1. នៅថ្ងៃលោកម៉ូសេដំឡើងព្រះពន្លារួចរាល់ហើយ លោកបានចាក់ប្រេងលើព្រះពន្លា និងគ្រឿងបរិក្ខារទាំងអស់នៅក្នុងព្រះពន្លា ដើម្បីញែកជាសក្ការៈ ហើយលោកក៏បានចាក់ប្រេងលើអាសនៈ និងគ្រឿងបរិក្ខារទាំងអស់ដែលប្រើប្រាស់ជាមួយអាសនៈ ដើម្បីញែកជាសក្ការៈដែរ។
2. ពេលនោះ ពួកមេដឹកនាំដែលជាមេលើក្រុមគ្រួសារនានារបស់ជនជាតិអ៊ីស្រាអែលនាំគ្នាថ្វាយតង្វាយ។ អ្នកទាំងនោះជាមេដឹកនាំនៃកុលសម្ព័ន្ធ ដែលបានចូលរួមជំរឿនប្រជាជន។
3. ពួកគេបានយកតង្វាយរបស់ខ្លួនមកថ្វាយព្រះអម្ចាស់: រទេះមានដំបូលចំនួនប្រាំមួយ និងគោប្រាំមួយនឹម គឺរទេះនីមួយៗជាតង្វាយរបស់មេដឹកនាំពីរនាក់ ហើយគោនីមួយៗជាតង្វាយរបស់មេដឹកនាំម្នាក់ៗ។ ពួកគេនាំយកតង្វាយទាំងនោះមកថ្វាយនៅមុខព្រះពន្លា។
4. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖
5. «ចូរទទួលតង្វាយទាំងនេះពីពួកគេ យកទៅប្រើប្រាស់ សម្រាប់កិច្ចការក្នុងពន្លាជួបព្រះអម្ចាស់។ ត្រូវប្រគល់តង្វាយឲ្យពួកលេវី តាមមុខងាររបស់ពួកគេរៀងៗខ្លួន»។
6. លោកម៉ូសេក៏ប្រគល់រទេះ និងគោ ឲ្យពួកលេវី។
7. លោកឲ្យរទេះពីរ និងគោពីរនឹម ទៅកូនចៅគើសូន សម្រាប់ប្រើប្រាស់ក្នុងការងាររបស់គេ។
8. លោកឲ្យរទេះបួន និងគោបួននឹម ទៅកូនចៅម៉្រារី សម្រាប់ប្រើប្រាស់ក្នុងការងារ ដែលពួកគេបំពេញក្រោមការដឹកនាំរបស់លោកអ៊ីថាម៉ារ ជាកូនរបស់លោកបូជាចារ្យអើរ៉ុន។
9. លោកពុំបានឲ្យទៅកូនចៅកេហាត់ទេ ព្រោះពួកគេមានភារកិច្ចលើគ្រឿងសក្ការៈផ្សេងៗ ដែលត្រូវតែលីសែង។
10. នៅថ្ងៃដែលលោកម៉ូសេចាក់ប្រេងលើអាសនៈ គឺក្នុងឱកាសពិធីសម្ពោធអាសនៈ ពួកមេដឹកនាំបានយកតង្វាយ មកថ្វាយនៅមុខអាសនៈ។
11. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ពួកមេដឹកនាំត្រូវយកតង្វាយមួយថ្ងៃម្នាក់ មកថ្វាយក្នុងពិធីសម្ពោធអាសនៈ»។
12. អ្នកថ្វាយតង្វាយនៅថ្ងៃទីមួយ គឺលោកណាសូន ជាកូនរបស់លោកអមីណាដាប់ ពីកុលសម្ព័ន្ធយូដា។
13. តង្វាយរបស់គាត់មានពានប្រាក់មួយទម្ងន់សែសិបតម្លឹង ថូប្រាក់មួយទម្ងន់ម្ភៃតម្លឹង គិតតាមទម្ងន់របស់ទីសក្ការៈ ក្នុងពាន និងថូនេះ មានពេញដោយម្សៅម៉ដ្ដលាយជាមួយប្រេង សម្រាប់ថ្វាយជាតង្វាយម្សៅ។