21. ពេលនោះ មានមនុស្សម្នាក់គួរឲ្យមាក់ងាយ ឡើងសោយរាជ្យ ដោយឥតនរណាអភិសេកជាស្ដេច។ ស្ដេចថ្មីនេះដណ្ដើមយករាជសម្បត្តិបាន ក្នុងគ្រាមានសុខសាន្តត្រាណ ដោយប្រើកលល្បិច។
22. កងទ័ពដ៏ខ្លាំងពូកែដែលមកលុកលុយស្រុក នឹងត្រូវចុះចាញ់ស្ដេចនោះ ហើយសូម្បីតែមហាបូជាចារ្យរបស់ប្រជារាស្ត្រនៃសម្ពន្ធមេត្រីក៏បរាជ័យដែរ។
23. ស្ដេចនោះនឹងចងសម្ពន្ធមិត្តជាមួយអ្នកឯទៀតៗ ដើម្បីបោកប្រាស់ពួកគេ ហើយពង្រឹងអំណាចកាន់តែខ្លាំងឡើងៗ ទោះបីមានបក្សពួកតិចក៏ដោយ។
24. ក្នុងឱកាសដែលគេកំពុងតែមានសន្តិភាព ស្ដេចនោះឆ្លៀតពង្រីកទឹកដី រហូតទៅដល់ស្រុកដែលមានជីជាតិច្រើនជាងគេក្នុងអាណាខេត្ត ហើយទ្រង់ប្រព្រឹត្តអំពើដែលពួកអយ្យកោពុំបានប្រព្រឹត្ត គឺទ្រង់រឹបអូសរបស់របរ និងទ្រព្យសម្បត្តិរបស់គេចែកឲ្យបក្សពួកខ្លួន។ ស្ដេចប្រើល្បិចកិច្ចកលផ្សេងៗ ដើម្បីវាយលុកបន្ទាយនានា តែការនេះកើតមានមួយរយៈប៉ុណ្ណោះ។
25. ដោយអាងលើកម្លាំង និងចិត្តក្លាហានរបស់ខ្លួន ស្ដេចនោះលើកទ័ពទៅវាយស្ដេចខាងត្បូង។ ស្ដេចខាងត្បូងក៏លើកទ័ពយ៉ាងសន្ធឹកសន្ធាប់ និងខ្លាំងពូកែមកតទល់ តែពុំអាចយកជ័យជំនះបានឡើយ ព្រោះស្ដេចខាងជើងប្រើល្បិចកិច្ចកលផ្សេងៗប្រឆាំងស្ដេចខាងត្បូង
26. គឺពួកជំនិតរបស់ស្ដេចផ្ទាល់នឹងនាំគ្នាក្បត់ស្ដេច ធ្វើឲ្យទ័ពរបស់ស្ដេចត្រូវបរាជ័យ ហើយទាហានមួយចំនួនធំត្រូវស្លាប់បាត់បង់ជីវិត។
27. បន្ទាប់មក ស្ដេចទាំងពីរអង្គុយចរចាជាមួយគ្នា តែដោយគំនិតរបស់គេសុទ្ធតែអាក្រក់ គេពោលពាក្យកុហកគ្នាទៅវិញទៅមក។ ដូច្នេះ ការចរចារបស់គេពុំអាចបានផលអ្វីឡើយ ដ្បិតមិនទាន់ដល់គ្រាបញ្ចប់ដែលបានកំណត់ទុក។