17. ព្រះអម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេ និងលោកអើរ៉ុនថា៖
18. «មិនត្រូវដកអំបូរកេហាត់ចេញពីកុលសម្ព័ន្ធលេវីឡើយ។
19. ពេលណាអំបូរកេហាត់ចូលមកជិតទីសក្ការៈបំផុត អើរ៉ុន និងកូនចៅរបស់គាត់ត្រូវចាត់ចែងឲ្យពួកគេបំពេញមុខងារ និងភារកិច្ចរៀងៗខ្លួន ធ្វើដូច្នេះ ពួកគេនឹងរស់រានមានជីវិត ឥតស្លាប់ឡើយ។
20. ពួកគេមិនត្រូវចូលទៅមើលគ្រឿងសក្ការៈជាដាច់ខាត សូម្បីតែមួយភ្លែតក៏មិនបានដែរ ក្រែងលោបាត់បង់ជីវិត»។
21. ព្រះអម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេថា៖
22. «ចូរធ្វើបញ្ជីរាយនាមកូនចៅគើសូន ដោយគិតតាមអំបូរ និងតាមក្រុមគ្រួសាររបស់ពួកគេ។
23. ចូរជំរឿនពួកគេ គិតចាប់ពីអាយុសាមសិបឆ្នាំរហូតដល់ហាសិបឆ្នាំ គឺអស់អ្នកដែលអាចបម្រើការងារនៅក្នុងពន្លាជួបព្រះអម្ចាស់។
24. អំបូរគើសូនមានភារកិច្ចលីសែងគ្រឿងសម្ភារៈដូចតទៅ:
25. ពួកគេត្រូវសែងក្រណាត់ព្រះពន្លា និងក្រណាត់ពន្លាជួបព្រះអម្ចាស់ ក្រណាត់សម្រាប់គ្របពីលើ និងស្បែកផ្សោតសម្រាប់រុំ ព្រមទាំងវាំងនននៅខាងមុខពន្លាជួបព្រះអម្ចាស់
26. ក្រណាត់ដំបូលទីលាន វាំងននទ្វារចូលទីលាន ក្រណាត់នៅជុំវិញព្រះពន្លា និងអាសនៈ ខ្សែសន្ធឹង និងគ្រឿងបរិក្ខារទាំងអស់ដែលប្រើប្រាស់ជាមួយ។ ពួកគេត្រូវបំពេញកិច្ចការទាំងអស់ដែលយើងតម្រូវឲ្យធ្វើ។
27. អើរ៉ុន និងកូនចៅរបស់គាត់ ត្រូវចាត់ចែងឲ្យកូនចៅគើសូនលីសែងសម្ភារៈទាំងអស់ គឺឲ្យពួកគេមើលខុសត្រូវលើរបស់ទាំងប៉ុន្មានដែលខ្លួនត្រូវលីសែង។
28. នេះហើយជាមុខងារដែលអំបូរគើសូនត្រូវបំពេញនៅក្នុងពន្លាជួបព្រះអម្ចាស់ ព្រមទាំងអ្វីៗទាំងអស់ដែលពួកគេមើលថែទាំ ក្រោមបញ្ជារបស់អ៊ីថាម៉ារ ជាកូនរបស់បូជាចារ្យអើរ៉ុន។
29. ចូរជំរឿនកូនចៅម៉្រារី តាមអំបូរ តាមគ្រួសាររបស់ពួកគេ។
30. ត្រូវជំរឿនពួកគេ គិតចាប់ពីអាយុសាមសិបឆ្នាំរហូតដល់ហាសិបឆ្នាំ គឺអស់អ្នកដែលអាចបម្រើការងារនៅក្នុងពន្លាជួបព្រះអម្ចាស់។
31. ចំពោះកិច្ចការដែលពួកគេត្រូវបំពេញនៅក្នុងពន្លាជួបព្រះអម្ចាស់នោះ គឺមើលថែទាំបន្ទះក្ដាររបស់ព្រះពន្លា រនុក សសរ និងជើងសសរ
32. សសរ និងជើងសសរនៅជុំវិញទីលាន ចម្រឹង ខ្សែសន្ធឹង ព្រមទាំងគ្រឿងបរិក្ខារ និងអ្វីៗទាំងអស់ដែលប្រើប្រាស់ជាមួយ។ ត្រូវរាយមុខឈ្មោះរបស់ទាំងនោះ ឲ្យពួកគេមើលថែទាំ។