1. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖
2. «ចូរប្រាប់ជនជាតិអ៊ីស្រាអែលដូចតទៅ: ប្រសិនបើបុរស ឬស្ត្រីណាម្នាក់ សម្រេចចិត្តញែកខ្លួនជាអ្នកណាសារីត*ថ្វាយព្រះអម្ចាស់
3. អ្នកនោះត្រូវតមសុរា និងគ្រឿងស្រវឹង មិនត្រូវបរិភោគទឹកខ្មេះធ្វើអំពីស្រាទំពាំងបាយជូរ ឬទឹកខ្មេះធ្វើពីគ្រឿងស្រវឹងផ្សេងទៀត ហើយក៏មិនត្រូវផឹកទឹកទំពាំងបាយជូរ បរិភោគផ្លែទំពាំងបាយជូរស្រស់ ឬក្រៀមដែរ។
4. ក្នុងពេលញែកខ្លួនជាអ្នកណាសារីត គេមិនត្រូវបរិភោគអ្វីដែលជាផលរបស់ដើមទំពាំងបាយជូរឡើយ គឺសូម្បីតែគ្រាប់ ឬសំបករបស់ផ្លែទំពាំងបាយជូរ ក៏មិនត្រូវប៉ះពាល់ជាដាច់ខាត។
5. ក្នុងពេលគេញែកខ្លួនជាអ្នកណាសារីត មិនត្រូវកាត់សក់ឡើយ។ ក្នុងអំឡុងពេលគេញែកខ្លួនថ្វាយព្រះអម្ចាស់ គេជាមនុស្សដ៏វិសុទ្ធ គេត្រូវទុកឲ្យសក់ដុះវែងរហូតទាល់តែផុតចំនួនថ្ងៃ ដែលគេបានកំណត់ទុក។
6. ក្នុងពេលគេញែកខ្លួនថ្វាយព្រះអម្ចាស់ គេមិនត្រូវចូលទៅជិតសាកសពឡើយ
7. សូម្បីតែសពឪពុកម្ដាយ និងបងប្អូនប្រុសស្រីរបស់ខ្លួន ក៏មិនត្រូវចូលទៅជិត នាំឲ្យខ្លួនសៅហ្មងដែរ ដ្បិតគេបានញែកខ្លួនថ្វាយព្រះអម្ចាស់ ដូចមានសក់របស់គេជាសញ្ញាសម្គាល់ស្រាប់។
8. ក្នុងអំឡុងពេលញែកខ្លួនជាអ្នកណាសារីតនោះ គេញែកខ្លួនជាវិសុទ្ធថ្វាយព្រះអម្ចាស់។
9. ប្រសិនបើមាននរណាម្នាក់ស្លាប់ភ្លាមៗ នៅក្បែរគាត់ ទោះបីគាត់ញែកខ្លួនថ្វាយព្រះអម្ចាស់ក្ដី ក៏គាត់ក្លាយទៅជាសៅហ្មងដែរ។ ដូច្នេះ គាត់ត្រូវកោរសក់នៅថ្ងៃជម្រះខ្លួនឲ្យបរិសុទ្ធ គឺកោរសក់នៅថ្ងៃទីប្រាំពីរ។
10. នៅថ្ងៃទីប្រាំបី គាត់ត្រូវយកលលកពីរ និងព្រាបជំទើរពីរ មកជូនបូជាចារ្យ នៅមាត់ទ្វារពន្លាជួបព្រះអម្ចាស់។
11. បូជាចារ្យយកសត្វមួយធ្វើយញ្ញបូជារំដោះបាប និងមួយទៀតជាតង្វាយដុតទាំងមូល។ បន្ទាប់មក បូជាចារ្យធ្វើពិធីជម្រះអ្នកនោះឲ្យរួចពីបាប ព្រោះតែបានប៉ះពាល់សាកសព។ ធ្វើដូច្នេះ នៅថ្ងៃនោះ អ្នកណាសារីតញែកខ្លួនជាសក្ការៈសាជាថ្មី។