8. ស្ដេចនាំយកជយភ័ណ្ឌទៅស្រុកអេស៊ីប គឺមានរូបព្រះ រូបសំណាកផ្សេងៗ ដែលធ្វើពីលោហធាតុដ៏ភ្លឺៗ និងវត្ថុដ៏មានតម្លៃធ្វើពីប្រាក់ ពីមាសជាដើម។ បន្ទាប់មក ស្ដេចនេះនឹងឈប់ធ្វើសឹកសង្គ្រាមជាមួយស្ដេចខាងជើងមួយរយៈ។
9. ក្រោយមក ស្ដេចខាងជើងក៏ចេញទៅច្បាំងនឹងអាណាចក្ររបស់ស្ដេចខាងត្បូង រួចវិលត្រឡប់ទៅទឹកដីរបស់ខ្លួនវិញ។
10. បុត្ររបស់ស្ដេចនោះនាំគ្នាលើកទ័ពទៅច្បាំង ដោយប្រមូលកងពលយ៉ាងច្រើនឥតឧបមា។ បុត្រមួយអង្គវាយឆ្លងព្រំដែនដូចទឹកជំនន់ហូរយ៉ាងខ្លាំង រួចវិលត្រឡប់ទៅស្រុករបស់ខ្លួន ទាំងវាយលុកក្រុងមួយដែលមានកំពែងនៅតាមផ្លូវផង។
11. ពេលនោះ ស្ដេចខាងត្បូងក្ដៅក្រហាយយ៉ាងខ្លាំង ក៏លើកទ័ពយ៉ាងច្រើនទៅវាយលុកស្ដេចខាងជើង ហើយកងទ័ពដ៏ច្រើនរបស់ស្ដេចខាងជើង ត្រូវធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ស្ដេចខាងត្បូង។
12. ដោយឃើញខ្មាំងយ៉ាងច្រើនធ្លាក់ក្នុងកណ្ដាប់ដៃខ្លួនដូច្នេះ ស្ដេចក៏មានចិត្តអួតបំប៉ោង ហើយប្រហារជីវិតពួកគេរាប់ម៉ឺនរាប់សែន។ ទោះបីយ៉ាងនេះក៏ដោយ ក៏ស្ដេចនៅតែយកជ័យជំនះពុំបានដែរ។
13. ស្ដេចខាងជើងវិលត្រឡប់មកវិញ ទាំងលើកទ័ពច្រើនជាងមុន។ ប៉ុន្មានឆ្នាំក្រោយមក ស្ដេចខាងជើងនឹងលើកទ័ពយ៉ាងធំទាំងមានគ្រឿងសស្ត្រាវុធយ៉ាងច្រើនមកជាមួយផង។
14. នៅគ្រានោះ នឹងមានមនុស្សជាច្រើនប្រឆាំងនឹងស្ដេចខាងត្បូង ហើយមានមនុស្សឃោរឃៅជាច្រើនក្នុងចំណោមប្រជាជនរបស់លោក លើកគ្នាបះបោរ ស្របតាមនិមិត្តហេតុដ៏អស្ចារ្យនោះ តែពួកគេពុំអាចសម្រេចគម្រោងការរបស់ខ្លួនបានឡើយ។
15. ទ័ពស្ដេចខាងជើងកាន់តែរុលទៅមុខ គេលើកដីយ៉ាងខ្ពស់ព័ទ្ធជុំវិញក្រុងមួយ ដែលមានកំពែងរឹងមាំ ហើយវាយយកក្រុងនោះ។ កងទ័ពរបស់ស្ដេចខាងត្បូង និងកងពលដ៏ពូកែៗរបស់ពួកគេ ពុំមានកម្លាំងអាចទប់ទល់ឡើយ។
16. ស្ដេចខាងជើងក៏វាយលុកពួកគេ ហើយប្រព្រឹត្តចំពោះពួកគេតាមអំពើចិត្ត គ្មាននរណាតទល់បានទាល់តែសោះ រួចស្ដេចក៏ឈប់ត្រឹមស្រុកដ៏ស្អាត ហើយកម្ទេចអ្វីៗទាំងអស់ដែលស្ដេចជួបប្រទះ។
17. ស្ដេចខាងជើងមានបំណងទៅជួបស្ដេចខាងត្បូង ដើម្បីបង្ហាញឫទ្ធិអំណាចនៃអាណាចក្រទាំងមូលរបស់ខ្លួន និងចង់ចងស្ពានមេត្រីជាមួយស្ដេចខាងត្បូង។ ទ្រង់លើកបុត្រីឲ្យធ្វើជាមហេសីស្ដេចខាងត្បូង ក្នុងគោលបំណងបោកបញ្ឆោតស្ដេចនោះ តែពុំបានសម្រេចដូចបំណងឡើយ។