8. បន្ទាប់មក ពួកគេត្រូវយកគោបាមួយមក ព្រមទាំងតង្វាយដែលត្រូវថ្វាយជាមួយ គឺម្សៅម៉ដ្ដលាយជាមួយប្រេង។ អ្នកត្រូវយកគោបាមួយទៀតមក សម្រាប់ធ្វើយញ្ញបូជារំដោះបាប។
9. ចូរនាំពួកលេវីឲ្យចូលមកជិតពន្លាជួបព្រះអម្ចាស់ ហើយប្រមូលផ្ដុំសហគមន៍អ៊ីស្រាអែលទាំងមូល។
10. ចូរនាំពួកលេវីចូលមកជិតយើង ហើយឲ្យជនជាតិអ៊ីស្រាអែលដាក់ដៃលើពួកគេ។
11. អើរ៉ុនត្រូវធ្វើពិធីញែកពួកលេវី ទុកជាតង្វាយដែលកូនចៅអ៊ីស្រាអែលយកមកថ្វាយយើង ដើម្បីឲ្យបម្រើយើង។
12. ពួកលេវីត្រូវដាក់ដៃលើក្បាលគោបាទាំងពីរ រួចហើយអ្នកត្រូវថ្វាយគោមួយជាយញ្ញបូជារំដោះបាប និងមួយទៀតជាតង្វាយដុតទាំងមូល ដើម្បីជម្រះពួកលេវីឲ្យរួចពីបាប។
13. បន្ទាប់មក ចូរឲ្យពួកលេវីឈរនៅមុខអើរ៉ុន និងកូនចៅរបស់គាត់ ហើយអ្នកត្រូវធ្វើពិធីញែកពួកគេទុកជាតង្វាយសម្រាប់យើង។
14. ចូរញែកពួកលេវីចេញពីចំណោមជនជាតិអ៊ីស្រាអែល ហើយពួកលេវីនឹងបានជាចំណែករបស់យើង។
15. បន្ទាប់មកទៀត ពួកលេវីត្រូវមកបំពេញមុខងារនៅក្នុងពន្លាជួបព្រះអម្ចាស់។ អ្នកត្រូវជម្រះពួកគេឲ្យបរិសុទ្ធ និងធ្វើពិធីញែកពួកគេទុកជាតង្វាយសម្រាប់យើងបែបនេះឯង។
16. យើងញែកពួកគេពីចំណោមជនជាតិអ៊ីស្រាអែល ទុកសម្រាប់យើង ជំនួសកូនច្បងទាំងអស់របស់ជនជាតិអ៊ីស្រាអែល
17. ដ្បិតកូនច្បងទាំងអស់របស់ជនជាតិអ៊ីស្រាអែល និងកូនដំបូងនៃហ្វូងសត្វរបស់គេ ត្រូវបានជាចំណែករបស់យើង។ នៅថ្ងៃយើងប្រហារកូនច្បងទាំងអស់នៅស្រុកអេស៊ីប យើងបានញែកកូនច្បងរបស់ជនជាតិអ៊ីស្រាអែលទុកសម្រាប់យើង។