17. ស្ដេចខាងជើងមានបំណងទៅជួបស្ដេចខាងត្បូង ដើម្បីបង្ហាញឫទ្ធិអំណាចនៃអាណាចក្រទាំងមូលរបស់ខ្លួន និងចង់ចងស្ពានមេត្រីជាមួយស្ដេចខាងត្បូង។ ទ្រង់លើកបុត្រីឲ្យធ្វើជាមហេសីស្ដេចខាងត្បូង ក្នុងគោលបំណងបោកបញ្ឆោតស្ដេចនោះ តែពុំបានសម្រេចដូចបំណងឡើយ។
18. ដូច្នេះ ស្ដេចនោះក៏បែរទៅរកកោះនានា ហើយវាយយកបានជាច្រើន។ ប៉ុន្តែ មានមេទ័ពម្នាក់មកបញ្ឈប់សកម្មភាពដ៏អាម៉ាស់របស់ស្ដេច តែស្ដេចមិនអាចធ្វើឲ្យគាត់ត្រូវអាម៉ាស់វិញទេ។
19. បន្ទាប់មក ស្ដេចវិលទៅធ្វើសឹកតាមក្រុងដែលមានកំពែង នៅស្រុករបស់ខ្លួនវិញ តែស្ដេចត្រូវបរាជ័យ ហើយវិនាសសូន្យទៅ។
20. ស្ដេចមួយអង្គទៀតដែលឡើងស្នងរាជ្យ នឹងចាត់ជនកំណាចមួយរូបឲ្យទៅរឹបអូសយកទ្រព្យពីវិមានដ៏ថ្កុំថ្កើងជាងគេក្នុងអាណាចក្រ។ ប៉ុន្តែ ប៉ុន្មានថ្ងៃក្រោយមក ស្ដេចនោះនឹងត្រូវវិនាស តែមិនមែនដោយការបះបោរ ឬដោយសង្គ្រាមទេ។
21. ពេលនោះ មានមនុស្សម្នាក់គួរឲ្យមាក់ងាយ ឡើងសោយរាជ្យ ដោយឥតនរណាអភិសេកជាស្ដេច។ ស្ដេចថ្មីនេះដណ្ដើមយករាជសម្បត្តិបាន ក្នុងគ្រាមានសុខសាន្តត្រាណ ដោយប្រើកលល្បិច។
22. កងទ័ពដ៏ខ្លាំងពូកែដែលមកលុកលុយស្រុក នឹងត្រូវចុះចាញ់ស្ដេចនោះ ហើយសូម្បីតែមហាបូជាចារ្យរបស់ប្រជារាស្ត្រនៃសម្ពន្ធមេត្រីក៏បរាជ័យដែរ។
23. ស្ដេចនោះនឹងចងសម្ពន្ធមិត្តជាមួយអ្នកឯទៀតៗ ដើម្បីបោកប្រាស់ពួកគេ ហើយពង្រឹងអំណាចកាន់តែខ្លាំងឡើងៗ ទោះបីមានបក្សពួកតិចក៏ដោយ។
24. ក្នុងឱកាសដែលគេកំពុងតែមានសន្តិភាព ស្ដេចនោះឆ្លៀតពង្រីកទឹកដី រហូតទៅដល់ស្រុកដែលមានជីជាតិច្រើនជាងគេក្នុងអាណាខេត្ត ហើយទ្រង់ប្រព្រឹត្តអំពើដែលពួកអយ្យកោពុំបានប្រព្រឹត្ត គឺទ្រង់រឹបអូសរបស់របរ និងទ្រព្យសម្បត្តិរបស់គេចែកឲ្យបក្សពួកខ្លួន។ ស្ដេចប្រើល្បិចកិច្ចកលផ្សេងៗ ដើម្បីវាយលុកបន្ទាយនានា តែការនេះកើតមានមួយរយៈប៉ុណ្ណោះ។
25. ដោយអាងលើកម្លាំង និងចិត្តក្លាហានរបស់ខ្លួន ស្ដេចនោះលើកទ័ពទៅវាយស្ដេចខាងត្បូង។ ស្ដេចខាងត្បូងក៏លើកទ័ពយ៉ាងសន្ធឹកសន្ធាប់ និងខ្លាំងពូកែមកតទល់ តែពុំអាចយកជ័យជំនះបានឡើយ ព្រោះស្ដេចខាងជើងប្រើល្បិចកិច្ចកលផ្សេងៗប្រឆាំងស្ដេចខាងត្បូង
26. គឺពួកជំនិតរបស់ស្ដេចផ្ទាល់នឹងនាំគ្នាក្បត់ស្ដេច ធ្វើឲ្យទ័ពរបស់ស្ដេចត្រូវបរាជ័យ ហើយទាហានមួយចំនួនធំត្រូវស្លាប់បាត់បង់ជីវិត។