1. រីឯខ្ញុំវិញ នៅឆ្នាំទីមួយនៃរជ្ជកាលព្រះចៅដារីយុស ជាជនជាតិមេឌី ខ្ញុំបានស្ថិតនៅជាមួយមហាទេវតាមីកែល ដើម្បីជួយគាំទ្រលោក។
2. ឥឡូវនេះ ខ្ញុំសូមប្រាប់សេចក្ដីពិតជូនលោក ដូចតទៅ:ស្ដេចបីអង្គនឹងឡើងគ្រងរាជ្យលើចក្រភពពែរ្ស បន្ទាប់មក មានស្ដេចទីបួនដែលប្រមូលបានទ្រព្យសម្បត្តិច្រើនជាងស្ដេចឯទៀតៗ។ ពេលស្ដេចនោះមានអំណាចរឹងប៉ឹង ដោយសារទ្រព្យសម្បត្តិដ៏ច្រើន ស្ដេចក៏ប្រើគ្រប់មធ្យោបាយធ្វើសឹកនឹងអាណាចក្រក្រិក។
3. ប៉ុន្តែ នឹងមានស្ដេចមួយអង្គទៀតដ៏ពូកែឡើងគ្រងរាជ្យ ប្រកបដោយឫទ្ធិអំណាចជាខ្លាំង ហើយស្ដេចនេះធ្វើអ្វីៗបានស្រេចតែនឹងចិត្ត។
4. ពេលស្ដេចបានថ្កុំថ្កើងឡើង ចក្រភពរបស់ស្ដេចត្រូវបាក់បែកជាបួនចំណែក។ ព្រះរាជវង្សរបស់ស្ដេចនឹងមិនស្នងរាជសម្បត្តិឡើយ ដ្បិតរាជសម្បត្តិនោះត្រូវធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់អ្នកផ្សេង តែអ្នកទាំងនោះពុំមានឫទ្ធិអំណាចដូចស្ដេចមុនទេ។