12. «សូមលោកល្បងលមើលយើងខ្ញុំ ក្នុងរយៈពេលដប់ថ្ងៃចុះ! គឺសូមចែកតែបន្លែ និងទឹកឲ្យយើងខ្ញុំទទួលទានប៉ុណ្ណោះ។
13. បន្ទាប់មក សូមលោកពិនិត្យមើលមុខយើងខ្ញុំ និងមុខយុវជនឯទៀតៗដែលបរិភោគព្រះស្ងោយរបស់ព្រះរាជា រួចសូមលោកប្រព្រឹត្តចំពោះយើងខ្ញុំ តាមការយល់ឃើញរបស់លោកចុះ!»។
14. លោកក៏យល់ព្រមតាមពាក្យសុំ ហើយល្បងលមើលយុវជនទាំងបួននោះអស់រយៈពេលដប់ថ្ងៃ។
15. លុះដប់ថ្ងៃកន្លងផុតទៅ យុវជនទាំងបួននាក់មានមុខស្រស់ល្អ និងមានសាច់ថ្លាជាងពួកយុវជនដែលបានបរិភោគព្រះស្ងោយរបស់ស្ដេចទៅទៀត។
16. ចាប់ពីថ្ងៃនោះមក អ្នកទទួលខុសត្រូវលែងចែកម្ហូបអាហារ និងស្រារបស់ស្ដេចឲ្យយុវជនទាំងបួនទៀតហើយ គឺចែកតែបន្លែ និងទឹកឲ្យពួកគេប៉ុណ្ណោះ។
17. ព្រះជាម្ចាស់ប្រោសប្រទានឲ្យយុវជនទាំងបួននាក់នេះមានចំណេះវិជ្ជា ប៉ិនប្រសប់ខាងអក្សរសាស្ត្រ និងមានប្រាជ្ញាវាងវៃផង។ ម្យ៉ាងទៀត យុវជនដានីយ៉ែលចេះបកស្រាយនិមិត្តហេតុអស្ចារ្យ និងចេះកាត់សប្ដិដែរ។
18. លុះដល់ពេលព្រះរាជាកំណត់ឲ្យនាំពួកយុវជនទៅថ្វាយ លោកនាយកក្រុមមហាតលិកក៏នាំយុវជនទាំងនោះ ចូលទៅគាល់ព្រះចៅនេប៊ូក្នេសា។
19. ព្រះមហាក្សត្របានសន្ទនាជាមួយយុវជនទាំងនោះ ហើយក្នុងចំណោមពួកគេ គ្មាននរណាម្នាក់អាចផ្ទឹមស្មើនឹងដានីយ៉ែល ហាណានា មីសាអែល និងអសារាឡើយ។ ព្រះមហាក្សត្រក៏ទទួលយុវជនទាំងបួនឲ្យធ្វើជាព្រះរាជបម្រើ។
20. ពេលស្ដេចសាកសួរអំពីរឿងអ្វីៗទាំងអស់ ដែលត្រូវការតម្រិះ និងប្រាជ្ញាដ៏ជ្រៅជ្រះ យុវជនទាំងបួននាក់ពូកែជាងគ្រូមន្តអាគម និងហោរាទាំងឡាយក្នុងព្រះរាជាណាចក្រទាំងមូលដប់ដងទៅទៀត។