ដានី‌យ៉ែល 1:1-5 Khmer Standard Version (KHSV)

1. នៅ​ឆ្នាំ​ទី​បី​នៃ​រជ្ជកាល​ព្រះ‌បាទ​យេហូ‌យ៉ាគីម ជា​ស្ដេច​ស្រុក​យូដា ព្រះ‌ចៅ​នេប៊ូ‌ក្នេសា ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន លើក​ទ័ព​មក​ឡោម‌ព័ទ្ធ​ក្រុង​យេរូ‌សាឡឹម។

2. ព្រះ‌អម្ចាស់​បាន​ប្រគល់​ព្រះ‌បាទ​យេហូ‌យ៉ាគីម​ជា​ស្ដេច​ស្រុក​យូដា ព្រម​ទាំង​ប្រដាប់‌ប្រដា​មួយ​ចំនួន​របស់​ព្រះ‌វិហារ ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ព្រះ‌ចៅ​នេប៊ូ‌ក្នេសា។ ព្រះ‌ចៅ​នេប៊ូ‌ក្នេសា​បាន​នាំ​ឈ្លើយ​សង្គ្រាម​ទៅ​ស្រុក​ស៊ី‌ណើរ ហើយ​យក​ប្រដាប់‌ប្រដា​ទាំង​នោះ​ទៅ​ទុក​ក្នុង​វិហារ​នៃ​ព្រះ​របស់​ខ្លួន។

3. ព្រះ‌មហា‌ក្សត្រ​បាន​បញ្ជា​ទៅ​លោក​អាស‌ផ្នាស ជា​នាយក​ក្រុម​មហា‌តលិក ឲ្យ​នាំ​យុវជន​ខ្លះ​ដែល​ជាប់​ព្រះ‌រាជ‌វង្ស​របស់​ស្ដេច​អ៊ីស្រា‌អែល ឬ​ជា​កូន​ចៅ​របស់​ពួក​អភិជន​មក។

4. យុវជន​ទាំង​នោះ​ត្រូវ​មាន​រូប​ឆោម​ល្អ​ឥត​ខ្ចោះ មាន​ប្រាជ្ញា​វាង‌វៃ ជា​មនុស្ស​ចេះ​ដឹង មាន​ចំណេះ​វិជ្ជា​ខ្ពង់‌ខ្ពស់ មាន​កម្លាំង​អាច​បម្រើ​ព្រះ‌មហា‌ក្សត្រ។ យុវជន​ទាំង​នោះ​ត្រូវ​ទទួល​ការ​អប់រំ​ផ្នែក​អក្សរ‌សាស្ត្រ និង​ភាសា​ខាល់ដេ​ថែម​ទៀត​ផង។

5. ព្រះ‌មហា‌ក្សត្រ​បញ្ជា​គេ​ឲ្យ​យក​ព្រះ‌ស្ងោយ និង​ស្រា​មួយ​ចំណែក​ទៅ​ឲ្យ​យុវជន​ទាំង​នោះ ជា​រៀង​រាល់​ថ្ងៃ ហើយ​បញ្ជា​ឲ្យ​ពួក​គេ​ទទួល​ការ​អប់រំ​អស់​រយៈ​ពេល​បី​ឆ្នាំ មុន​នឹង​ចូល​ទៅ​បម្រើ​ស្ដេច។

ដានី‌យ៉ែល 1