7. ហើយជម្រាបថា៖ «យើងខ្ញុំត្រូវសៅហ្មង ព្រោះតែបានប៉ះពាល់សាកសព។ តើយើងខ្ញុំមានសិទ្ធិចូលរួមថ្វាយតង្វាយដល់ព្រះអម្ចាស់ តាមពេលកំណត់ ដូចជនជាតិអ៊ីស្រាអែលឯទៀតៗឬទេ?»។
8. លោកម៉ូសេមានប្រសាសន៍ទៅពួកគេថា៖ «ចូររង់ចាំខ្ញុំទទួលបញ្ជាពីព្រះអម្ចាស់ស្ដីអំពីករណីរបស់អ្នករាល់គ្នាសិន»។
9. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖
10. «ចូរប្រាប់ជនជាតិអ៊ីស្រាអែលដូចតទៅ: ប្រសិនបើមាននរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នា ឬអ្នកនៅជំនាន់ក្រោយ ត្រូវសៅហ្មង ព្រោះតែប៉ះពាល់សាកសព ឬធ្វើដំណើរទៅស្រុកឆ្ងាយ គេអាចប្រារព្ធពិធីបុណ្យចម្លងថ្វាយព្រះអម្ចាស់បាន។
11. ប៉ុន្តែ គេត្រូវធ្វើបុណ្យនេះនៅខែពិសាខ ថ្ងៃទីដប់បួនកើត ក្រោយពេលថ្ងៃលិច។ គេត្រូវបរិភោគសាច់ចៀមនៃបុណ្យចម្លងជាមួយនំប៉័ងឥតមេ និងបន្លែល្វីង។
12. គេមិនត្រូវទុកអ្វីឲ្យនៅសល់រហូតដល់ព្រឹក ហើយក៏មិនត្រូវបំបាក់ឆ្អឹងណាមួយឡើយ។ គេត្រូវប្រព្រឹត្តតាមច្បាប់ទាំងអស់ដែលមានចែងទុកអំពីបុណ្យចម្លង។
13. ប្រសិនបើនរណាម្នាក់មិនសៅហ្មង ហើយមិនធ្វើដំណើរទៅណា តែមិនចូលរួមធ្វើបុណ្យចម្លងទេ អ្នកនោះនឹងត្រូវដកចេញពីចំណោមប្រជាជនរបស់ខ្លួន ដ្បិតគេមិនបានថ្វាយតង្វាយទៅព្រះអម្ចាស់ តាមពេលកំណត់។ អ្នកនោះត្រូវទទួលទោសតាមអំពើបាបរបស់ខ្លួន។
14. ប្រសិនបើមានជនបរទេសណាម្នាក់ស្នាក់នៅជាមួយអ្នករាល់គ្នា ចូលរួមប្រារព្ធពិធីបុណ្យចម្លងជាមួយអ្នករាល់គ្នាដែរ នោះគេត្រូវធ្វើតាមក្រឹត្យវិន័យ និងច្បាប់ដែលមានចែងទុកអំពីបុណ្យចម្លងនេះ ដ្បិតមានច្បាប់តែមួយសម្រាប់អ្នករាល់គ្នា ទោះបីជនបរទេសក្ដី ម្ចាស់ស្រុកក្ដី»។
15. នៅថ្ងៃដែលគេដំឡើងព្រះពន្លា នោះមានពពក*មកគ្របបាំងព្រះពន្លា គឺពន្លានៃសក្ខីភាព។ ពពកនោះមានទ្រង់ទ្រាយដូចភ្លើង ស្ថិតនៅពីលើព្រះពន្លា ចាប់ពីល្ងាចរហូតដល់ព្រឹក។