1. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេ និងលោកអើរ៉ុនថា៖
2. «ក្នុងចំណោមកូនចៅលេវី ត្រូវធ្វើបញ្ជីរាយនាមកូនចៅកេហាត់ ដោយគិតតាមអំបូរ និងតាមក្រុមគ្រួសាររបស់ពួកគេ
3. ហើយគិតចាប់ពីអាយុសាមសិបឆ្នាំរហូតដល់ហាសិបឆ្នាំ គឺអស់អ្នកដែលត្រូវបម្រើការងារនៅក្នុងពន្លាជួបព្រះអម្ចាស់។
4. កូនចៅកេហាត់បំពេញមុខងារក្នុងពន្លាជួបព្រះអម្ចាស់ គឺពួកគេមើលខុសត្រូវលើវត្ថុដ៏សក្ការៈបំផុត។
5. ពេលជនជាតិអ៊ីស្រាអែលត្រូវចេញដំណើរ អើរ៉ុន និងកូនចៅរបស់គាត់ ត្រូវដោះវាំងននដែលខណ្ឌទីសក្ការៈបំផុត
6. យកទៅគ្របលើហិបនៃសន្ធិសញ្ញា។ បន្ទាប់មក ពួកគេយកស្បែកផ្សោតគ្របពីលើ ហើយយកក្រណាត់ពណ៌ស្វាយមករុំពីលើមួយជាន់ទៀត រួចទើបស៊កឈើសម្រាប់សែង។
7. ពួកគេត្រូវយកក្រណាត់ពណ៌ស្វាយមកក្រាលលើតុសម្រាប់តម្កល់នំប៉័ង រួចយកចាន ពែង ចានគោម ព្រមទាំងថូសម្រាប់ធ្វើពិធីច្រួចស្រា មកដាក់ពីលើ។ រីឯនំប៉័ងស្ថិតនៅលើតុនោះស្រាប់។
8. បន្ទាប់មក ពួកគេក្រាលក្រណាត់ពណ៌ក្រហមទុំពីលើរបស់ទាំងនោះ ហើយយកស្បែកផ្សោតមករុំពីលើ រួចស៊កឈើសម្រាប់សែង។
9. ពួកគេត្រូវយកក្រណាត់ពណ៌ស្វាយមករុំជើងចង្កៀងសម្រាប់បំភ្លឺ ចង្កៀង ឃ្នាបប្រឆេះ ភាជន៍ដាក់កម្ទេច និងដបប្រេងទាំងប៉ុន្មាន សម្រាប់ដុតចង្កៀងនោះ
10. ហើយយកស្បែកផ្សោតមកខ្ចប់រួមជាមួយគ្រឿងបរិក្ខារទាំងប៉ុន្មាន ដែលត្រូវប្រើជាមួយរបស់ទាំងនោះ រួចយកទៅដាក់នៅលើប្រដាប់សម្រាប់សែង។
11. ពួកគេត្រូវយកក្រណាត់ពណ៌ស្វាយក្រាលលើអាសនៈមាស ហើយយកស្បែកផ្សោតមករុំពីលើ រួចស៊កឈើសម្រាប់សែង។
12. ពួកគេត្រូវយកគ្រឿងបរិក្ខារទាំងប៉ុន្មានដែលប្រើប្រាស់ក្នុងទីសក្ការៈ មកខ្ចប់ក្នុងក្រណាត់ពណ៌ស្វាយមួយ ហើយយកស្បែកផ្សោតមករុំពីលើ រួចដាក់លើប្រដាប់សម្រាប់ស្នែង។
13. ពួកគេត្រូវយកផេះចេញពីអាសនៈ ហើយយកក្រណាត់ពណ៌ក្រហមក្រាលពីលើអាសនៈនោះ។
14. បន្ទាប់មក ត្រូវយកគ្រឿងបរិក្ខារទាំងប៉ុន្មាន ដែលប្រើប្រាស់ជាមួយអាសនៈនោះ គឺមានភាជន៍ដាក់រងើកភ្លើង សម ប្រដាប់ចូក ផើង និងគ្រឿងបរិក្ខារទាំងប៉ុន្មានទៀតសម្រាប់អាសនៈ ដាក់ពីលើអាសនៈ ហើយយកស្បែកផ្សោតមករុំ រួចស៊កឈើសម្រាប់សែង។