28. ស្ដេចខាងជើងក៏វិលត្រឡប់ទៅស្រុកវិញ ទាំងនាំទ្រព្យសម្បត្តិយ៉ាងច្រើនទៅជាមួយផង។ ពេលនោះ ស្ដេចនឹងធ្វើបាបប្រជារាស្ត្រនៃសម្ពន្ធមេត្រីដ៏វិសុទ្ធ តាមគម្រោងការរបស់ខ្លួន រួចបន្តដំណើរវិលទៅស្រុករបស់ខ្លួនវិញ។
29. លុះដល់ពេលកំណត់ ស្ដេចខាងជើងក៏លើកទ័ពទៅវាយអាណាចក្រខាងត្បូងសាជាថ្មី ប៉ុន្តែ លើកនេះពុំដូចគ្រាមុនទេ
30. គឺមាននាវាជាច្រើនពីស្រុកគីទីមមកច្បាំងនឹងស្ដេច ធ្វើឲ្យស្ដេចបាក់ទឹកចិត្ត ហើយដកទ័ពថយទៅវិញ។ តាមផ្លូវ ស្ដេចខ្ញាល់ជាខ្លាំង ហើយក៏ធ្វើបាបប្រជារាស្ត្រនៃសម្ពន្ធមេត្រីដ៏វិសុទ្ធ ដោយរួមគំនិតជាមួយអស់អ្នកដែលក្បត់សម្ពន្ធមេត្រីដ៏វិសុទ្ធ។
31. ពេលនោះ កងទ័ពដែលស្ថិតនៅក្រោមបញ្ជារបស់ស្ដេច នឹងនាំគ្នាបន្ថោកបន្ទាយដែលជាទីសក្ការៈ ហើយបញ្ឈប់ការថ្វាយយញ្ញបូជាប្រចាំថ្ងៃ ហើយយកវត្ថុចង្រៃដ៏គួរស្អប់ខ្ពើមមកតាំងជំនួសវិញ។
32. ស្ដេចនោះនឹងពោលពាក្យបញ្ចើចបញ្ចើ ល្បួងអស់អ្នកដែលក្បត់សម្ពន្ធមេត្រី។ ប៉ុន្តែ ប្រជាជនដែលស្គាល់ព្រះជាម្ចាស់នឹងកាន់ចិត្តរឹងប៉ឹង។
33. ពួកអ្នកមានប្រាជ្ញាក្នុងចំណោមប្រជាជន នឹងនាំគ្នាអប់រំមនុស្សជាច្រើន។ ក៏ប៉ុន្តែ ក្នុងពេលមួយរយៈ ក្នុងចំណោមអ្នកមានប្រាជ្ញាទាំងនោះ មានអ្នកខ្លះត្រូវគេសម្លាប់ ត្រូវគេដុត ត្រូវគេកៀរយកទៅជាឈ្លើយ ព្រមទាំងរឹបអូសយកទ្រព្យសម្បត្តិមួយរយៈ។
34. ក្នុងពេលដែលគេធ្វើបាបអ្នកទាំងនោះ នឹងមានអ្នកខ្លះមកជួយបន្តិចដែរ។ មនុស្សជាច្រើននឹងមកចូលរួមជាមួយអ្នកទាំងនោះ តែដោយប្រើកលល្បិច។
35. ក្នុងចំណោមអ្នកមានប្រាជ្ញា នឹងមានអ្នកខ្លះបាត់បង់ជីវិត ដើម្បីឲ្យពួកគេបានស្អាតបរិសុទ្ធ និងបានសស្គុសរហូតដល់គ្រាចុងក្រោយ ដ្បិតគ្រានោះនឹងកើតមានតាមពេលកំណត់។
36. ស្ដេចនោះធ្វើអ្វីៗបានស្រេចតែនឹងចិត្ត គឺអួតបំប៉ោងលើកខ្លួនឡើងធំជាងព្រះទាំងឡាយទៅទៀត ហើយក៏ពោលពាក្យព្រហើនៗទាស់នឹងព្រះលើព្រះនានាផង។ ស្ដេចនោះនឹងចម្រើនមាំមួនឡើង រហូតទាល់តែព្រះពិរោធកើនដល់កម្រិត ដ្បិតហេតុការណ៍អ្វីដែលព្រះជាម្ចាស់គ្រោងទុកត្រូវតែបានសម្រេច។