12. «ចូរប្រាប់ជនជាតិអ៊ីស្រាអែលដូចតទៅ: ប្រសិនបើបុរសម្នាក់មានប្រពន្ធ ហើយប្រពន្ធនោះក្បត់ចិត្តខ្លួន
13. គឺរួមដំណេកជាមួយបុរសផ្សេងមិនឲ្យប្ដីដឹង។ ប្រសិនបើនាងប្រព្រឹត្តអំពើសៅហ្មងនេះដោយលួចលាក់ ឥតមានសាក្សីណាបានឃើញ ឥតមាននរណាចាប់ភស្ដុតាងបានទេ
14. តែប្ដីរបស់នាងមានចិត្តប្រច័ណ្ឌ និងសង្ស័យថា ប្រពន្ធក្បត់ចិត្តខ្លួន ទោះបីនាងបានប្រព្រឹត្តអំពើផិតក្បត់ ឬមិនបានប្រព្រឹត្ត
15. ក្នុងករណីណាក៏ដោយ ប្ដីត្រូវតែនាំប្រពន្ធទៅជួបបូជាចារ្យ ទាំងនាំយកម្សៅបីគីឡូក្រាម ជាតង្វាយសម្រាប់នាងទៅជាមួយផង។ បុរសនោះមិនត្រូវចាក់ប្រេង ឬគ្រឿងក្រអូបលើម្សៅឡើយ ព្រោះគ្រាន់តែជាតង្វាយនៃការប្រច័ណ្ឌ និងជាតង្វាយចង់ដឹងការពិតអំពីកំហុសមួយ។
16. បូជាចារ្យត្រូវនាំស្ត្រីនោះចូលមកជិត ហើយឲ្យនាងឈរនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់។
17. បូជាចារ្យយកទឹកវិសុទ្ធដាក់ក្នុងថូដី រួចយកធូលីដីនៅព្រះពន្លានោះដាក់ក្នុងទឹក។
18. បូជាចារ្យឲ្យស្ត្រីនោះឈរនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ហើយយកស្បៃចេញពីក្បាលរបស់នាង។ លោកដាក់តង្វាយចង់ដឹងការពិតអំពីកំហុស ជាតង្វាយនៃការប្រច័ណ្ឌនោះ ទៅក្នុងដៃរបស់នាង។ រីឯលោកវិញ លោកកាន់ទឹកសម្បថ ដែលនាំឲ្យត្រូវបណ្ដាសា ក្នុងដៃរបស់លោកផ្ទាល់។