1. នៅគ្រាចុងក្រោយ មហាទេវតាមីកែល ដែលជាមេដ៏សំខាន់របស់ពពួកទេវតា ហើយជាអ្នកថែរក្សាប្រជាជនរបស់លោកនឹងក្រោកឈរឡើង។ គ្រានោះ នឹងមានទុក្ខលំបាកយ៉ាងខ្លាំង គឺតាំងពីពេលកើតមានប្រជាជាតិរហូតមកដល់ថ្ងៃនេះ មនុស្សលោកមិនដែលរងទុក្ខលំបាកដូច្នេះទេ។ ប៉ុន្តែ នៅគ្រានោះ ក្នុងចំណោមប្រជាជនរបស់លោក អស់អ្នកដែលមានឈ្មោះកត់ទុកក្នុងក្រាំងជីវិតនឹងត្រូវរួចខ្លួន។
2. មានមនុស្សជាច្រើនដែលស្ថិតនៅក្នុងផ្នូរនឹងរស់ឡើងវិញ អ្នកខ្លះនឹងទទួលជីវិតអស់កល្បជានិច្ច អ្នកខ្លះទៀតនឹងត្រូវអាម៉ាស់មុខ ព្រមទាំងរងទុក្ខទោសអស់កល្បជានិច្ចផង។
3. រីឯអស់អ្នកដែលមានប្រាជ្ញាវិញ នឹងភ្លឺដូចផ្ទៃមេឃ ហើយអស់អ្នកដែលជួយណែនាំមនុស្សម្នាជាច្រើនឲ្យប្រព្រឹត្តអំពើសុចរិត គេនឹងបានភ្លឺដូចផ្កាយ អស់កល្បជាអង្វែងតរៀងទៅ។
4. ចំពោះលោកវិញ លោកដានីយ៉ែលអើយ សូមលាក់សេចក្ដីដែលមានសរសេរទុកក្នុងសៀវភៅនេះឲ្យជិត រហូតដល់ពេលចុងក្រោយបំផុត។ មនុស្សជាច្រើននឹងស្វែងយល់ ហើយចំណេះរបស់គេនឹងបានចម្រើនឡើង»។
5. ពេលនោះ ខ្ញុំ ដានីយ៉ែល ក្រឡេកមើលទៅឃើញបុរសពីរនាក់ទៀតឈរនៅមាត់ទន្លេ ម្នាក់នៅត្រើយខាងអាយ ម្នាក់ទៀតនៅត្រើយខាងនាយ។
6. បុរសម្នាក់ពោលទៅកាន់ទេវតាមានសម្លៀកបំពាក់ធ្វើពីក្រណាត់ភ្លឺរលើប ដែលឈរនៅលើទឹកទន្លេនោះថា៖ «តើហេតុការណ៍ដ៏អស្ចារ្យនេះត្រូវចប់នៅពេលណា?»។
7. ទេវតាមានសម្លៀកបំពាក់ធ្វើពីក្រណាត់ភ្លឺរលើប ហើយឈរនៅលើទឹកទន្លេ លើកដៃទាំងពីរឆ្ពោះទៅលើមេឃ ហើយខ្ញុំឮលោកប្រកាសយ៉ាងឱឡារិក ក្នុងនាមព្រះជាម្ចាស់ ដែលមានព្រះជន្មគង់នៅអស់កល្បជានិច្ចថា៖ «ហេតុការណ៍ទាំងនេះនឹងកើតមានក្នុងអំឡុងពេលបីឆ្នាំកន្លះ ហើយនឹងត្រូវចប់នៅពេល ដែលប្រជារាស្ត្រដ៏វិសុទ្ធលែងមានកម្លាំងទ្រាំទ្រទៀតបាន»។