12. គេមិនត្រូវទុកអ្វីឲ្យនៅសល់រហូតដល់ព្រឹក ហើយក៏មិនត្រូវបំបាក់ឆ្អឹងណាមួយឡើយ។ គេត្រូវប្រព្រឹត្តតាមច្បាប់ទាំងអស់ដែលមានចែងទុកអំពីបុណ្យចម្លង។
13. ប្រសិនបើនរណាម្នាក់មិនសៅហ្មង ហើយមិនធ្វើដំណើរទៅណា តែមិនចូលរួមធ្វើបុណ្យចម្លងទេ អ្នកនោះនឹងត្រូវដកចេញពីចំណោមប្រជាជនរបស់ខ្លួន ដ្បិតគេមិនបានថ្វាយតង្វាយទៅព្រះអម្ចាស់ តាមពេលកំណត់។ អ្នកនោះត្រូវទទួលទោសតាមអំពើបាបរបស់ខ្លួន។
14. ប្រសិនបើមានជនបរទេសណាម្នាក់ស្នាក់នៅជាមួយអ្នករាល់គ្នា ចូលរួមប្រារព្ធពិធីបុណ្យចម្លងជាមួយអ្នករាល់គ្នាដែរ នោះគេត្រូវធ្វើតាមក្រឹត្យវិន័យ និងច្បាប់ដែលមានចែងទុកអំពីបុណ្យចម្លងនេះ ដ្បិតមានច្បាប់តែមួយសម្រាប់អ្នករាល់គ្នា ទោះបីជនបរទេសក្ដី ម្ចាស់ស្រុកក្ដី»។
15. នៅថ្ងៃដែលគេដំឡើងព្រះពន្លា នោះមានពពក*មកគ្របបាំងព្រះពន្លា គឺពន្លានៃសក្ខីភាព។ ពពកនោះមានទ្រង់ទ្រាយដូចភ្លើង ស្ថិតនៅពីលើព្រះពន្លា ចាប់ពីល្ងាចរហូតដល់ព្រឹក។
16. ពពកស្ថិតនៅលើព្រះពន្លាដូច្នេះ រហូតតរៀងមក ហើយនៅពេលយប់ ពពកនោះប្រែជាមានទ្រង់ទ្រាយដូចភ្លើង។
17. ពេលណាពពកអណ្ដែតឡើងផុតពីព្រះពន្លា ជនជាតិអ៊ីស្រាអែលនាំគ្នាចេញដំណើរ ហើយពេលណាពពកឈប់ នោះជនជាតិអ៊ីស្រាអែលនាំគ្នាបោះជំរំ។
18. ជនជាតិអ៊ីស្រាអែលចេញដំណើរតាមបញ្ជារបស់ព្រះអម្ចាស់ ហើយនាំគ្នាបោះជំរំតាមបញ្ជារបស់ព្រះអង្គដែរ។ ពពកស្ថិតនៅលើព្រះពន្លាអស់រយៈពេលប៉ុនណា ពួកគេក៏បោះជំរំអស់រយៈពេលប៉ុណ្ណោះដែរ។
19. ពេលពពកស្ថិតនៅលើព្រះពន្លាយ៉ាងយូរនោះ ជនជាតិអ៊ីស្រាអែលនាំគ្នាធ្វើតាមបង្គាប់របស់ព្រះអម្ចាស់ គឺពួកគេមិនចេញដំណើរទេ។
20. ប្រសិនបើពពកស្ថិតនៅលើព្រះពន្លាតែប៉ុន្មានថ្ងៃ នោះពួកគេត្រូវបោះជំរំ និងរើជំរំ តាមបញ្ជារបស់ព្រះអម្ចាស់។
21. ជួនកាល ពពកស្ថិតនៅលើព្រះពន្លាពីល្ងាចដល់ព្រឹក ហើយពេលព្រលឹម ពពកអណ្ដែតឡើង នោះពួកគេត្រូវចេញដំណើរ។ ជួនកាលពពកស្ថិតនៅមួយថ្ងៃមួយយប់ ពេលពពកអណ្ដែតឡើង ពួកគេក៏ត្រូវចេញដំណើរដែរ។
22. ប្រសិនបើពពកស្ថិតនៅលើព្រះពន្លាចំនួនពីរថ្ងៃ ឬមួយខែ ឬមួយឆ្នាំ ជនជាតិអ៊ីស្រាអែលត្រូវតែបោះជំរំនៅទីនោះ គឺពួកគេមិនចេញដំណើរឡើយ។ ពេលណាពពកអណ្ដែតឡើង ទើបពួកគេចេញដំណើរ។
23. ពួកគេនាំគ្នាបោះជំរំតាមបញ្ជារបស់ព្រះអម្ចាស់ ហើយក៏ចេញដំណើរតាមបញ្ជារបស់ព្រះអង្គដែរ។ ពួកគេគោរពបម្រើព្រះអម្ចាស់ ស្របតាមព្រះបន្ទូលដែលព្រះអង្គបង្គាប់មកលោកម៉ូសេ។