6. ប៉ុន្មានឆ្នាំក្រោយមកទៀត គេនឹងចងស្ពានមេត្រីជាមួយគ្នាវិញ គឺបុត្រីរបស់ស្ដេចអាណាចក្រខាងត្បូង នឹងទៅនៅជាមួយស្ដេចរបស់អាណាចក្រខាងជើង ដើម្បីបញ្ជាក់អំពីចំណងនៃស្ពានមេត្រីនេះ។ ប៉ុន្តែ នាងរក្សាអំណាចមិនបានយូរទេ ហើយស្ដេចខាងត្បូង និងរាជវង្សក៏មិនស្ថិតស្ថេរដែរ គឺទាំងនាង ទាំងអស់អ្នកដែលហែហមនាង ទាំងបិតា ទាំងអ្នកដែលជួយគាំទ្រនាង នឹងត្រូវគេប្រហារជីវិតនៅពេលនោះ។
7. ពេលនោះ នឹងមានស្ដេចមួយអង្គដែលកើតចេញពីវង្សត្រកូលរបស់នាង ហើយស្នងរាជ្យជំនួសបិតា។ ស្ដេចនេះនឹងលើកទ័ពទៅវាយលុកបន្ទាយរបស់ស្ដេចខាងជើង ហើយមានជ័យជំនះ។
8. ស្ដេចនាំយកជយភ័ណ្ឌទៅស្រុកអេស៊ីប គឺមានរូបព្រះ រូបសំណាកផ្សេងៗ ដែលធ្វើពីលោហធាតុដ៏ភ្លឺៗ និងវត្ថុដ៏មានតម្លៃធ្វើពីប្រាក់ ពីមាសជាដើម។ បន្ទាប់មក ស្ដេចនេះនឹងឈប់ធ្វើសឹកសង្គ្រាមជាមួយស្ដេចខាងជើងមួយរយៈ។
9. ក្រោយមក ស្ដេចខាងជើងក៏ចេញទៅច្បាំងនឹងអាណាចក្ររបស់ស្ដេចខាងត្បូង រួចវិលត្រឡប់ទៅទឹកដីរបស់ខ្លួនវិញ។
10. បុត្ររបស់ស្ដេចនោះនាំគ្នាលើកទ័ពទៅច្បាំង ដោយប្រមូលកងពលយ៉ាងច្រើនឥតឧបមា។ បុត្រមួយអង្គវាយឆ្លងព្រំដែនដូចទឹកជំនន់ហូរយ៉ាងខ្លាំង រួចវិលត្រឡប់ទៅស្រុករបស់ខ្លួន ទាំងវាយលុកក្រុងមួយដែលមានកំពែងនៅតាមផ្លូវផង។
11. ពេលនោះ ស្ដេចខាងត្បូងក្ដៅក្រហាយយ៉ាងខ្លាំង ក៏លើកទ័ពយ៉ាងច្រើនទៅវាយលុកស្ដេចខាងជើង ហើយកងទ័ពដ៏ច្រើនរបស់ស្ដេចខាងជើង ត្រូវធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ស្ដេចខាងត្បូង។
12. ដោយឃើញខ្មាំងយ៉ាងច្រើនធ្លាក់ក្នុងកណ្ដាប់ដៃខ្លួនដូច្នេះ ស្ដេចក៏មានចិត្តអួតបំប៉ោង ហើយប្រហារជីវិតពួកគេរាប់ម៉ឺនរាប់សែន។ ទោះបីយ៉ាងនេះក៏ដោយ ក៏ស្ដេចនៅតែយកជ័យជំនះពុំបានដែរ។
13. ស្ដេចខាងជើងវិលត្រឡប់មកវិញ ទាំងលើកទ័ពច្រើនជាងមុន។ ប៉ុន្មានឆ្នាំក្រោយមក ស្ដេចខាងជើងនឹងលើកទ័ពយ៉ាងធំទាំងមានគ្រឿងសស្ត្រាវុធយ៉ាងច្រើនមកជាមួយផង។
14. នៅគ្រានោះ នឹងមានមនុស្សជាច្រើនប្រឆាំងនឹងស្ដេចខាងត្បូង ហើយមានមនុស្សឃោរឃៅជាច្រើនក្នុងចំណោមប្រជាជនរបស់លោក លើកគ្នាបះបោរ ស្របតាមនិមិត្តហេតុដ៏អស្ចារ្យនោះ តែពួកគេពុំអាចសម្រេចគម្រោងការរបស់ខ្លួនបានឡើយ។
15. ទ័ពស្ដេចខាងជើងកាន់តែរុលទៅមុខ គេលើកដីយ៉ាងខ្ពស់ព័ទ្ធជុំវិញក្រុងមួយ ដែលមានកំពែងរឹងមាំ ហើយវាយយកក្រុងនោះ។ កងទ័ពរបស់ស្ដេចខាងត្បូង និងកងពលដ៏ពូកែៗរបស់ពួកគេ ពុំមានកម្លាំងអាចទប់ទល់ឡើយ។
16. ស្ដេចខាងជើងក៏វាយលុកពួកគេ ហើយប្រព្រឹត្តចំពោះពួកគេតាមអំពើចិត្ត គ្មាននរណាតទល់បានទាល់តែសោះ រួចស្ដេចក៏ឈប់ត្រឹមស្រុកដ៏ស្អាត ហើយកម្ទេចអ្វីៗទាំងអស់ដែលស្ដេចជួបប្រទះ។
17. ស្ដេចខាងជើងមានបំណងទៅជួបស្ដេចខាងត្បូង ដើម្បីបង្ហាញឫទ្ធិអំណាចនៃអាណាចក្រទាំងមូលរបស់ខ្លួន និងចង់ចងស្ពានមេត្រីជាមួយស្ដេចខាងត្បូង។ ទ្រង់លើកបុត្រីឲ្យធ្វើជាមហេសីស្ដេចខាងត្បូង ក្នុងគោលបំណងបោកបញ្ឆោតស្ដេចនោះ តែពុំបានសម្រេចដូចបំណងឡើយ។
18. ដូច្នេះ ស្ដេចនោះក៏បែរទៅរកកោះនានា ហើយវាយយកបានជាច្រើន។ ប៉ុន្តែ មានមេទ័ពម្នាក់មកបញ្ឈប់សកម្មភាពដ៏អាម៉ាស់របស់ស្ដេច តែស្ដេចមិនអាចធ្វើឲ្យគាត់ត្រូវអាម៉ាស់វិញទេ។
19. បន្ទាប់មក ស្ដេចវិលទៅធ្វើសឹកតាមក្រុងដែលមានកំពែង នៅស្រុករបស់ខ្លួនវិញ តែស្ដេចត្រូវបរាជ័យ ហើយវិនាសសូន្យទៅ។
20. ស្ដេចមួយអង្គទៀតដែលឡើងស្នងរាជ្យ នឹងចាត់ជនកំណាចមួយរូបឲ្យទៅរឹបអូសយកទ្រព្យពីវិមានដ៏ថ្កុំថ្កើងជាងគេក្នុងអាណាចក្រ។ ប៉ុន្តែ ប៉ុន្មានថ្ងៃក្រោយមក ស្ដេចនោះនឹងត្រូវវិនាស តែមិនមែនដោយការបះបោរ ឬដោយសង្គ្រាមទេ។
21. ពេលនោះ មានមនុស្សម្នាក់គួរឲ្យមាក់ងាយ ឡើងសោយរាជ្យ ដោយឥតនរណាអភិសេកជាស្ដេច។ ស្ដេចថ្មីនេះដណ្ដើមយករាជសម្បត្តិបាន ក្នុងគ្រាមានសុខសាន្តត្រាណ ដោយប្រើកលល្បិច។