4. លុះដល់ឆ្នាំមេត្តាករុណា សម្រាប់ជនជាតិអ៊ីស្រាអែល ទឹកដីរបស់ពួកនាងនឹងត្រូវកាត់ចេញពីចំណែកមត៌កកុលសម្ព័ន្ធដូនតារបស់យើងខ្ញុំ យកទៅបញ្ចូលក្នុងទឹកដីកុលសម្ព័ន្ធប្ដីរបស់នាង»។
5. លោកម៉ូសេនាំយកព្រះបន្ទូលដែលព្រះអម្ចាស់បានបង្គាប់មក ទៅប្រាប់ជនជាតិអ៊ីស្រាអែលដូចតទៅ៖
6. «កុលសម្ព័ន្ធដែលជាកូនចៅយ៉ូសែបនិយាយត្រូវមែន។ ព្រះអម្ចាស់បង្គាប់មកកូនស្រីរបស់លោកស្លូផិហាតថា: ពួកនាងអាចរៀបការជាមួយនរណាក៏បាន ឲ្យតែរៀបការនឹងបុរសដែលមកពីអំបូរមួយ ក្នុងកុលសម្ព័ន្ធរបស់ឪពុកនាង។
7. ធ្វើដូច្នេះ ទឹកដីជាចំណែកមត៌ករបស់ជនជាតិអ៊ីស្រាអែល មិនត្រូវផ្ទេរពីកុលសម្ព័ន្ធមួយទៅកុលសម្ព័ន្ធមួយទៀតឡើយ តែជនជាតិអ៊ីស្រាអែលម្នាក់ៗត្រូវរក្សាទឹកដីទុក នៅក្នុងកុលសម្ព័ន្ធរបស់ឪពុកខ្លួន។
8. កូនស្រីទាំងអស់ដែលទទួលចំណែកមត៌ក ក្នុងកុលសម្ព័ន្ធនានានៃជនជាតិអ៊ីស្រាអែល ត្រូវរៀបការជាមួយបុរសដែលមកពីអំបូរមួយក្នុងកុលសម្ព័ន្ធរបស់ឪពុកនាង ដើម្បីឲ្យជនជាតិអ៊ីស្រាអែលនីមួយៗគ្រងមត៌កឪពុករបស់ខ្លួន។
9. ទឹកដីជាចំណែកមត៌ករបស់ជនជាតិអ៊ីស្រាអែល មិនត្រូវផ្ទេរពីកុលសម្ព័ន្ធមួយទៅកុលសម្ព័ន្ធមួយទៀតឡើយ តែកុលសម្ព័ន្ធនីមួយៗនៃជនជាតិអ៊ីស្រាអែល ត្រូវរក្សាទឹកដីដែលជាមត៌ករបស់ខ្លួន»។
10. កូនស្រីរបស់លោកស្លូផិហាតក៏នាំគ្នាធ្វើតាមព្រះបន្ទូល ដែលព្រះអម្ចាស់បានបង្គាប់មកលោកម៉ូសេ។
11. នាងម័សឡា ធើសា ហុកឡា មីលកា និងណូហា បានរៀបការជាមួយបងប្អូនជីដូនមួយរបស់ខ្លួន។
12. ពួកគេបានរៀបការនឹងបុរសមកពីអំបូរកូនចៅលោកម៉ាណាសេ ជាកូនរបស់លោកយ៉ូសែប។ ដូច្នេះ ទឹកដីដែលជាចំណែកមត៌ករបស់ពួកគេ ស្ថិតនៅក្នុងអំបូរនៃកុលសម្ព័ន្ធរបស់ឪពុកនាង។
13. នេះជាបទបញ្ជា និងវិន័យផ្សេងៗដែលព្រះអម្ចាស់បានបង្គាប់មកជនជាតិអ៊ីស្រាអែល តាមរយៈលោកម៉ូសេ នៅវាលទំនាបស្រុកម៉ូអាប់ ក្បែរទន្លេយ័រដាន់ ទល់មុខនឹងក្រុងយេរីខូ។