1. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖
2. «ចូរប្រាប់អើរ៉ុនដូចតទៅ: “ពេលណាតម្កល់ចង្កៀង ចូររៀបចំយ៉ាងណាឲ្យចង្កៀងទាំងប្រាំពីរនោះ ភ្លឺចាំងមកផ្នែកខាងមុខជើងចង្កៀង”»។
3. លោកអើរ៉ុនក៏ធ្វើតាម គឺលោកដាក់ចង្កៀងនៅផ្នែកខាងមុខជើងចង្កៀង ដូចព្រះអម្ចាស់មានព្រះបន្ទូលបង្គាប់មកលោកម៉ូសេ។
4. ជើងចង្កៀងធ្វើពីមាសមានក្បាច់រចនា គឺចាប់ពីជើងរហូតដល់ចុងខាងលើ សុទ្ធតែមានក្បាច់ទាំងអស់។ គេបានធ្វើជើងចង្កៀងនេះតាមគំរូ ដែលព្រះអម្ចាស់បង្ហាញឲ្យលោកម៉ូសេឃើញ។
5. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖
6. «ចូរនាំពួកលេវីចេញពីចំណោមជនជាតិអ៊ីស្រាអែល ហើយធ្វើពិធីជម្រះពួកគេឲ្យបរិសុទ្ធ។
7. អ្នកត្រូវជម្រះពួកគេដូចតទៅ គឺធ្វើពិធីប្រោះទឹករំដោះបាបលើពួកគេ ត្រូវឲ្យពួកគេទៅកោររោមនៅលើរូបកាយរបស់ខ្លួន បោកសម្លៀកបំពាក់ និងជម្រះខ្លួនឲ្យបរិសុទ្ធ។
8. បន្ទាប់មក ពួកគេត្រូវយកគោបាមួយមក ព្រមទាំងតង្វាយដែលត្រូវថ្វាយជាមួយ គឺម្សៅម៉ដ្ដលាយជាមួយប្រេង។ អ្នកត្រូវយកគោបាមួយទៀតមក សម្រាប់ធ្វើយញ្ញបូជារំដោះបាប។
9. ចូរនាំពួកលេវីឲ្យចូលមកជិតពន្លាជួបព្រះអម្ចាស់ ហើយប្រមូលផ្ដុំសហគមន៍អ៊ីស្រាអែលទាំងមូល។
10. ចូរនាំពួកលេវីចូលមកជិតយើង ហើយឲ្យជនជាតិអ៊ីស្រាអែលដាក់ដៃលើពួកគេ។