9. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖
10. «ចូរប្រាប់កូនចៅអ៊ីស្រាអែលដូចតទៅ: ពេលណាអ្នករាល់គ្នាឆ្លងទន្លេយ័រដាន់ ចូលទៅក្នុងស្រុកកាណានរួចហើយ
11. ចូរជ្រើសរើសយកក្រុងខ្លះធ្វើក្រុងជម្រក សម្រាប់ឲ្យអ្នកដែលសម្លាប់គេដោយអចេតនា រត់មកជ្រកកោន។
12. ក្រុងទាំងនោះជាជម្រកការពារអ្នករាល់គ្នា ឲ្យរួចពីអ្នកដែលមានសិទ្ធិសងសឹក។ ធ្វើដូច្នេះ អ្នកសងសឹកមិនប្រហារជីវិតអ្នកដែលសម្លាប់គេមុនពេលសហគមន៍កាត់ក្ដីឡើយ។
13. ក្នុងចំណោមក្រុងដែលអ្នករាល់គ្នាប្រគល់ឲ្យពួកលេវីនោះ ត្រូវយកក្រុងប្រាំមួយធ្វើជាក្រុងជម្រក។
14. ក្រុងជម្រកបីត្រូវស្ថិតនៅខាងកើតទន្លេយ័រដាន់ ក្រុងបីទៀតនៅក្នុងស្រុកកាណាន។
15. ប្រសិនបើជនជាតិអ៊ីស្រាអែល ឬជនបរទេសដែលស្នាក់នៅជាបណ្ដោះអាសន្នជាមួយអ្នករាល់គ្នា បានសម្លាប់នរណាម្នាក់ ដោយអចេតនា គេអាចរត់មកជ្រកកោនក្នុងក្រុងទាំងប្រាំមួយនេះ។
16. ប្រសិនបើបុរសម្នាក់យករបស់អ្វីមួយធ្វើពីដែក វាយអ្នកដទៃរហូតដល់ស្លាប់ អ្នកនោះជាឃាតក ហើយឃាតកត្រូវទទួលទោសប្រហារជីវិត។