ជន‌គណនា 5:2-21 Khmer Standard Version (KHSV)

2. «ចូរ​បញ្ជា​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​បណ្ដេញ​មនុស្ស​ឃ្លង់ មនុស្ស​មាន​ជំងឺ​កាម​រោគ ឬ​មនុស្ស​មិន​បរិសុទ្ធ​ដោយ​ប៉ះ‌ពាល់​សាក‌សព ចេញ​ពី​ជំរំ។

3. ទោះ​បី​ប្រុស ឬ​ស្រី​ក្ដី ត្រូវ​បណ្ដេញ​ពួក​គេ​ចេញ​ពី​ជំរំ។ ដូច្នេះ ពួក​គេ​មិន​ធ្វើ​ឲ្យ​ជំរំ​ដែល​យើង​ស្នាក់​នៅ​ជា​មួយ​នេះ ក្លាយ​ទៅ​ជា​សៅ‌ហ្មង​ឡើយ»។

4. ជន‌ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​ធ្វើ​តាម គឺ​បណ្ដេញ​អ្នក​ទាំង​នោះ​ចេញ​ពី​ជំរំ។ ជន‌ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​ធ្វើ​តាម​សេចក្ដី​ដែល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​ម៉ូសេ។

5. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖

6. «ចូរ​ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល​ដូច​ត​ទៅ:“ប្រសិន​បើ​នរណា​ម្នាក់ ទោះ​បី​ប្រុស ឬ​ស្រី​ក្ដី ប្រព្រឹត្ត​អំពើ​បាប​ណា​មួយ​ចំពោះ​មនុស្ស​ម្នាក់ អ្នក​នោះ​ប្រព្រឹត្ត​ខុស​ចំពោះ​ព្រះ‌អម្ចាស់ និង​ធ្វើ​ឲ្យ​ខ្លួន​ឯង​មាន​ទោស។

7. អ្នក​នោះ​ត្រូវ​តែ​ទទួល​សារភាព​អំពើ​បាប​ដែល​ខ្លួន​បាន​ប្រព្រឹត្ត ហើយ​ប្រគល់​របស់​ដែល​ខ្លួន​យក​មក​ដោយ​ទុច្ចរិត​ទៅ​ម្ចាស់​ដើម​វិញ ទាំង​បង់​ជំងឺ​ចិត្ត​ឲ្យ​គេ​មួយ​ភាគ​ប្រាំ​ផង។

8. ប្រសិន​បើ​ម្ចាស់​ដើម​ស្លាប់ ហើយ​គ្មាន​អ្នក​ស្នង​មត៌ក ដើម្បី​ទទួល​របស់​ដែល​គេ​យក​មក​សង​ទេ ត្រូវ​យក​របស់​នោះ​ទៅ​ថ្វាយ​ព្រះ‌អម្ចាស់ គឺ​ប្រគល់​ជូន​បូជា‌ចារ្យ ទាំង​ថ្វាយ​ចៀម​ឈ្មោល​មួយ ជា​តង្វាយ​លោះ​បាប​ពី​លើ​នោះ​ថែម​ទៀត។

9. អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ជន‌ជាតិ​អ៊ីស្រា‌អែល​ញែក​ពី​តង្វាយ​របស់​ព្រះ‌អម្ចាស់ នឹង​បាន​ជា​កម្មសិទ្ធិ​របស់​បូជា‌ចារ្យ។

10. អ្វីៗ​ដែល​ប្រជា‌ជន​ថ្វាយ​ព្រះ‌អម្ចាស់ នឹង​បាន​ជា​ចំណែក​របស់​ខ្លួន ហើយ​អ្វីៗ​ដែល​គេ​ប្រគល់​ជូន​បូជា‌ចារ្យ នឹង​បាន​ជា​កម្មសិទ្ធិ​របស់​បូជា‌ចារ្យ”»។

11. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖

12. «ចូរ​ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល​ដូច​ត​ទៅ: ប្រសិន​បើ​បុរស​ម្នាក់​មាន​ប្រពន្ធ ហើយ​ប្រពន្ធ​នោះ​ក្បត់​ចិត្ត​ខ្លួន

13. គឺ​រួម​ដំណេក​ជា​មួយ​បុរស​ផ្សេង​មិន​ឲ្យ​ប្ដី​ដឹង។ ប្រសិន​បើ​នាង​ប្រព្រឹត្ត​អំពើ​សៅ‌ហ្មង​នេះ​ដោយ​លួច​លាក់ ឥត​មាន​សាក្សី​ណា​បាន​ឃើញ ឥត​មាន​នរណា​ចាប់​ភស្ដុតាង​បាន​ទេ

14. តែ​ប្ដី​របស់​នាង​មាន​ចិត្ត​ប្រច័ណ្ឌ និង​សង្ស័យ​ថា ប្រពន្ធ​ក្បត់​ចិត្ត​ខ្លួន ទោះ​បី​នាង​បាន​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់ ឬ​មិន​បាន​ប្រព្រឹត្ត

15. ក្នុង​ករណី​ណា​ក៏​ដោយ ប្ដី​ត្រូវ​តែ​នាំ​ប្រពន្ធ​ទៅ​ជួប​បូជា‌ចារ្យ ទាំង​នាំ​យក​ម្សៅ​បី​គីឡូ​ក្រាម ជា​តង្វាយ​សម្រាប់​នាង​ទៅ​ជា​មួយ​ផង។ បុរស​នោះ​មិន​ត្រូវ​ចាក់​ប្រេង ឬ​គ្រឿង​ក្រអូប​លើ​ម្សៅ​ឡើយ ព្រោះ​គ្រាន់​តែ​ជា​តង្វាយ​នៃ​ការ​ប្រច័ណ្ឌ និង​ជា​តង្វាយ​ចង់​ដឹង​ការ​ពិត​អំពី​កំហុស​មួយ។

16. បូជា‌ចារ្យ​ត្រូវ​នាំ​ស្ត្រី​នោះ​ចូល​មក​ជិត ហើយ​ឲ្យ​នាង​ឈរ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់។

17. បូជា‌ចារ្យ​យក​ទឹក​វិសុទ្ធដាក់​ក្នុង​ថូ​ដី រួច​យក​ធូលី​ដី​នៅ​ព្រះ‌ពន្លា​នោះ​ដាក់​ក្នុង​ទឹក។

18. បូជា‌ចារ្យ​ឲ្យ​ស្ត្រី​នោះ​ឈរ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ហើយ​យក​ស្បៃ​ចេញ​ពី​ក្បាល​របស់​នាង។ លោក​ដាក់​តង្វាយ​ចង់​ដឹង​ការ​ពិត​អំពី​កំហុស ជា​តង្វាយ​នៃ​ការ​ប្រច័ណ្ឌ​នោះ ទៅ​ក្នុង​ដៃ​របស់​នាង។ រីឯ​លោក​វិញ លោក​កាន់​ទឹក​សម្បថ ដែល​នាំ​ឲ្យ​ត្រូវ​បណ្ដាសា ក្នុង​ដៃ​របស់​លោក​ផ្ទាល់។

19. បូជា‌ចារ្យ​ប្រាប់​ឲ្យ​នាង​ស្បថ រួច​ពោល​ថា “ប្រសិន​បើ​គ្មាន​បុរស​ផ្សេង​រួម​ដំណេក​ជា​មួយ​នាង ក្នុង​ពេល​នាង​រួម​រស់​ជា​មួយ​ប្ដី ហើយ​ប្រសិន​បើ​នាង​មិន​បាន​ក្បត់​ចិត្ត​ប្ដី ទៅ​ប្រព្រឹត្ត​អំពើ​សៅ‌ហ្មង​ទេ នោះ​សូម​កុំ​ឲ្យ​ទឹក​សម្បថ​នេះ​នាំ​បណ្ដាសា​មក​លើ​នាង​ឡើយ។

20. ផ្ទុយ​ទៅ​វិញ ក្នុង​ពេល​នាង​នៅ​រួម​រស់​ជា​មួយ​ប្ដី នាង​បាន​ក្បត់​ចិត្ត​ប្ដី ទៅ​ប្រព្រឹត្ត​អំពើ​សៅ‌ហ្មង ដោយ​រួម​ដំណេក​ជា​មួយ​ប្រុស​ដទៃ​ក្រៅ​ពី​ប្ដី​របស់​ខ្លួន

21. នោះ​សូម​ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​នាង​ត្រូវ​បណ្ដាសា និង​ទទួល​ទោស តាម​ពាក្យ​ដែល​នាង​បាន​ស្បថ‌ស្បែ សូម​ព្រះ‌អង្គ​ធ្វើ​ឲ្យ​នាង​ក្លាយ​ទៅ​ជា​ស្ត្រី​អារ និង​ធ្វើ​ឲ្យ​នាង​ប៉ោង​ពោះ ហើយ​ប្រជា‌ជន​យក​ឈ្មោះ​នាង​ទៅ​ដាក់​បណ្ដាសា​គ្នា។

ជន‌គណនា 5