35. ក្នុងចំណោមអ្នកមានប្រាជ្ញា នឹងមានអ្នកខ្លះបាត់បង់ជីវិត ដើម្បីឲ្យពួកគេបានស្អាតបរិសុទ្ធ និងបានសស្គុសរហូតដល់គ្រាចុងក្រោយ ដ្បិតគ្រានោះនឹងកើតមានតាមពេលកំណត់។
36. ស្ដេចនោះធ្វើអ្វីៗបានស្រេចតែនឹងចិត្ត គឺអួតបំប៉ោងលើកខ្លួនឡើងធំជាងព្រះទាំងឡាយទៅទៀត ហើយក៏ពោលពាក្យព្រហើនៗទាស់នឹងព្រះលើព្រះនានាផង។ ស្ដេចនោះនឹងចម្រើនមាំមួនឡើង រហូតទាល់តែព្រះពិរោធកើនដល់កម្រិត ដ្បិតហេតុការណ៍អ្វីដែលព្រះជាម្ចាស់គ្រោងទុកត្រូវតែបានសម្រេច។
37. ស្ដេចនោះមិនយោគយល់ដល់ព្រះ ដែលអយ្យកោរបស់ខ្លួនធ្លាប់គោរព ហើយក៏មិនយោគយល់ដល់ព្រះដែលពួកស្ត្រីៗស្រឡាញ់ដែរ គឺស្ដេចមិនយោគយល់ដល់ព្រះណាឡើយ ព្រោះទ្រង់តម្កើងខ្លួនឯងទុកជាធំលើសអ្វីៗទាំងអស់។
38. ក៏ប៉ុន្តែ ស្ដេចនោះគោរពព្រះមួយ ជាព្រះការពារបន្ទាយ ហើយយកមាស ប្រាក់ ត្បូង ពេជ្រ និងរបស់ដ៏មានតម្លៃទៅថ្វាយ។ អយ្យកោរបស់ស្ដេចមិនដែលស្គាល់ព្រះនេះទេ។
39. ស្ដេចទៅវាយទីតាំងទ័ពរបស់សាសន៍នានា ដោយពឹងផ្អែកលើព្រះនៃជនបរទេស។ ស្ដេចលើកកិត្តិយសអស់អ្នកដែលទទួលស្គាល់ព្រះនេះ ហើយឲ្យពួកគេគ្រប់គ្រងលើមនុស្សជាច្រើន ព្រមទាំងចែកទឹកដីឲ្យពួកគេជារង្វាន់ផង។
40. នៅគ្រាចុងក្រោយ ស្ដេចខាងត្បូងនឹងទៅប្រយុទ្ធនឹងស្ដេចខាងជើង។ ស្ដេចខាងជើងក៏លើកទ័ពទៅវាយសម្រុកស្ដេចខាងត្បូង ដោយប្រើរទេះចំបាំង ទ័ពសេះ និងនាវាចំបាំងជាច្រើន។ ស្ដេចនោះនាំពលទ័ពយ៉ាងគគ្រឹកគគ្រេងឆ្លងព្រំដែនចូលទៅក្នុងស្រុកនានាដូចទឹកជំនន់
41. គឺឆ្លងកាត់ស្រុកដែលស្អាតជាងគេ ហើយប្រហារជីវិតមនុស្សជាច្រើន តែជនជាតិអេដុម ជនជាតិម៉ូអាប់ ព្រមទាំងអ្នកដឹកនាំសំខាន់ៗរបស់ជនជាតិអាំម៉ូន នឹងគេចផុតពីកណ្ដាប់ដៃរបស់ស្ដេច។
42. ស្ដេចនោះនឹងវាតអំណាចទៅលើស្រុកនានា ហើយសូម្បីតែស្រុកអេស៊ីបក៏គេចមិនផុតដែរ។
43. ស្ដេចនឹងយកទ្រព្យសម្បត្តិនៅស្រុកអេស៊ីបមកធ្វើជាកម្មសិទ្ធិ គឺមាស ប្រាក់ និងរបស់របរដ៏មានតម្លៃ។ ជនជាតិលីប៊ី និងជនជាតិអេត្យូពី នឹងសុំធ្វើជាចំណុះរបស់ស្ដេចនោះ។
44. បន្ទាប់មក មានលេចឮដំណឹងអំពីហេតុការណ៍ដែលកើតឡើងនៅបូព៌ាប្រទេស និងស្រុកខាងជើង បណ្ដាលឲ្យស្ដេចបារម្ភក្រៃលែង។ ស្ដេចពោរពេញដោយកំហឹងយ៉ាងខ្លាំង ក៏លើកទ័ពទៅកម្ទេចស្រុកនានា ព្រមទាំងសម្លាប់រង្គាលមនុស្សជាច្រើន។
45. ស្ដេចនឹងសង់ពន្លានៅចន្លោះសមុទ្រទាំងពីរ គឺនៅជិតភ្នំដ៏រុងរឿងវិសុទ្ធ។ បន្ទាប់មក ស្ដេចនោះក៏បាត់បង់ជីវិតទៅ ដោយឥតមាននរណាជួយឡើយ។