ទុយទៅវិញ ប្រសិនបើអ្នករាល់គ្នាប្រាប់ឲ្យយើងដឹងអំពីសុបិន ព្រមទាំងកាត់ស្រាយន័យ យើងនឹងឲ្យរង្វាន់ដ៏មានតម្លៃ និងយសស័ក្ដិដ៏ខ្ពង់ខ្ពស់ដល់អ្នករាល់គ្នាទៀតផង។ ដូច្នេះ អ្នករាល់គ្នាត្រូវតែប្រាប់ឲ្យយើងដឹងអំពីសុបិន និងអត្ថន័យរបស់វា»។
7. ពួកគេទូលព្រះមហាក្សត្រសាជាថ្មីថា៖ «សូមព្រះករុណាប្រាប់យើងខ្ញុំឲ្យដឹងពីសុបិននោះមក យើងខ្ញុំនឹងកាត់ស្រាយអត្ថន័យថ្វាយ»។
8. ព្រះមហាក្សត្រមានរាជឱង្ការទៅពួកគេវិញថា៖ «យើងដឹងច្បាស់ណាស់ថា អ្នករាល់គ្នាចង់ពន្យារពេល ព្រោះតែយើងបានសម្រេចដូច្នេះ
9. គឺប្រសិនបើអ្នករាល់គ្នាមិនប្រាប់ឲ្យយើងដឹងអំពីសុបិននេះទេ យើងនឹងធ្វើទោសអ្នករាល់គ្នាមិនខាន។ អ្នករាល់គ្នាបានឃុបឃិតគ្នា ប្រឌិតរឿងក្លែងក្លាយបញ្ឆោតយើង ដើម្បីឲ្យបានចំណេញពេល។ ឥឡូវនេះ ត្រូវប្រាប់ឲ្យយើងដឹងអំពីសុបិនមក នោះយើងនឹងឃើញថា អ្នករាល់គ្នាពិតជាអាចបកស្រាយអត្ថន័យប្រាប់យើងមែន!»។
10. គ្រូទាយទាំងនោះទូលព្រះមហាក្សត្រថា៖ «បពិត្រព្រះរាជា នៅលើផែនដី ពុំមាននរណាម្នាក់អាចធ្វើតាមបញ្ជារបស់ព្រះករុណាបានឡើយ។ គ្មានស្ដេចណាមួយ ទោះបីជាស្ដេចដ៏ធំឧត្ដុង្គឧត្ដម និងមានឫទ្ធិអំណាចយ៉ាងណាក្ដី ធ្លាប់បង្ខំគ្រូមន្តអាគម ហោរា និងគ្រូទាយឲ្យធ្វើការអ្វីដូចព្រះករុណាបានបង្គាប់នេះទេ។
11. ព្រះករុណាបញ្ជាដូច្នេះហួសពីសមត្ថភាពដែលមនុស្សអាចធ្វើបាន ក្រៅពីព្រះដែលមិនស្ថិតនៅក្នុងចំណោមសត្វលោកនេះ គ្មាននរណាម្នាក់អាចធ្វើតាមបញ្ជារបស់ព្រះករុណាបានទេ»។
12. ពេលឮដូច្នេះ ព្រះរាជាក្រេវក្រោធយ៉ាងខ្លាំងឥតឧបមា ទ្រង់ក៏ចេញបញ្ជាឲ្យគេប្រហារជីវិតអ្នកប្រាជ្ញទាំងប៉ុន្មាននៅស្រុកបាប៊ីឡូន។
13. គេបានប្រកាសផ្សាយរាជបញ្ជា ហើយពួកអ្នកប្រាជ្ញត្រូវគេនាំយកទៅ បម្រុងនឹងប្រហារជីវិត។ គេក៏រកចាប់លោកដានីយ៉ែល និងមិត្តភក្ដិរបស់លោកយកទៅសម្លាប់ដែរ។
14. លោកអើយ៉ុក ជាមេបញ្ជាការកងរក្សាព្រះមហាក្សត្រទទួលបន្ទុកចាប់អ្នកប្រាជ្ញស្រុកបាប៊ីឡូនយកទៅប្រហារជីវិត។ ពេលនោះ លោកដានីយ៉ែលបានសាកសួរដោយប្រុងប្រយ័ត្ន និងវាងវៃថា៖
15. «ហេតុដូចម្ដេចបានជាព្រះមហាក្សត្រចេញបញ្ជាតឹងរ៉ឹងបែបនេះ?»។ លោកអើយ៉ុកក៏រៀបរាប់រឿងហេតុប្រាប់លោកដានីយ៉ែល។