4. ចំពោះលោកវិញ លោកដានីយ៉ែលអើយ សូមលាក់សេចក្ដីដែលមានសរសេរទុកក្នុងសៀវភៅនេះឲ្យជិត រហូតដល់ពេលចុងក្រោយបំផុត។ មនុស្សជាច្រើននឹងស្វែងយល់ ហើយចំណេះរបស់គេនឹងបានចម្រើនឡើង»។
5. ពេលនោះ ខ្ញុំ ដានីយ៉ែល ក្រឡេកមើលទៅឃើញបុរសពីរនាក់ទៀតឈរនៅមាត់ទន្លេ ម្នាក់នៅត្រើយខាងអាយ ម្នាក់ទៀតនៅត្រើយខាងនាយ។
6. បុរសម្នាក់ពោលទៅកាន់ទេវតាមានសម្លៀកបំពាក់ធ្វើពីក្រណាត់ភ្លឺរលើប ដែលឈរនៅលើទឹកទន្លេនោះថា៖ «តើហេតុការណ៍ដ៏អស្ចារ្យនេះត្រូវចប់នៅពេលណា?»។
7. ទេវតាមានសម្លៀកបំពាក់ធ្វើពីក្រណាត់ភ្លឺរលើប ហើយឈរនៅលើទឹកទន្លេ លើកដៃទាំងពីរឆ្ពោះទៅលើមេឃ ហើយខ្ញុំឮលោកប្រកាសយ៉ាងឱឡារិក ក្នុងនាមព្រះជាម្ចាស់ ដែលមានព្រះជន្មគង់នៅអស់កល្បជានិច្ចថា៖ «ហេតុការណ៍ទាំងនេះនឹងកើតមានក្នុងអំឡុងពេលបីឆ្នាំកន្លះ ហើយនឹងត្រូវចប់នៅពេល ដែលប្រជារាស្ត្រដ៏វិសុទ្ធលែងមានកម្លាំងទ្រាំទ្រទៀតបាន»។
8. ខ្ញុំ ដានីយ៉ែល បានឮពាក្យទាំងនេះ តែពុំបានយល់អត្ថន័យទេ ខ្ញុំក៏សួរថា៖ «លោកម្ចាស់អើយ តើហេតុការណ៍ទាំងនេះនឹងត្រូវចប់ដូចម្ដេច?»។
9. លោកតបមកខ្ញុំវិញថា៖ «លោកដានីយ៉ែលអើយ កុំខ្វល់ខ្វាយធ្វើអ្វី។ សេចក្ដីទាំងនេះត្រូវតែលាក់ឲ្យជិត រហូតដល់ពេលចុងក្រោយបំផុត។
10. ដោយសារទុក្ខលំបាក មនុស្សជាច្រើននឹងបានស្អាតបរិសុទ្ធ និងសស្គុស។ មនុស្សអាក្រក់មិនយល់សេចក្ដីនេះទេ គេនៅតែប្រព្រឹត្តអំពើអាក្រក់តទៅទៀត រីឯមនុស្សមានប្រាជ្ញា ទើបយល់។
11. ចាប់ពីពេលដែលគេនឹងបញ្ឈប់ការថ្វាយយញ្ញបូជាប្រចាំថ្ងៃ រហូតដល់ពេលដែលគេនឹងយកវត្ថុដ៏ចង្រៃគួរឲ្យស្អប់ខ្ពើម មកតាំងនៅក្នុងទីសក្ការៈ មានរយៈពេលមួយពាន់ពីររយកៅសិបថ្ងៃ។