26. ក្រណាត់ដំបូលទីលាន វាំងននទ្វារចូលទីលាន ក្រណាត់នៅជុំវិញព្រះពន្លា និងអាសនៈ ខ្សែសន្ធឹង និងគ្រឿងបរិក្ខារទាំងអស់ដែលប្រើប្រាស់ជាមួយ។ ពួកគេត្រូវបំពេញកិច្ចការទាំងអស់ដែលយើងតម្រូវឲ្យធ្វើ។
27. អើរ៉ុន និងកូនចៅរបស់គាត់ ត្រូវចាត់ចែងឲ្យកូនចៅគើសូនលីសែងសម្ភារៈទាំងអស់ គឺឲ្យពួកគេមើលខុសត្រូវលើរបស់ទាំងប៉ុន្មានដែលខ្លួនត្រូវលីសែង។
28. នេះហើយជាមុខងារដែលអំបូរគើសូនត្រូវបំពេញនៅក្នុងពន្លាជួបព្រះអម្ចាស់ ព្រមទាំងអ្វីៗទាំងអស់ដែលពួកគេមើលថែទាំ ក្រោមបញ្ជារបស់អ៊ីថាម៉ារ ជាកូនរបស់បូជាចារ្យអើរ៉ុន។
29. ចូរជំរឿនកូនចៅម៉្រារី តាមអំបូរ តាមគ្រួសាររបស់ពួកគេ។
30. ត្រូវជំរឿនពួកគេ គិតចាប់ពីអាយុសាមសិបឆ្នាំរហូតដល់ហាសិបឆ្នាំ គឺអស់អ្នកដែលអាចបម្រើការងារនៅក្នុងពន្លាជួបព្រះអម្ចាស់។
31. ចំពោះកិច្ចការដែលពួកគេត្រូវបំពេញនៅក្នុងពន្លាជួបព្រះអម្ចាស់នោះ គឺមើលថែទាំបន្ទះក្ដាររបស់ព្រះពន្លា រនុក សសរ និងជើងសសរ
32. សសរ និងជើងសសរនៅជុំវិញទីលាន ចម្រឹង ខ្សែសន្ធឹង ព្រមទាំងគ្រឿងបរិក្ខារ និងអ្វីៗទាំងអស់ដែលប្រើប្រាស់ជាមួយ។ ត្រូវរាយមុខឈ្មោះរបស់ទាំងនោះ ឲ្យពួកគេមើលថែទាំ។
33. នេះហើយជាមុខងារដែលអំបូរម៉្រារីត្រូវបំពេញ គឺមុខងារទាំងអស់ដែលពួកគេត្រូវបំពេញនៅក្នុងពន្លាជួបព្រះអម្ចាស់ ក្រោមបញ្ជារបស់អ៊ីថាម៉ារ ជាកូនរបស់បូជាចារ្យអើរ៉ុន»។
34. លោកម៉ូសេ លោកអើរ៉ុន និងមេដឹកនាំរបស់សហគមន៍ បានជំរឿនកូនចៅកេហាត់ តាមអំបូរ និងតាមគ្រួសាររបស់ពួកគេ
35. អស់អ្នកដែលមានអាយុពីសាមសិបឆ្នាំរហូតដល់ហាសិបឆ្នាំ ហើយត្រូវបម្រើការងារនៅក្នុងពន្លាជួបព្រះអម្ចាស់
36. ក្នុងអំបូរនេះមានចំនួនទាំងអស់ ២ ៧៥០នាក់។
37. នេះជាចំនួនអស់អ្នកដែលមកពីអំបូរកេហាត់ គឺអស់អ្នកបំពេញមុខងារនៅក្នុងពន្លាជួបព្រះអម្ចាស់។ លោកម៉ូសេ និងលោកអើរ៉ុន បានជំរឿនពួកគេ ស្របតាមបទបញ្ជាដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ។
38. រីឯកូនចៅគើសូនដែលគេបានជំរឿនតាមអំបូរ និងតាមគ្រួសាររបស់ពួកគេ
39. គឺអស់អ្នកដែលមានអាយុពីសាមសិបឆ្នាំរហូតដល់ហាសិបឆ្នាំ ហើយត្រូវបំពេញមុខងារនៅក្នុងពន្លាជួបព្រះអម្ចាស់
40. ក្នុងអំបូរនេះមានចំនួនទាំងអស់ ២ ៦៣០ នាក់។
41. នេះជាចំនួនអស់អ្នកដែលមកពីអំបូរគើសូន គឺអស់អ្នកបំពេញមុខងារនៅក្នុងពន្លាជួបព្រះអម្ចាស់។ លោកម៉ូសេ និងលោកអើរ៉ុនបានជំរឿនពួកគេ ស្របតាមបទបញ្ជាដែលព្រះអម្ចាស់បង្គាប់មក។
42. អស់អ្នកក្នុងអំបូរម៉្រារីដែលគេបានជំរឿនតាមអំបូរ និងតាមគ្រួសាររបស់ពួកគេ
43. គឺអស់អ្នកដែលមានអាយុពីសាមសិបឆ្នាំរហូតដល់ហាសិបឆ្នាំ ហើយត្រូវបំពេញមុខងារនៅក្នុងពន្លាជួបព្រះអម្ចាស់
44. ក្នុងអំបូរនេះមានចំនួនទាំងអស់ ៣ ២០០ នាក់។