3. ខ្ញុំមិនបានទទួលទានអ្វីៗដែលខ្ញុំចូលចិត្តទេ គឺខ្ញុំមិនបានទទួលទានសាច់ ឬស្រាសោះឡើយ ហើយក៏ពុំបានលាបប្រេងក្រអូបអ្វីដែរ រហូតទាល់តែចប់រយៈពេលបីអាទិត្យនោះ។
4. នៅថ្ងៃទីម្ភៃបួននៃខែទីមួយ ពេលខ្ញុំស្ថិតនៅមាត់ទន្លេធំ គឺទន្លេហ៊ីដេកែល
5. ខ្ញុំក្រឡេកមើលទៅ ឃើញមនុស្សម្នាក់មានសម្លៀកបំពាក់ធ្វើពីក្រណាត់ភ្លឺរលើប ហើយមានខ្សែក្រវាត់មាសពីស្រុកអ៊ូផាសនៅចង្កេះផង។
6. រូបកាយរបស់លោកភ្លឺចាំងដូចត្បូងប៊ុតលឿង ផ្ទៃមុខលោកភ្លឺផ្លេកដូចផ្លេកបន្ទោរ ភ្នែកលោកប្រៀបបាននឹងភ្លើងគប់ ដៃជើងរបស់លោកប្រៀបបាននឹងលង្ហិនដែលគេខាត់យ៉ាងរលោង ហើយសំឡេងរបស់លោកឮសូរអឹងកង ដូចសំឡេងមនុស្សយ៉ាងច្រើន។
7. ខ្ញុំ ដានីយ៉ែល បានឃើញនិមិត្តហេតុដ៏អស្ចារ្យនេះតែម្នាក់ឯង ដ្បិតអស់អ្នកដែលនៅជាមួយខ្ញុំពុំបានឃើញទេ ពួកគេភិតភ័យជាខ្លាំង ហើយនាំគ្នារត់ពួនអស់។
8. ពេលខ្ញុំឃើញនិមិត្តហេតុដ៏អស្ចារ្យបំផុតនេះ ខ្ញុំនៅតែម្នាក់ឯង ទន់ដៃទន់ជើង ផ្ទៃមុខខ្ញុំក៏ស្លេកស្លាំង ហើយខ្ញុំលែងមានកម្លាំងកំហែងទៀត។
9. ខ្ញុំបានឮលោកនិយាយ ហើយសំឡេងរបស់លោកធ្វើឲ្យខ្ញុំលង់ស្មារតី ខ្ញុំក្រាបចុះ អោនមុខដល់ដី។
10. ពេលនោះ មានដៃមួយពាល់ខ្ញុំ ធ្វើឲ្យខ្ញុំលុតជង្គង់ និងច្រត់ដៃឡើង ទាំងញាប់ញ័រ។
11. លោកនោះពោលមកខ្ញុំថា៖ «លោកដានីយ៉ែលអើយ ព្រះជាម្ចាស់គាប់ព្រះហឫទ័យនឹងលោកខ្លាំងណាស់ សុំពិចារណាឲ្យយល់សេចក្ដីដែលខ្ញុំនឹងថ្លែងប្រាប់លោក។ សុំក្រោកឈរនៅកន្លែងដែលលោកឈរពីមុននោះឡើងវិញ ដ្បិតឥឡូវនេះ ព្រះជាម្ចាស់ចាត់ខ្ញុំឲ្យមកជួបលោក»។ ពេលលោកកំពុងតែមានប្រសាសន៍ ខ្ញុំក៏ក្រោកឈរឡើងវិញ ទាំងញាប់ញ័រ។
12. លោកនោះពោលមកខ្ញុំទៀតថា៖ «លោកដានីយ៉ែលអើយ កុំភ័យខ្លាចអី! តាំងពីថ្ងៃដំបូងដែលលោកមានបំណងចង់យល់សេចក្ដីទាំងនោះ ហើយបន្ទាបខ្លួននៅចំពោះព្រះភ័ក្ត្រព្រះរបស់លោក ទ្រង់ក៏ព្រះសណ្ដាប់ឮពាក្យរបស់លោក ហេតុនេះបានជាខ្ញុំមកជួបលោក។
13. ទេវតាថែរក្សាចក្រភពពែរ្សបានតទល់នឹងខ្ញុំ អស់រយៈពេលម្ភៃមួយថ្ងៃ។ បន្ទាប់មក មហាទេវតាមីកែល ដែលជាមេដ៏សំខាន់របស់ពពួកទេវតា បានមកជួយខ្ញុំ ហើយខ្ញុំក៏ស្ថិតនៅទីនេះជាមួយស្ដេចនានារបស់ជនជាតិពែរ្ស។
14. ខ្ញុំមកពន្យល់ប្រាប់លោកឲ្យដឹងអំពីហេតុការណ៍ ដែលនឹងកើតមានចំពោះប្រជាជនរបស់លោក ទៅអនាគត ដ្បិតមាននិមិត្តហេតុអស្ចារ្យមួយ សម្រាប់គ្រានោះដែរ»។